ព័ត៌មានទាន់ហេតុការណ៍៖

មុខសញ្ញាជួញដូរគ្រឿងញៀន២នាក់ ត្រូវនគរបាលស្រុកកោះធំចាប់ខ្លួនរួមជាមួយថ្នាំញៀនម៉ាទឹកកក២៧កញ្ចប់

ចែករំលែក៖

ខេត្តកណ្តាលៈ មុខសញ្ញាជួញដូរគ្រឿងញៀនជាជនជាតិខ្មែរ និងវៀតណាម២នាក់ ត្រូវបានសមត្ថកិច្ចនគរបាលស្រុកកោះធំស្រាវជ្រាវបង្រ្កាបឃាត់ខ្លួនបានជាបន្តបន្ទាប់ កាលពីល្ងាចថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិកំពង់ថ្កុល ឃុំសំពៅពូន ស្រុកកោះធំ ខេត្តកណ្តាល ។ អធិការនគរបាលស្រុកកោះធំលោក ឈឿន ប៊ុនឆន បានឲ្យដឹងថា ជនល្មើសទី១-ឈ្មោះ ងន ភារម្យ ហៅហេវ ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុងភូមិជ្រៃធំ ឃុំសំពៅពូន ស្រុកកោះធំ ទី២-ឈ្មោះ វ៉ យ៉ាំងត្រាវ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិវៀតណាម មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិ លេខ៣ ឃុំខាន់បិន ស្រុកអាងភូ ខេត្តអាងយ៉ាង ប្រទេសវៀតណាម ។

លោក ឈឿន ប៊ុនឆន បានបន្តថា ជនសង្ស័យខាងលើនេះ ជាមុខសញ្ញាជួញដូរគ្រឿងញៀនដ៏សកម្មត្រូវបានសមត្ថកិច្ចកំណត់ និងតាមដាននាពេលកន្លងមក ។ លុះមកដល់មុនពេលចាប់ខ្លួន៥ថ្ងៃ សមត្ថកិច្ចទទួលបានព័ត៌មានថា ក្រុមជនល្មើសបម្រុងធ្វើសកម្មភាពជួញដូរគ្រឿងញៀនទៅឲ្យអ្នកប្រើប្រាស់ ទើបសមត្ថកិច្ចដាក់កម្លាំងចាំឃ្លាំមើលរហូតឈានដល់ឃាត់ខ្លួនជនល្មើសឈ្មោះ ងន ភារម្យ ហៅហេវ ដកហូតវត្ថុតាងថ្នាំញៀនចំនួន០២កញ្ចប់ ។ ក្នុងប្រតិបត្តិការបង្រ្កាបនេះ សមត្ថកិច្ចរឹបអូសវត្ថុតាងរួមមាន៖ ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ហៅម៉ាទឹកកកចំនួន២៧កញ្ចប់ (ធំ០២-តូច២៥) និងទូរស័ព្ទដៃចំនួន០៣គ្រឿងផងដែរ។

លោកអធិការបន្តទៀតថា ក្រោយពីសាកសួរបឋមសមត្ថកិច្ចបានឈានដល់ឆែកឆេរផ្ទះជួលស្នាក់នៅរបស់ជនល្មើសម្នាក់ទៀតឈ្មោះ ង្វៀង យ៉ាំងគ្រឿង ឃាត់ខ្លួនជនល្មើសឈ្មោះ វ៉ យ៉ាំងត្រាវ ដកហូតថ្នាំញៀនចំនួន២៥កញ្ចប់ទៀត ខណៈដែលជនល្មើសឈ្មោះ ង្វៀង យ៉ាំងគ្រឿង រត់គេចខ្លួន ។ ជនសង្ស័យទាំង២នាក់ និងវត្ថុតាងពាក់ព័ន្ធត្រូវបាននគរបាលប្រឆាំងគ្រឿងញៀនស្រុកកោះធំកសាងសំណុំរឿង បញ្ជូនទៅកាន់ការិយាល័យប្រឆាំងគ្រឿងញៀនខេត្តនៅថ្ងៃទី១១ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការតាមច្បាប់ ៕ស្អាងជ័យ

abe-3 abe abe-1 abe-2


ចែករំលែក៖