ភ្នំពេញៈ បញ្ហាសំណង់អត់ ច្បាប់ដែលកើតមាននៅក្នុងមូលដ្ឋានខណ្ឌច្បារអំពៅ ត្រូវបានលោកអភិបាលខណ្ឌលើកជាប្រធានបទក្តៅនៅក្នុងកិច្ចប្រជុំគណៈបញ្ជាការឯកភាពខណ្ឌច្បារអំពៅកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ដោយមានការចូលរួមពីលោកអភិបាលរងខណ្ឌទទួលបន្ទុកជំនាញផ្សេងៗចំនួន៤រូប , លោកអធិការនគរបាលខណ្ឌ , មេបញ្ជាការកងរាជអាវុធហត្ថខណ្ឌ,លោក-លោកស្រីជាចៅ សង្កាត់ទាំង៨ និងមន្ត្រីក្រុម ការងារជាច្រើននាក់ទៀត ។
កិច្ចប្រជុំនេះផ្តោតសំខាន់ ទៅលើការងារគ្រប់គ្រងសំណង់នៅក្នុងបុរី, សំណង់ផ្ទះល្វែង និងសំណង់សាធារណៈផ្សេងនៅក្នុងសង្កាត់ទាំង៨ ជាពិសេសនៅតាមសង្កាត់ដែលមានភូមិសាស្ត្រជាប់ទន្លេមេគង្គក្រោម និងទន្លេបាសាក់ ។
ថ្លែងនៅក្នុងកិច្ចប្រជុំលោក អ៊ាង ស៊ីផាន អភិបាល ខណ្ឌច្បារអំពៅបានបញ្ជាក់ដោយម៉ឺងម៉ាត់ថា មួយរយៈកន្លងទៅនេះបញ្ហាសំណង់អត់ច្បាប់បានកើតមាននៅតាមសង្កាត់មួយចំនួន ដែលសំណង់ទាំងនោះអាជ្ញាធរសង្កាត់ដឹងដែរតែមិនព្រមរាយការណ៍មកខណ្ឌនោះទេ ។ ដូចជានៅសង្កាត់ព្រែកឯង សំណង់បុរីរបស់ លោកឧត្តសេនីយ៍ឈន សារ៉ាណេ សាងសង់អត់ ច្បាប់ នោះឡើយ ដែលសំណង់ អត់ច្បាប់ទាំងនេះមិនមែនសាងសង់១ថ្ងៃរួចរាល់នោះទេ ហេតុអីបានជាលោកចៅសង្កាត់មិនដឹង ឬមួយដឹងដែរតែធ្វើមិនដឹង នេះហើយជាបញ្ហាលំបាកក្នុងការគ្រប់គ្រងសំណង់ដោយសារអាជ្ញាធរសង្កាត់មិនរាយការណ៍ ។ មួយទៀត លោកមេភូមិម្នាក់បានភូតកុហក់ថា ស្នើសុំជួសជុលផ្ទះឈើ ដល់ធ្វើបែរជាសង់ផ្ទះថ្មចំនួន៤ល្វែងនៅជាប់មាត់ទន្លេបាសាក់ នេះជាទង្វើខុសធ្ងន់ធ្ងណាស់ហ៊ានភូតកុហក់អភិបាលខណ្ឌថែមទៀតផង ចំណែកលោកចៅសង្កាត់មិនរាយការណ៍អោយខណ្ឌមកសាលាខណ្ឌទេ មិនដឹងជាយ៉ាងម៉េចបានសំណង់អត់ច្បាប់សាងសង់រំលោភយកដីចំទន្លេអាជ្ញាធរសង្កាត់ធ្វើមិនដឹងទៅ ។
លោកអភិបាលខណ្ឌបាន បន្តថា បញ្ហាសំណង់ត្រូវតែយកចិត្តទុកដាក់ត្រួតពិនិត្យអោយបានដិតដល់ជាពិសេសលោក-លោកស្រីជាចៅសង្កាត់ត្រូវពិនិត្យតាមដានជាប្រចាំហើយរាយការណ៍មកសាលាខណ្ឌគ្រប់ប្រភេទសំណង់ដែលចាប់ផ្តើមសាងសង់និងកំពុងសាងសង់ដើម្បីអោយផ្នែកជំនាញចុះត្រួតពិនិត្យនិងទប់ស្កាត់ ។ ដោយឡែកក្រុមការងារដែលទទួលបន្ទុកសំណង់ថ្នាក់ខណ្ឌត្រូវចុះ តាមការដ្ឋានសំណង់ផ្ទះល្វែងនិងសំណង់បុរី ដើម្បីត្រួត ពិនិត្យពីគុណភាពសំណង់ និងចំនួនផ្ទះនៅក្នុង បុរីដែល ច្បាប់អនុញ្ញាតិអោយសាងសង់ ព្រោះខ្លាចម្ចាស់បុរីនិងម្ចាស់សំណង់ផ្ទះល្វែងសាងសងលើសចំនួនកំណត់និងសង់ខ្ពស់ហួសពីច្បាប់អនុញ្ញាតិ ។ ចំពោះបឹងប្រាដែលកន្លងមកក្រុមហ៊ុនផានអ៊ីម៉ិច បានចាក់ដីរំលោភយកធ្វើជាកម្មសិទ្ធនោះសូមមន្ត្រីទទួលបន្ទុកនិងអស់លោកជាចៅសង្កាត់ពាក់ព័ន្ធត្រូវចុះទប់ស្កាត់បញ្ឈប់សកម្មភាពជាបន្ទាន់ហាមដាច់ខាតមិនបន្តសកម្មចាក់ដីលប់បឹងប្រាតទៅទៀតឡើយ បើក្រុមហ៊ុនផានអ៊ីម៉ិចនៅតែបំពាន់អាជ្ញាធរខណ្ឌនិងចាត់វិធានការតាមផ្លូវច្បាប់ ។
នៅចុងបញ្ចប់នែកិច្ចប្រជុំ លោកអភិបាលខណ្ឌបានណែនាំបន្ថែមអោយគណៈបញ្ជាការឯកភាពខណ្ឌត្រូវរួមការទប់ស្កាត់អោយបានចំពោះសំណង់អត់ច្បាប់ ជាពិសេសនៅតាមមាត់ទន្លេ តាមព្រែក និងបឹង និងបន្តអនុវត្តគោលនយោបាយភូមិ សង្កាត់ មានសុវត្ថិភាព អោយមានប្រសិទ្ធិភាព ៕ សណ្តោស