ព័ត៌មានទាន់ហេតុការណ៍៖

មេខ្លោងចែកចាយថ្នាំញៀន២នាក់ប្ដីប្រពន្ធនៅកោះកុងត្រូវជាប់ខ្នោះសមត្ថកិច្ច

ចែករំលែក៖

ខេត្តកោះកុង ៖ មុខសញ្ញាចែកចាយគ្រឿងញៀន២នាក់ប្តីប្រពន្ធនៅក្នុងខេត្តកោះកុងត្រូវបានកម្លាំងនគរបាលស្រុកមណ្ឌលសីមាសហការជាមួយកម្លាំងនគរបាលការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តឃាត់ខ្លួនហើយបានរកឃើញថ្នាំញៀនជាច្រើន។

ករណីឃាត់ខ្លួនជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើនេះបានធ្វើឡើងកាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦ ស្ថិតនៅ ភូមិនាងកុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមាខេត្តកោះកុង។

ជនសង្ស័យ២នាក់ប្តីប្រពន្ធដែលត្រូវបានសមត្ថកិច្ចឃាត់ខ្លួនប្តីឈ្មោះ ស៊ុយ ឡូញ អាយុ៥០ឆ្នាំ មានទីលំនៅ ភូមិនាង កុក ឃុំប៉ាក់ខ្លង ស្រុកមណ្ឌលសីមា និង ប្រពន្ធឈ្មោះ សៅ ថុនា អាយុ ៤៦ឆ្នាំ ។

ជាមួយការឃាត់ខ្លួន២នាក់ប្តីប្រពន្ធខាងលើសមត្ថកិច្ចបានរឹបអូសថ្នាំញៀនប្រភេទម៉ាទឹកកកមានទម្ងន់ចំនួន៨១,៧៥ក្រាមនិងថ្នាំញៀនប្រភេទយ៉ាម៉ាចំនួន៥២០គ្រាប់។

លោក យឹម ផេង ស្នងការរងទទួលបន្ទុកការិយាល័យប្រឆាំងគ្រឿងញៀននៃស្នងការដ្ឋាននគរបាលខេត្តកោះកុងបានឲ្យដឹងថា មុននឹងឃាត់ខ្លួនជនសង្ស័យ២នាក់ប្តីប្រពន្ធនេះ សមត្ថកិច្ចបានស៊ើបសង្កេតជាយូរមកហើយទើបឈានដល់ឃាត់ខ្លួន និងរឹបអូសវត្ថុតាងជាក់ស្តែងតែម្តង។

បច្ចុប្បន្នជនសង្ស័យទាំង២នាក់ប្តីប្រពន្ធខាងលើរួមនឹងវត្ថុតាងត្រូវកម្លាំងសមត្ថកិច្ចជំនាញរៀបចំកសាងសំណុំរឿងដើម្បីបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្តតាមនីតិវិធី៕ សហការី

1114


ចែករំលែក៖