ភ្នំពេញ៖ ក្រសួងធនធានទឹកនិងឧតុ និយមបានឲ្យដឹងកាលពីថ្ងៃទី៥ ខែតុលា ថាដោយសារមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នានឹងធ្វើឲ្យខេត្ដមួយចំនួនរបស់កម្ពុជាប្រឈមនឹងជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី៩ដល់ថ្ងៃ ទី១៣ ខែតុលា ឆ្នាំ២០១៦។
ក្រសួងនេះបានព្យាករថាខ្យល់មូសុង និរតីបាននិងកំពុងបន្តឥទ្ធិពលលើព្រះរាជាណាចក្រកម្ពុជា។ ប្រព័ន្ធសម្ពាធទាបបន្ត អូសកាត់លើភាគខាងជើងប្រទេសកម្ពុជា បណ្ដាលឲ្យតំបន់វាលទំនាប និងខ្ពង់រាប មានភ្លៀងធ្លាក់រាយប៉ាយក្នុងបរិមាណពី មធ្យមទៅច្រើន។ ចំណែកតំបន់មាត់សមុទ្រ អាចនឹងមានភ្លៀងធ្លាក់ពីមធ្យមទៅបង្គួរ។
ក្នុងនោះក្រសួងធនធានទឹកក៏បាន ប្រកាសអាសន្នផងដែរសម្រាប់ខេត្តរតន គិរី ខេត្តមណ្ឌលគិរី ខេត្តព្រះវិហារ ខេត្តឧត្តរ មានជ័យ ខេត្តកំពង់ធំ ខេត្តកំពង់ស្ពឺ និង មួយផ្នែកនៃខេត្តបន្ទាយមានជ័យ ខេត្តសៀមរាប និងខេត្តបាត់ដំបង អាចនឹងមានភ្លៀងធ្លាក់ច្រើនជាប់ៗគ្នានឹងបង្កឲ្យមាន ជំនន់ទឹកភ្លៀងចាប់ពីថ្ងៃទី៩ ដល់ថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ ៕ សហការី