ខេត្តពោធិ៍សាត់៖ បុរសម្នាក់ត្រូវបានកងកម្លាំងខេត្ត, ក្រុង, ប៉ុស្តិ៍, សហការគ្នាធ្វើការឃាត់ខ្លួន ដោយចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន តាមបង្គាប់របស់លោកចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ។
ប្រតិបត្តិការនេះ ប្រព្រិត្តឡើងកាលពីរសៀលថ្ងៃទី៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិព្រៃឪម៉ាល់ សង្កាត់រលាប ក្រុង-ខេត្តពោធិ៍សាត់ ។
ប្រភពព័ត៌មានពីកងកម្លាំងចុះអនុវត្តន៍បានឲ្យដឹងថា ជនសង្ស័យត្រូវបានចាប់ខ្លួនឈ្មោះ ជា ដាលិ ហៅគូប ភេទប្រុស អាយុ ២៥ឆ្នាំ បច្ចុប្បន្នរស់នៅភូមិ-សង្កាត់កើតហេតុ(កន្លែងចាប់ខ្លួន) ។
ប្រភពព័ត៌មានពីកងកម្លាំងខាងលើបន្តថា ការចាប់ និងនាំខ្លួនជនសង្ស័យនេះ គឺអនុវត្តន៍ឡើងតាម(ដីកាបង្គប់ឲ្យនាំខ្លួន)លេខ ៧២ នខ ១៦ ចុះថ្ងៃទី១១ ខែកក្កដា ឆ្នាំ២០១៦ ចេញដោយលោក ពេជ្រ ចិន្ថា ចៅក្រមសើបសួរនៃសាលាដំបូងខេត្តពោធិ៍សាត់ ដោយចោទពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន។
ប្រភពដដែលបន្តទៀតថាយោងតាមដីកាបង្គប់ឲ្យនាំខ្លួនជនសង្ស័យរូបនេះ ខណៈជនសង្ស័យបានប្រព្រិត្តការជួញដូរដោយខុសច្បាប់នូវសារធាតុញៀន កាលពីខែសីហា ឆ្នាំ២០១៥ នៅភូមិព្រៃឪម៉ាល សង្កាត់រលាបនិងនៅកោះតៃវ៉ាន់ស្ថិតក្នុងភូមិបាក់រទេះ សង្កាតព្រៃញី ក្រុង-ខេត្តពោធិ៍សាត់។
ប្រភពបញ្ជាក់ទៀតថា ក្នុងកិច្ចប្រតិបត្តិការចាប់និងនាំខ្លួនជនសង្ស័យខាងលើនេះ កម្លាំងបានដកហូតនូវវត្ថុតាងមួយចំនួននិងសម្ភារ ហើយកម្លាំងសមត្តកិច្ចបានបញ្ជូនខ្លួនជនសង្ស័យរួមទាំវត្ថុតាងសម្ភារ ទៅសាលាដំបូងខេត្តពោធិ៍សាត់អស់ហើយដែរ ៕ បឹុម ពិន