ខេត្តកណ្តាលៈ ជនល្មើសម្នាក់មានរក្សាទុកគ្រឿងញៀននៅជាប់ខ្លួន ឈរចាំមូយមកយក ក៏ត្រូវសមត្ថកិច្ចនគរបាលល្បាតប្រទះឃើញចាប់ខ្លួន ឈានដល់ឆែកឆេបន្ទប់ផ្ទះសំណាក់យីហោ “ឡាលីន” ដែលជាកន្លែងជួលស្នាក់នៅរបស់ជនល្មើសរឹបអូសថ្នាំញៀនសរុបចំនួន៤កញ្ចប់ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។ ករណីឃាត់ខ្លួនជនល្មើសធ្វើឡើង កាលពីវេលាម៉ោង២១ និង០០នាទី ថ្ងៃតី០៥ ខែតុលា ឆ្នាំ២០១៦ តាមបណ្តោយផ្លូវជាតិលេខ២ ត្រង់ចំណុចខាងមុខមន្ទីរពេទ្យជ័យជំនះក្រុងតាខ្មៅ ស្ថិតក្នុងភូមិក្រពើហារ សង្កាត់ព្រែកឬស្សី ក្រុងតាខ្មៅ ខេត្តកណ្តាល ។
មន្ត្រីនគរបាលក្រុងតាខ្មៅបានឲ្យដឹងថា ជនសង្ស័យឈ្មោះ មាស សុផាត ភេទប្រុស អាយុ៣៤ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាពៅ សង្កាត់ដើមមៀន ក្រុងតាខ្មៅ ។ ក្នុងប្រតិបត្តិការបង្ក្រាបឃាត់ខ្លួនជនល្មើសរូបនេះ សមត្ថកិច្ចរឹបអូសថ្នាំញៀនប្រភេទមេតំហ្វេតមីន ហៅម៉ាទឹកកកចំនួន០៤កញ្ចប់ (តូច០៣-ធំ០១) ,សម្ភារៈវេចខ្ចប់និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ។
ប្រភពដដែលបន្តថា នៅវេលាយប់ថ្ងៃទី០៥ ខែតុលា ឆ្នាំ២០១៦ សមត្ថកិច្ចនគរបាលសការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល ចេញល្បាតនៅក្នុងភូមិសាស្ត្រក្រុងតាខ្មៅ ខណៈល្បាតដល់ចំណុចមន្ទីរពេទ្យជ័យជំនះក៏ប្រទះឃើញជនល្មើសរូបនេះឈរម្នាក់ឯងនៅក្បែរចិញ្ចើមផ្លូវជាតិលេខ២ ដោយមានការសង្ស័យសមត្ថកិច្ចបានធ្វើការត្រួតពិនិត្យលើខ្លួនប្រាណជនល្មើស រកឃើញមានវត្ថុតាងថ្នាំញៀន២កញ្ចប់ ។ ក្រោយពីសាកសួរបឋមសសមត្ថកិច្ចបានឈានទៅដល់ឆែកឆេរបន្ទប់ផ្ទះសំណាក់យីហោ “ឡាលីន” តាមការឯកភាពពីលោក លឹម សុគន្ថា ព្រះរាជអាជ្ញា អមសាលាដំបូងខេត្តកណ្តាល ។ ជាលទ្ធផលសមត្ថកិច្ចរកឃើញថ្នាំញៀនចំនួណ២កញ្ចប់ ,សម្ភារៈវេចខ្ចប់ និងឧបករណ៍សម្រាប់សេពគ្រឿងញៀនមួយចំនួនទៀត ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ។
នៅចំពោះមុខសមត្ថកិច្ចនគរបាល ជនសង្ស័យឈ្មោះ មាស សុផាត បានសារភាពប្រាប់ថា ថ្នាំញៀនខាងលើនេះរូបគេបានទិញពីបុរសម្នាក់មិនស្គាល់អត្តសញ្ញាណ នៅម្តុំឡឥដ្ឋចាក់អង្រែក្រោម ក្នុងតម្លៃ៨ម៉ឺនរៀល ដើម្បីយកមកធ្វើសកម្មភាពជួញដូរបន្តទៅឲ្យអ្នកប្រើប្រាស់ ៕ ស្អាងជ័យ