ភ្នំពេញ៖ ស្ថិតក្នុងគោលបំណងពង្រឹងគុណភាពផលិតផលចំណីអាហារនៅកម្ពុជាក្រុមហ៊ុនGivaudan បានសហការជាមួយក្រុមហ៊ុនSinogocoដើម្បីបង្កើតកម្មវិធីសិក្ខាសាលាមួយឡើងដោយបានផ្តល់នូវចំណេះដឹងថ្មីៗស្តីពីចំណីអាហារនិងការផលិតគ្រឿងបរិភោគនៅជុំវិញពិភព លោក។ កម្មវិធីនេះត្រូវបានធ្វើឡើងកាលពីព្រឹកថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦នេះនៅសណ្ឋាគារIntercontinental ក្រោមការចូលរួមពីសំណាក់សហគ្រិនជាច្រើនរូប។
បច្ចុប្បន្ននិន្នាការនៃការទទួលទាន ចំណីអាហារប្រចាំថ្ងៃដែលមានសុវត្ថិភាព ត្រូវបានគេយកចិត្តទុកដាក់ជាខ្លាំងដូចនេះក្រុមហ៊ុនGivaudan ដែលជាក្រុមហ៊ុនចែកចាយវត្ថុធាតុដើមមេក្លិនដើម្បីផលិតចំណីអាហារដ៏ល្បីនៅលើពិភពលោកបានព្យាយាមស្វែងរកអ្វីដែលថ្មីប្លែកសម្រាប់ម្ចាស់សហគ្រាសអភិវឌ្ឍកែច្នៃឲ្យផលិតផលរបស់ខ្លួនមានស្តង់ដារខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារអន្តរជាតិ។
លោក ឈិន កុកថៃ នាយកក្រុមហ៊ុន Sinogoco មានប្រសាសន៍ក្នុងកម្មវិធីនេះថាសិក្ខាសាលានៅថ្ងៃនេះគឺពិតជាមានសារសំខាន់ទៅដល់សិក្សាកាមដោយបានផ្តល់នូវចំណេះដឹងព្រមទាំងបទពិសោធន៍បន្ថែមដល់សហគ្រិននៅក្នុងស្រុកសម្រាប់យកទៅអភិវឌ្ឍកែច្នៃផលិតផលឲ្យមានស្តង់ដារខ្ពស់ក្នុងការប្រកួតប្រជែងនៅលើទីផ្សារ។ លោកបញ្ជាក់ថាក្រោយពីសិក្សាស្រាវជ្រាវអំពីទីផ្សារផលិតផលមួយចំនួននៅក្រៅស្រុកលោកសង្កេតឃើញពីភាពខុសប្លែកគ្នានៃស្តង់ដារ។ដូចនេះការសហការរួមគ្នានេះដែរGivaudanក៏បន្តទទួលយកសំណើក្នុងការផលិតនូវផលិតផលគំរូនិងផ្តល់នូវ រូបមន្តសម្រាប់ផលិតផលសហគ្រាសទាំងអស់ឲ្យមានស្តង់ដារអាចប្រកួតប្រជែងនិងនាំចេញទៅលក់នៅក្រៅប្រទេសបាន។ លោកបន្តថាក្រោយពីចាប់ផ្តើមសហការជាមួយក្រុមហ៊ុនGivaudanដែលជាក្រុមហ៊ុន មកពីប្រទេសស្វុីស និងជាក្រុមហ៊ុនផលិតផលផ្នែករូបមន្តក្លិនធំជាងគេនៅលើពិភពលោកគឺលោកសង្កេតឃើញពីការកែប្រែមុខមាត់ថ្មីនៃគុណភាពនិងរសជាតិរបស់ ចំណីអាហាររបស់ផលិតផលខ្មែរចាប់ផ្តើមមានការរីកចម្រើននិងត្រូវបានប្រជាជនខ្មែរទទួលស្គាល់ជាបណ្តើរៗ។ លោកជឿជាក់ថា សហគ្រិនដែលបានចូលរួមក្នុងកម្មវិធីនេះនឹងទទួលបានបទពិសោធន៍សម្រាប់អភិវឌ្ឍផលិតផលប្រកបដោយគុណភាពស្តង់ដារមួយដែលទទួលស្គាល់ជាសកល។
លោក Vagin Dhiravegin ប្រធានផ្នែកមេក្លិនចំណីអាហាររបស់ក្រុមហ៊ុនGivaudan ប្រចាំឥណ្ឌូចិនបានបញ្ជាក់ថាក្រោយពីសហការជាមួយក្រុមហ៊ុន Sinogoco ក្នុង រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះលោកសង្កេតឃើញពីការវិវត្តផលិតផលល្អនិងទទួលបានជោគជ័យនៅលើទីផ្សារ។ លោក បន្តថាតាមរយៈការសហការគ្នាក្នុងការ បណ្តុះបណ្តាលលើផ្នែកទីផ្សារបច្ចេកវិទ្យានៅពេលនេះនឹងកាន់តែធ្វើឲ្យមានភាព ប្រសើរឡើងនិងទទួលយកផ្លែផ្កាពីការអភិវឌ្ឍផលិតផលរបស់ខ្លួននៅថ្ងៃខាងមុខ៕ វឌ្ឍនា