ខេត្តស្វាយរៀង៖ បុរស២នាក់ស្លាប់ និងរងរបួសធ្ងន់ដោយសារករណីគ្រោះថ្នាក់ចរាចរណ៍យ៉ាងរន្ធត់ រវាងរថយន្តឡិចស៊ីស ពន្លះម៉ូតូហុងដាសេ១២៥ ទិសដៅបញ្រាសគ្នាពេញទំហឹងកាលពីវេលាម៉ោង១និង១០នាទីរំលងអាធរាតឈានចូលថ្ងៃទី១១ខែតុលាឆ្នាំ២០១៦ នៅលើផ្លូវលំ(ផ្លូវកំពង់ស្ពាន) ស្ថិតនៅក្នុងភូមិបាវិតកណ្ដាល សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀង ខណៈអ្នកបើករថយន្តរត់គេចខ្លួន ។
យោងតាមសមត្ថកិច្ចនគរបាលក្រុងបាវិតបានឲ្យដឹងថា មុនពេលកើតហេតុ មានរថយន្ត១គ្រឿង ម៉ាក LEXUS RX300 ពណ៌ស ផ្លាកលេខ ភ្នំពេញ 2AK-3530 បើកបរពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុខាងលើស្រាប់តែទៅបុកនឹងម៉ូតូម៉ាក HONDA DREAM C-125 ផ្លាកលេខក្រចេះ 1C-4387 ពណ៌ខ្មៅ បើកបរដោយ ឈ្មោះ ងែត វុទ្ធី ភេទប្រុស អាយុ30ឆ្នាំ រស់នៅខេត្តក្រចេះ បើកបរពីត្បូងទៅជើងបណ្ដាលឲ្យរងរបួសធ្ងន់ និងអ្នករួមដំណើរម្នាក់មានឈ្មោះសុខ សុខា ភេទប្រុស អាយុ31ឆ្នាំ មុខរបរបុគ្គិលិកកាស៊ីណូឡាវីហ្គាស់ រស់នៅភូមិទួលតាឯង ឃុំទួលតាឯង ស្រុកស្វាយប៉ោ ខេត្តបាត់ដំបង បណ្ដាលឲ្យស្លាប់នៅកន្លែងកើតហេតុ ។
ក្រោយកើតហេតុភ្លាមអ្នកបើកបររថយន្តបានចេញពីក្នុងរថយន្តរត់គេចខ្លួនបាត់បន្សល់ទុកតែរថយន្តនៅនឹងកន្លែងកើតហេតុ ។
បច្ចុប្បន្ន:អ្នករងរបួសធ្ងន់ត្រូវបានបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យខេត្តស្វាយរៀង ចំណែកសាកសពត្រូវបានសមត្ថកិច្ចដឹកយកដម្កល់ទុកនៅវត្តពោធិ៍ថ្មី(ហៅវត្តបាវិត) ស្ថិតនៅក្នុងភូមិច្រកលាវ សង្កាត់បាវិត ក្រុងបាវិត ខេត្តស្វាយរៀងរងចាំក្រុមគ្រួសារមកទទួលយកទៅធ្វើបុណ្យតាមប្រពៃណី ។ រីឯមធ្យោបាយទាំង២គ្រឿង សមត្ថកិច្ចដឹកយកមករក្សាទុកនៅអធិការដ្ឋាននគរបាលក្រុងបាវិត ដើម្បីបំពេញសំណុំរឿងតាមនិតិវិធីច្បាប់ ។
សមត្ថកិច្ចនគរបាលបន្តថា មូលហេតុគឺរថយន្តបើកបរមិនប្រកាន់ស្ដាំ ទើបជួបគ្រោះថ្នាក់នេះកើតឡើង ៕ យឹម សុថាន