ខេត្តកំពង់ឆ្នាំង ៖ សត្វឆ្កែ១ក្បាលបានងាប់ និង ១ក្បាលទៀតសន្លប់ បន្ទាប់ពីចោរបានដាក់ថ្នាំពុលរួចចូលលួចម៉ូតូក្នុងបន្ទប់បានដោយសុវត្ថិភាព ខណៈដែលម្ចាស់ផ្ទះកំពុងលង់លក់ក្នុងដំណេក ។
ហេតុការណ៍នេះបានកើតឡើងចន្លោះពីម៉ោង១និង២កណ្តាលអធ្រាត្រ ឈានចូលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ នៅភូមិស្រែតាជ័យ ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ។
លោកស៊ុន វណ្ណា នាយប៉ុស្តិ៍នគរបាលអភិវឌ្ឍ បានអោយដឹងថា ម៉ូតូដែលត្រូវក្រុមចោរចូលបាននោះម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២X-៥៦១៦ ជារបស់ម្ចាស់ឈ្មោះព្រំ ស្រី ភេទស្រី អាយុ៤៩ឆ្នាំ រស់នៅក្នុងភូមិឃុំខាងលើ ។
ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចថា គាត់មានការភ្ញាក់ផ្អើលយ៉ាងខ្លាំងបន្ទាប់ពីព្រឹកឡើង ព្រលឹងស្រាងៗ ម៉ោងប្រមាណជា៥ភ្លឺ គាត់បានចុះមកដីបំរ៉ុងទៅហាត់ប្រាណ ក៍ស្រាប់តែឃើញសត្វឆ្កែរបស់គាត់ដែលដេកយាមក្រោមផ្ទះ ពុលងាប់១ក្បាល និង សន្លប់១ក្បាល ។ ពេលនោះមានការសង្ស័យ គាត់បានទៅមើលបន្ទប់ដាក់ម៉ូតូ ឃើញកាត់សោរទ្វារបន្ទប់ និងបាត់ម៉ូតូពីបន្ទប់តែម្តង ។
ម្ចាស់ផ្ទះបានប្រាប់សមត្ថកិច្ចទៀតថា ក្រុមចោរនេះ អាចមកចន្លោះម៉ោងជាង១យប់ ព្រោះក្នុងអំឡុងនោះគាត់បានឮសម្លេងឆ្កែព្រុសដែរ តែមិនចាប់អារម្មណ៍ លុះព្រឹកឡើងចុះមកដីក៍ឃើញហេតុការណ៍បែបនេះតែម្តង ក៍ប្តឹងសមត្ថកិច្ចចុះមកពិនិត្យមើលតែម្តង ។
នៅពេលនេះសមត្ថកិច្ចកំពុងស្រាវជ្រាវ ដែលនៅកន្លែងកើតហេតុមានបន្សល់ដានជើង ហើយសមត្ថកិច្ចបានយកស្លាកស្នាមនេះទៅធ្វើការស្រាវបន្តទៀត ដើម្បីវែកមុខរកជនសង្ស័យនេះយកមផ្តន្ទាទោសតាមច្បាប់ ៕ ចន្ថា