ព័ត៌មានទាន់ហេតុការណ៍៖

សកម្មភាពទន្ទ្រានកាន់កាប់ព្រៃកោងកាងនៅស្រុកទឹកឈូ ខេត្តកំពតកាន់តែកើនឡើង

ចែករំលែក៖

ខេត្តកំពត៖ ប្រជាពលរដ្ឋរស់នៅក្នុងឃុំជុំក្រៀល ស្រុកទឹកឈូ ខេត្តកំពត បានឲ្យដឹងថា មួយរយៈពេលកន្លងទៅនេះបទល្មើសបំផ្លាញព្រៃកោងកាងដែលជាជម្រកត្រីសមុទ្រពងកូនកំពុងកើតឡើងយ៉ាងអនាធិបតេយ្យ ហើយមិនទាន់ឃើញមានមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរ ចាត់វិធានការទប់ស្កាត់នោះទេ។ ប្រជាពលរដ្ឋបានរិះគន់ថា លោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ហាក់ដូចជាសម្ងំស្ងៀមធ្វើមិនដឹងមិនឮ ក្នុងខណៈដែលបទល្មើសបំផ្លាញព្រៃកោងកាងកំពុងកើតឡើងយ៉ាងរាលដាលរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះ។ ហេតុនេះហើយទើបប្រជាពលរដ្ឋអំពាវនាវឲ្យក្រសួងនិងស្ថាប័នពាក់ព័ន្ធ ពិនិត្យមើលករណីនេះជាបន្ទាន់ ព្រោះពួកគាត់សង្ស័យថាមន្ត្រីជំនាញ និងមន្ត្រីអាជ្ញាធរស្រុកទឹកឈូ គឺជាអ្នកឃុបឃិតបើកដៃឲ្យមានបទល្មើស។

សេចក្ដីរាយការណ៍ពីប្រជាពលរដ្ឋភូមិជុំក្រៀល បានឲ្យដឹងថា រយៈពេលប៉ុន្មានថ្ងៃក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ ស្រាប់តែបទល្មើសទន្ទ្រានកាន់កាប់ដីព្រៃកោងកាងជម្រកត្រីសមុទ្រពងកូនកំពុងរាលដាលគួរឲ្យព្រួយបារម្ភ។ ប្រជាពលរដ្ឋបានឲ្យដឹងទៀតថា ព្រៃកោងកាងជាច្រើនហិកតាតាមបណ្ដោយឆ្នេរព្រែកក្នុងភូមិជុំក្រៀល ឃុំជុំក្រៀល ស្រុកទឹកឈូ ត្រូវក្រុមអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានបោះបង្គោលព័ទ្ធយកធ្វើជាកម្មសិទ្ធិយ៉ាងអនាធិបតេយ្យ។ ចំណែកអភិបាលស្រុកទឹកឈូ លោក អ៊ុក ឡាយ ក៏ដូចជាអភិបាលខេត្តកំពត លោក ចាន់ ចេស្ដា បានរក្សាភាពស្ងៀមស្ងាត់ពុំមានវិធានការទប់ស្កាត់ឡើយ។ ហេតុនេះហើយទើបប្រជាពលរដ្ឋព្រួយបារម្ភពីមហន្តរាយព្រៃកោងកាងតាមបណ្ដោយឆ្នេរព្រែកក្នុងភូមិជុំក្រៀល ប្រសិនបើមន្ត្រីអាជ្ញាធរ និងសមត្ថកិច្ចពាក់ព័ន្ធមិនចាត់វិធានការទប់ស្កាត់ឲ្យបានទាន់ពេលវេលា។

