លោកស្រី ប៉ាទ្រីស្យា អេសស្ពីណូសា (Patricia Espinosa) ជាប្រធានទទួលបន្ទុកអនុសញ្ញាស្តីពីអាកាសធាតុនៃអង្គការសហ ប្រជាជាតិបានប្រកាសថា “ទីបំផុតកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសបានទទួលការផ្តល់សច្ចាប័នគ្រប់ចំនួនហើយ ហើយ នឹងចូលជាធរមានក្នុងពេល៣០ថ្ងៃខាងមុខនេះ ក្រោយពេលប្រទេសចំនួន៧៣បាន ផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀង”។
កុប២១ (Cop 21) គឺជាឈ្មោះនៃកិច្ច ព្រមព្រៀងបានសម្រេចឡើងកាលពីខែធ្នូ ឆ្នាំ២០១៥ មានទិសដៅទប់ស្កាត់កម្កៅ ភពផែនដីមិនឲ្យកើនឡើងដល់២អង្សា។ ប្រទេសតាមកោះដែលងាយរងគ្រោះដោយ ការកើនកម្ពស់ទឹកចង់ឲ្យប្រឹងទប់ស្កាត់មិនឲ្យឡើងហួសពី១,៥អង្សា។ ដើម្បីឲ្យកិច្ច ព្រមព្រៀងកុប២១ចូលជាធរមានទាល់តែមានប្រទេសចុះហត្ថលេខាកិច្ចព្រមព្រៀងយ៉ាងហោចណាស់៥៥ប្រទេសផ្តល់សច្ចាប័នដល់កិច្ចព្រមព្រៀងនេះ ហើយក្នុង៥៥ ប្រទេសនេះតួលេខនៃឧស្ម័នផ្ទះកញ្ចក់ដែល បញ្ចេញចោលក៏ត្រូវមាន៥៥ភាគរយក្នុង ពិភពលោកដែរ។ ដូច្នេះមើលទៅជាការ ពិបាកដើម្បីអាចឲ្យកិច្ចព្រមព្រៀងទទួលបានសច្ចាប័នគ្រប់ចំនួន។
ប៉ុន្តែយោងតាមការប្រកាសរបស់អង្គការសហប្រជាជាតិកាលពីថ្ងៃទី៧ ខែតុលា មុននេះកិច្ចព្រមព្រៀងនេះទទួលបានការ ផ្តល់សច្ចាប័នគ្រប់ចំនួនហើយ គឺទទួលបានពីប្រទេសដល់ទៅ៧២ ប្រទេស លើសពីតួលេខ៥៥ប្រទេស ក្នុងលក្ខខណ្ឌទៅទៀត។ ក្នុង៧២ប្រទេស នេះការបញ្ចេញឧស្ម័នពុលមានតួលេខ ៥៦,៧ភាគរយគ្រប់គ្រាន់តាមលក្ខខណ្ឌ កំណត់។ គិតសរុបដល់ពេលនេះមាន៧៣ប្រទេសដែលបានផ្តល់សច្ចាប័ន។ បារាំង លាន់មាត់សរសើរថា ការចូលជាធរមាននៃកិច្ចព្រមព្រៀងអាកាសធាតុក្រុងប៉ារីសនៅពេល៣០ថ្ងៃខាងមុខនេះគឺធ្វើបានឆាប់ រហ័សគិតទៅមិនដល់១ឆ្នាំទេ ក្រោយពី មានកិច្ចព្រមព្រៀងនេះឡើង។ ប្រៀបនឹង ពិធីសារក្រុងតូក្យូ ឆ្នាំ១៩៩៧ ដែលត្រូវការពេលដល់ទៅ៨ឆ្នាំដើម្បីបានចូលជាធរមាន គឺពិតជាឆាប់រហ័សមែន៕ ម៉ែវ សាធី