ខេត្តបាត់ដំបង ៖ សាកសពបុរសម្នាក់ អណ្តែតទឹកក្នុងអាងកំពីងពួយត្រូវបានប្រជាពលរដ្ឋប្រទះឃើញស្លាប់យ៉ាងអាណោច អាធ័មកាលពីវេលាម៉ោង១រសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅចំណុចទួលស្វាយកំណប់ ស្ថិតនៅភូមិតាង៉ែន ឃុំតាគ្រាម ស្រុកបាណន់ ខេត្តបាត់ដំបង។
មន្ត្រីនគរបាលស្រុកបាណន់បានឲ្យដឹងថា ជនរងគ្រោះដែលស្លាប់ ឈ្មោះ ទុន គុណ អាយុ៤៤ឆ្នាំ ជាអ្នកមកស្នាក់នៅរកត្រីនៅ អាងកំពីងពួយ រស់នៅភូមិបឹងទឹម ឃុំតាប៉ុន ស្រុកសង្កែ ខេត្តបាត់ដំបង។
តាមប្រភពនៅកន្លែងកើតហេតុបាន បញ្ជាក់ថា មានបុរសម្នាក់ឈ្មោះ ហំ សារឹម ភេទប្រុស អាយុ៤១ឆ្នាំ បានជិះទូកទៅដាក់មង ស្រាប់តែប្រទះឃើញសាកសពជនរងគ្រោះខាងលើអណ្តែតទឹក នៅកន្លែងកើតហេតុបង្កឲ្យមានការភ្ញាក់ផ្អើល ហើយក៏រាយការណ៍ទៅសមត្ថកិច្ចចុះត្រួតពិនិត្យ ។
ប្រភពពីក្រុមគ្រួសារជនរងគ្រោះបានឲ្យដឹងដែរថា ជនរងគ្រោះបានរត់ចេញពីផ្ទះកាលពីវេលាម៉ោង៣ទៀបភ្លឺ នៅថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០១៦។ ជនរងគ្រោះមានជំងឺសរសៃប្រសាទមានអាការៈប្រកាច់ញឹកញាប់។
មន្ត្រីនគរបាលជំនាញសន្និដ្ឋានថា ជន រងគ្រោះស្លាប់ដោយសារលង់ទឹកពិតប្រាកដមែនពុំពាក់ព័ន្ធអំពើឃាតកម្មនោះទេ។
បច្ចុប្បន្នសាកសពជនរងគ្រោះ ត្រូវបានក្រុមគ្រួសារយកទៅចាត់ចែងរៀបចំធ្វើបុណ្យ តាមប្រពៃណី៕ សហការី