មន្ត្រីអង្គការសង្គមស៊ីវិលក្នុងខេត្តកំពត បានឲ្យដឹងថា ដីព្រៃកោងកាងបណ្ដោយឆ្នេរព្រែកភូមិជុំក្រៀល ត្រូវបានអ្នកមានលុយ អ្នកមានអំណាច ប៉ុនប៉ងទន្ទ្រានកាន់កាប់ច្រើនលើកមកហើយ ប៉ុន្តែមន្ត្រីអាជ្ញាធរ និងមន្ត្រីជំនាញ ចាត់វិធានការទប់ស្កាត់ទាន់ពេលដោយមានលើកស្លាកហាមឃាត់ទៀតផង។ ក៏ប៉ុន្តែរយៈពេលប៉ុន្មានថ្ងៃកន្លងទៅនេះសកម្មភាពទន្ទ្រានកាន់កាប់ដីព្រៃកោងកាងតាមបណ្ដោយឆ្នេរព្រែកភូមិជុំក្រៀល ឃុំជុំក្រៀល កំពុងកក្រើកឡើងវិញ ហើយមន្ត្រីជំនាញនិងមន្ត្រីអាជ្ញាធរ មិនទាន់ចាត់វិធានការទប់សា្កត់នៅឡើយទេ។ ជុំវិញបញ្ហានេះដែរប្រជាពលរដ្ឋបានអំពាវនាវឲ្យលោក ចាន់ ចេស្ដា អភិបាលខេត្តកំពត ចាត់វិធានការទប់ស្កាត់ជាបន្ទាន់ ដើម្បីធ្វើយ៉ាងណាកុំឲ្យអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់ដីព្រៃកោងកាងតាមបណ្ដោយឆ្នេរព្រែកភូមិជុំក្រៀល ឃុំជុំក្រៀល ស្រេចតែអំពើចិត្តទៀតព្រោះបច្ចុប្បន្នដីព្រៃកោងកាងជាច្រើនហិកតាកំពុងត្រូវអ្នកមានលុយ អ្នកមានអំណាច ទន្ទ្រានកាន់កាប់ដោយគ្មានញញើតអ្វីទាំងអស់ ។

ពាក់ព័ន្ធនឹងករណីនេះ អភិបាលស្រុកទឹកឈូ លោក អ៊ុក ឡាយ ថ្លែងទាំងរអាក់រអួលថា លោកមិនដឹងករណីកាប់ព្រៃកោងកាងនោះនៅឡើយទេ ព្រោះអាជ្ញាធរមូលដ្ឋានមិនបានរាយការណ៍ ។ យ៉ាងណាក្តី លោករំពឹងថា អាជ្ញាធរឃុំ នឹងដឹងរឿងនេះ ហើយរាយការណ៍បន្តមកថ្នាក់លើ ។

លោក ស សូរិន្ទ នាយខណ្ឌរដ្ឋបាលជលផលកំពតទទួលស្គាល់ថា ពិតជាមានសកម្មភាពកាប់បំផ្លាញព្រៃកោងកាងដែលជាតំបន់ត្រូវការពារនោះមែន តែមិនស្ថិតនៅក្នុងដែនសមត្ថកិច្ចរបស់លោកទេ គឺស្ថិតក្នុងដែនសមត្ថកិច្ចរបស់មន្ទីរបរិស្ថាន ។

លោក ស៊ុយ ធា ប្រធានមន្ទីរបរិស្ថានខេត្តកំពត មិនអាចសុំការបំភ្លឺបានទេ ។

ប្រជាពលរដ្ឋខេត្តកំពតកត់សម្គាល់ថា តាំងពីលោក ចាន់ ចេស្តា ឡើងធ្វើជាអភិបាលខេត្តបទល្មើសពាក់ព័ន្ធទៅនឹងវិស័យធនធានធម្មជាតិ មានការកើនឡើងគួរឲ្យកត់សម្គាល់ ជាពិសេសការកាប់បំផ្លាញព្រៃលិចទឹក ក៏ដូចជាបញ្ហាសំណង់អនាធិបតេយ្យកើតឡើងព្រោងព្រាត ៕ ហេង សូរិយា

ses 2513 1302 10_05_2016_10_23_313

 


ចែករំលែក៖