ភ្នំពេញ៖ រថយន្តកុងតឺន័ររបស់ក្រុមហ៊ុន ហួរ ស៊ីង មួយគ្រឿង បានដឹកម៉ាបលើសចំណុះ ធ្វើឲ្យផុងការឡារៀបចិញ្ចើមផ្លូវបណ្ដាលឲ្យរងការខូចខាត។ ហេតុការណ៍នេះ បានកើតឡើងនៅវេលាម៉ោង១១និង២០នាទីយប់ ថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ នៅចំណុចមុខក្រុមហ៊ុន ហួរ ស៊ីង គ្រឿងថ្ម ស្ថិតក្នុងភូមិព្រែកតាឡុង សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីកម្មករលើកថ្មម៉ាបខាងលើបានប្រាប់ឲ្យដឹងថា មុនពេលកើតហេតុ ពួកគេបានបើករថយន្តកុងតឺន័រ ពណ៌ស លាយក្រហម ដែលពាក់ស្លាកលេខ ភ្នំពេញ4A.2313 ដែលក្នុងរថយន្តមានផ្ទុកថ្មម៉ាបជាច្រើនតោន ហើយបម្រុងដឹងយកទៅទម្លាក់នៅផែ ព្រះសីហនុ តែពេលដែលបើកចេញមិនទាន់បានប៉ុន្មានម៉ែត្រផង ក៏ស្រាបតែផុងការឡាលើចិញ្ចើមផ្លូវ បណ្ដាលឲ្យលិចកង់ក្រោយ និងរងការខូចខាតការឡាយ៉ាងច្រើនដោយមិនអាចបន្តទៅមុខរួច ។
បើតាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងដែរថា បន្ទាប់ពីរថយន្តកុងតឺន័របានផុងជាប់នៅនឹងកន្លែង ហើយនោះ ខាងមេការក្រុមហ៊ុនខាងលើបានឲ្យរថយន្តដឹកប្រេងធុន់ធំមួយគ្រឿងមកជួយទាញ ដើម្បីរំដោះចេញពីកន្លែងកើតហេតុខាងលើ តែចុងក្រោយ នៅតែមិនអាចរំដោះបាន ហើយខាងក្រុមហ៊ុន ក៏បានឲ្យកម្មករលើកថ្មម៉ាប សាងពីរថយន្តកុងតឺន័រ ដាក់ទៅរថយន្តកុងតឺន័រមួយទៀត ។
ក្រោយមកសមត្ថកិច្ចមូលដ្ឋានបានចុះដល់កន្លែងកើតហេតុ ដើម្បីពិនិត្យមើលនៃការខូចខាត ហើយខាងក្រុមហ៊ុនខាងលើបានសម្រួលជាមួយនឹងសមត្ថកិច្ច ដោយធ្វើកិច្ចសន្យាក្នុងការជួសជុលនៃទំហំខូចខាតការឡានោះឲ្យបានស្អាតល្អវិញ ៕ ជីម ភារ៉ា ដង្កោ