ខេត្តរតនគិរី៖ នៅរសៀលថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ ព្រះគ្រូសូត្រឆ្វេង រេន សុភា គង់នៅវត្តឥសានរតនារាមភ្នំស្វាយ បានដឹកនាំព្រះសង្ឃមួយចំនួននាំយកគ្រឿងឧបភោគ បរិភោគចែកជូនដល់ទណ្ឌិត នឹងពិរុទ្ធជនចំនួន៣០០នាក់ នៅពន្ធធានាគារ ខេត្តរតនគិរី ។
ព្រះតេជគុណ រេន សុភា មានសង្ឃដេការថា សម្ភារ:ជាគ្រឿងឧបភោគ បរិភោគ ដែលយកចែកជូនទណ្ឌិត និងពិរុទ្ធជននាពេលនេះ គឺបានមកពីពុទ្ធបរិស័ទប្រគេនព្រះសង្ឃ អំឡុងពេលបុណ្យកាន់បិណ្ឌភ្នំបិណ្ឌកន្លងមកនេះ អំណោយដែលនាំយកមកចែកជូននាពេលនេះ រួមមាន ទឹកដោះគោឆៅ ស្ក សរ តែ នំប័ង កាហ្វេជាដើម។
ព្រះតេជគុណ រេន សុភា បន្តថា ដើម្បីរួមចំណែកសម្រួលដល់ការលំបាករបស់ពន្ធធានាគារ ព្រះគ្រូនៅអធិការវត្តតែងតែផ្តល់គ្រឿងឧបភោគ បរិភោគដល់អ្នកជាប់ពន្ធធានាគាជារៀងរាល់ពេល មានបុណ្យទានធំៗដូចភ្នុំបិណ្ឌ បុណ្យចូលឆ្នាំខ្មែរជាដើម ។
លោកឧត្តមសេនីយ៍ត្រី ទិន សុវណ្ណនី ប្រធានពន្ធធានាគាខេត្តរតនគិរី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅ ចំពោះព្រះគ្រូចៅអធិការវត្តភ្នំស្វាយ ដែលបានគិតគូរ យកចិត្តទុកដាក់ចំពោះទណ្ឌិត និងពិរុទ្ធជន។
លោកបន្តថា ឲ្យតែមានពិធីបុណ្យធំៗ លោកតែងតែនិមន្តព្រះសង្ឃមកសម្តែងធម្មទេសនា ជូនដល់អ្នកជាប់ពន្ធធានាគា ទាំងអស់បានស្តាប់ហើយក៏ជាការផ្តល់ឱកាសឲ្យពួកគេបានធ្វើបុណ្យផងដែរ ៕ វុទ្ធឦសាន