ព័ត៌មានទាន់ហេតុការណ៍៖

ម៉ូតូសាន់យ៉ាន់បុកម៉ូតូស្គូពីលើផ្លូវជាតិលេខ១របួសធ្ងន់ទាំងសងខាង

ចែករំលែក៖

ខេត្តស្វាយរៀង ៖ បុរស២នាក់រងរបួសបែកក្បាលហូរឈាមប្រឡាក់ជោកខ្លួនលើកំណាត់ផ្លូវជាតិលេខ១កាលពីវេលាម៉ោង៤និង៤០នាទីរសៀល ថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ស្ថិតនៅក្នុងភូមិតាបឹប សង្កាត់ បាវិត ក្រុងបាវិត ខេត្តស្វាយរៀង។

សមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យ ដឹងថា ភាគីម៉ូតូបង្កហេតុមានឈ្មោះខេង សម្ផស្ស ភេទប្រុស អាយុ៣១ឆ្នាំ មានទីលំ នៅភូមិតាពៅ សង្កាត់-ក្រុងបាវិត ។ រីឯ ភាគីរងគ្រោះមានឈ្មោះ ឡឹក ចាន់ណា ភេទប្រុស អាយុ៣៥ឆ្នាំ រស់ក្នុងភូមិព្រៃផ្ដៅ សង្កាត់ច្រកម្ទេស ក្រុងបាវិត។

សមត្ថកិច្ចបានឲ្យដឹងទៀតថា មុនពេល កើតហេតុបានគេឃើញឈ្មោះខេង សម្ផស្ស បើកម៉ូតូ១គ្រឿងម៉ាក សាន់យ៉ាន់ ពណ៌ខៀវ គ្មានស្លាកលេខ ដោយធ្វើដំណើរពីទិសខាងលិចទៅទិសខាងកើតក្នុងល្បឿនលឿន ។ លុះមកដល់ចំណុចកើតហេតុខាងលើក៏ទៅបុកនឹងម៉ូតូម៉ាកហុងដាស្គូពីពណ៌ស ពាក់ស្លាកលេខស្វាយរៀង 1A-1971 បើក បរដោយឈ្មោះឡឹក ចាន់ណា ពេញទំហឹងបណ្ដាលឲ្យដួលរដូករណែលពេញផ្លូវត្រូវបានអ្នកភូមិរាយការណ៍ទៅសមត្ថកិច្ចមកដឹកភាគីទាំងសងខាងទៅមន្ទីរពេទ្យដើម្បីព្យាបាល ។ ប៉ុន្តែបុរសទាំង២នាក់នោះរងរបួសធ្ងន់ពេកត្រូវបានបញ្ជូនបន្តទៅព្យាបាលនៅប្រទេសវៀតណាម ។

ក្រោយកើតហេតុបន្ទាប់ពីវាស់វែងរួចសមត្ថកិច្ចបានអូសម៉ូតូទាំង២គ្រឿងយកទៅរក្សាទុកនៅប៉ុស្ដិ៍នគរបាលរដ្ឋបាលក្រុងបាវិតដើម្បីរង់ចាំដោះស្រាយគ្នានៅពេលក្រោយ៕ យឹម សុថាន

3 1 2


ចែករំលែក៖