ព័ត៌មានទាន់ហេតុការណ៍៖

សមត្ថកិច្ចចម្រុះចុះរឹបអូសឈើសុក្រំ៦៧កំណាត់ដែលឈ្មួញបម្រុងដឹកទៅវៀតណាម

ចែករំលែក៖

ខេត្តរតនគិរី៖ កម្លាំងរដ្ឋបាលព្រៃឈើ ផ្នែកបរកែវ សហការជាមួយកម្លាំងអាវុធហត្ថមូលដ្ខាន កម្លាំងនគរបាល និងកម្លាំងយោធាស្រុកអូរយ៉ាដាវ នៅវេលាម៉ោង០០និង៣០នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ បានចុះរឹបអូសឈើសុក្រំចំនួន៦៧កំណាត់ ដែលក្រុមឈ្មួញដឹកយកមកគរទុកបម្រុងនាំទៅប្រទេសវៀតណាម តាមផ្លូវទឹកត្រង់ចំណុច ច្រាំងទន្លេសេសាន្ត ស្ថិតក្នុងភូមិបាដល ឃុំសេសាន ស្រុកអូរយ៉ាដាវ ខេត្តរតនគិរី ។

នាយផ្នែករដ្ឋបាលព្រៃឈើបរកែវ លោក ឡេង យុគ បានប្រាប់ឲ្យដឹងថា បន្ទាប់ពីទទួលបានព័ត៌មាន ពីកម្លាំងសម្ងាត់ថា មានគំនរឈើនោះរូបលោក សុំយោបល់ថ្នាក់លើចុះបង្ក្រាបទាំងយប់តែម្តង ។

លោក ឡេង យុគ បានប្រាប់បន្តទៀតថា ឈើសុក្រំចំនួន៦៧កំណាត់នេះ កម្លាំងលោកបានយកមធ្យោបាយ មកដឹកទៅរក្សាទុកនៅស្នាក់ការ រដ្ឋបាលព្រៃឈើបរកែវ ។

ជាការកត់សម្គាល់ក្នុងរយៈពេលជិតមួយខែនេះ សកម្មភាពក្រុមឈ្មួញដឹកឈើទៅវៀតណាម បានស្ងប់ស្ងាត់ ហើយក្រុមសមត្ថកិច្ច មកពីរាជធានីភ្នំពេញនិងក្នុងខេត្តរតនគិរីប្រមាណ៥០ស្ថាប័នប្រចាំការតាមដងផ្លូវជាតិលេខ៧៨ ដោយក្រុមសមត្ថកិច្ចខ្លះ ក្រោមលេសដាក់ត្រួតពិនិត្យអាវុធជាតិផ្ទុះ នោះបច្ចុប្បន្នពុំមានវត្តមានទៀតទេ ៕ វុទ្ធឦសាន

3 1 2


ចែករំលែក៖