ព័ត៌មានទាន់ហេតុការណ៍៖

ជនជាតិចិនម្នាក់សង្ស័យស្រវឹងបើករថយន្តបុកបង្គោលភ្លើងបាក់ពីរកំណាត់ តែមិនមានអ្នករងរបួស

ចែករំលែក៖

ភ្នំពេញ៖ បុរសជនជាតិចិនម្នាក់ សង្ស័យស្រវឹងបើករថយន្តទៅបុកនឹងបង្គោលភ្លើងបំភ្លឺផ្លូវបាក់ជាពីរកំណាត់ ចំណែករថយន្តរងការខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង សំណាងល្អមិនគ្រោះថ្នាក់ដល់អ្នកបើកបរ ។

ហេតុការណ៍នេះ បានកើតឡើកាលពីវេលាម៉ោង២៣និង២៥នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ ២០១៦ នៅចំណុចភូមិអន្លង់ក្ងាន សង្កាត់ឃ្មួញ ខណ្ឌសែនសុខ រាជធានីភ្នំពេញ។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេឃើញមានរថយន្ត១គ្រឿងម៉ាកឡិចស៊ីស RX300 ពណ៌ទឹកប្រាក់ ពាក់ស្លាកលេខ ភ្នំពេញ 2Z 6076 បើកបរដោយបុរសជនជាតិចិន ក្នុងទិសដៅពីជើងទៅត្បូងក្នុងស្ថានភាពស្រវឹង ហើយលុះមកដល់ចំណុចកើតហេតុ រថយន្តបានរេចង្កូតទៅខាងឆ្វេងឡើងលើសួនច្បារពុះចែកទ្រូងផ្លូវ ហើយជ្រុលទៅបុកបង្គោលភ្លើងបំភ្លឺផ្លូវបណ្ដាលឲ្យដាច់ជាពីរកំណាត់ហើយខ្ទាត់ទៅលើថ្នាល់ប្រមាណជា២០ម៉ែត្រ ចំណែកឯរថយន្តវិញ ខូចខាតផ្នែកខាងមុខស្ទើរទាំងស្រុង ហើយផ្ទុះពោងការពារសុវត្ថិភាពចេញមកក្រៅ តែមិនមានគ្រោះថ្នាក់ដល់អ្នកបើកបរនោះទេ ។

ក្រោយពេលកើតហេតុសមត្ថកិច្ចមូលដ្ឋានបានចុះមកដល់ចំណុចកើតហេតុ ហើយឃាត់ខ្លួនបុរសជនជាតិចិនខាងលើដើម្បីប្រគល់ឲ្យទៅខាងជំនាញចរាចរណ៍របស់ស្នងការរាជធានីវាស់វែង និងអួសរថយន្តរួមទាំងនាំខ្លួនអ្នកបើកបររថយន្តយកទៅស្នងការរាជធានីភ្នំពេញរង់ចាំការដោះស្រាយនៅពេលក្រោយ ៕ តុង សីហា

aes-5 aes aes-1 aes-2 aes-3 aes-4


ចែករំលែក៖