ព័ត៌មានទាន់ហេតុការណ៍៖

ឃាត់ខ្លួនជនសង្ស័យម្នាក់ក្នុងចំណោមពីនាក់ករណីឆបោកម៉ូតូគេចខ្លួនបាន២ថ្ងៃ

ចែករំលែក៖

ភ្នំពេញ: ជនសង្ស័យ ម្នាក់ក្នុង់ចំណោម២នាក់ត្រូវបាន ក្រុមក្រួសារជនរងគ្រោះឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចក្រោយពីឆបោកម៉ូតូហើយគេចខ្លួនបាន២ថ្ងៃរួចមក ។

ករណីនេះ កើតឡើងកាលពីម៉ោងវេលា
១៣ ថ្ងៃទី៨ ខែតុលា ឆ្នាំ២០១៦ នៅមុខហាងកាហ្វេមួយកន្លែងផ្លូវបេតុង ភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ។

ជនសង្ស័យឈ្មោះ ហ៑ុម សុខរិន ហៅង៉ុក ភេទប្រុស អាយុ២៤
ឆ្នាំមុខរបរមិនពិតប្រាកដ ស្នាក់នៅផ្ទះជួល ភូមិប៉ប្រក់ខាងត្បូង សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ និង
មានស្រុកកំណើត ភូមិព្រៃរំដួក ឃុំបសេដ្ឋ ស្រុកបសេដ្ឋ ខេត្តកំពង់ស្ពឺ ។ ចំណែកបក្ខពួកម្នាក់ទៀត គេចខ្លួនបាត់ តែស្គាល់ឈ្មោះ ឆក អាយុប្រហែល២៤ឆ្នាំ ។

ដោយឡែក ដើមបណ្តឹងម្ចាស់ម៉ូតូមានឈ្មោះ ហ៑ាង ប៉ែត ភេទប្រុស អាយុ២០
ឆ្នាំ មុខរបររត់ម៉ូតូឌុប ស្នាក់នៅភូមិត្រពាំងល្វា សង្កាត់កាកាប ខណ្ឌពោធិ៍សែនជ័យ ។

តាមសំដីដើមបណ្តឹងបានប្រាប់ថា កាលពីយប់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០១៦ មុនកើតហេតុ ខ្លួនបានចេញពីផ្ទះទៅរត់ម៉ូតូឌុបដោយជិះម៉ូតូ១គ្រឿង ម៉ាកហុងដាឌ្រឹម សង់សេ១២៥ពណ៌ខ្មៅសេរី ២០០៨ ឡើងតែម ២០១១ ពាក់ស្លាកលេខ ភ្នំពេញ 1AZ-5804 ខណៈកំពុងអង្គុយចាំម៉ូយ នៅមុខក្លិបអាវឺឡូន ស្រាប់តែឃើញជនសង្ស័យ២នាក់ហៅដឹកក្នុងចំណោម២នាក់នេះ ខ្លួនបានស្គាល់តែជនសង្ស័យខាងលើ ដែលជាមិត្តភក្តិនឹងគ្នា ដោយឲ្យដឹកទៅផ្លូវម៉ៃដា ។ ក្រោយមកឲ្យដឹក
ទៅផ្ទះសំណាក់យីហោ លីយ៉ុង ពេលមកដល់ផ្ទះសំណាក់ ជនសង្ស័យបានឡើងទៅជាន់ទី១ ដើម្បីជួលបន្ទប់ស្នាក់នៅ ដោយឲ្យខ្លួនរង់ចាំនៅខាងក្រោមជាមួយនឹងជនសង្ស័យម្នាក់ទៀត ជាបក្ខពួក ។

ប្រភពបន្តថា ដោយចាំយូរពេក ជនសង្ស័យដែលនៅខាងក្រោមបានប្រាប់ថា បើបងប្រញាប់ឡើងទៅយកលុយពីជនសង្ស័យខាងលើទៅ(ថ្លៃដឹក) ពេលនោះម្ចាស់ម៉ូតូដែលជាជនរងគ្រោះបានឡើងទៅតាមគោលបំណងយកលុយថ្លៃម៉ូតូឌុប ខណៈដែលឡើងទៅបានមួយសន្ទុះក៏ចុះមកវិញ ស្រាប់តែជនសង្ស័យ ដែលជាបក្ខពួកយកម៉ូតូរបស់គាត់ទៅបាត់តែម្តង ។ ពេលនោះខ្លួនបានឡើងទៅជួបជនសង្ស័យវិញ ពេលនោះ ជនសង្ស័យបានប្រាប់ថា មិនបាច់ភ័យទេ បន្តិចទៀតមកវិញហើយ ប៉ុន្តែចាំបាត់ៗ មិនឃើញមកវិញ ហើយពេលនោះ ជនរងគ្រោះបានចុះមកក្រោមវិញ រង់ចាំគេយកម៉ូតូមកវិញ តែមិនឃើញ ។

មួយសន្ទូះក្រោយមក ខ្លួនបានឡើងទៅខាងលើដើម្បីសួរជនសង្ស័យ ប៉ុន្តែពេលឡើងទៅដល់ ស្រាប់តែជនសង្ស័យគេចខ្លួនបាត់ទៀត ។ រហូតដល់ថ្ងៃកើតហេតុខាង លើ ក្រុមគ្រួសារជនរងគ្រោះ ឃើញជនសង្ស័យ ក៏ឃាត់ខ្លួនយកមកប្រគល់ឲ្យសមត្ថកិច្ចនគរបាលប៉ុស្តិ៍ទឹកថ្លាតែម្តង ។

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានប្រាប់ថា ខ្លួនពិតជាបានឃុបខិតគ្នាឆបោកម៉ូតូជនរងគ្រោះពិតប្រាកដមែន ។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួនយកមកសាកសួរបណ្តោះអាសន្ននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ៕ តុង សីហា

20161008_141842


ចែករំលែក៖