ខេត្តតាកែវ៖ កាលពីពេលថ្មីៗនេះ លោកអធិការស្រុកសំរោងបានរងការប្រមាថមើលងាយពីសំណាក់លោក ស្រី ណៃ ស៊ីម ដែលត្រូវជាប្រពន្ធលោក វង់ ង៉ែត អធិការរងទទួលបន្ទុកផ្នែកសណ្តាប់ធ្នាប់ និងចរាចរណ៍ស្រុកសំរោង ហើយមូលហេតុ ដែលធ្វើឲ្យលោកស្រី ណៃ ស៊ីម ឆេះដុំ និងមានកំហឹងយ៉ាងខ្លាំង រហូតដល់មានការប្រមាថ និងមើលងាយទៅលើលោក មឿន សារុន ដែលជាអធិការស្រុកសំរោង ព្រោះមានប្រព័ន្ធផ្សព្វផ្សាយបានផ្សាយពីប្តីលោកស្រីឈ្មោះ វង់ ង៉ែត ដែលជា អធិការរងផ្នែកសណ្តាប់ធ្នាប់ចរាចរណ៍ រឿងយកផ្លូវជាតិប្រព្រឹត្តអំពើពុករលួយធ្ងន់កន្លងមក ដែលនាំឲ្យមានការរិះគន់ពីសំណាក់ប្រជាពលរដ្ឋ ។
កាលពីថ្ងៃទី១១ លោកស្រី ណៃ ស៊ីម បានខលទូរស័ព្ទទៅលោក មឿន សារុន អធិការស្រុកសំរោង ថា ហេតុអ្វីបានជាលោកអធិការ ឲ្យអ្នកសារព័ត៌មានចុះផ្សាយពីប្តីលោកស្រីទៅវិញ ក្រែងប្តីលោកស្រីធ្វើការបម្រើក្នុងអង្គភាពទេតើ ។ មិនត្រឹមតែប៉ុណ្ណោះ លោកស្រី ណៃ ស៊ីម បានឆេះដុំយ៉ាងខ្លាំងទៅលើមន្ត្រីនគរបាលក្នុងស្រុកសំរោង ថែមទៀតផង ដោយលោកស្រីលើកឡើងថា ប្តីលោកស្រី មិនបានប្រព្រឹត្តអំពើពុករលួយលើផ្លូវជាតិនោះទេ ។
ជុំវិញករណីលោកស្រី ណៃ ស៊ីម ប្រម៉ាតលោកអធិការស្រុកសំរោងតាមទូរស័ព្ទ លោក មឿន សារុន អធិការស្រុកសំរោង អោយដឹងថា លោកស្រី ណៃ ស៊ីម ពិតជាបានទូរស័ព្ទមកលោកមែន ដោយចោទលោកថា ជាអ្នកផ្តល់ព័ត៌មានឲ្យអ្នកកាសែតផ្សាយអាក្រក់លើប្តីលោកស្រី និងបាននិយាយពាក្យមិនសមរម្យជាច្រើនទៀត ។
គួរបញ្ជាក់ថា កាលពីថ្ងៃទី៩ ខែតុលា កន្លងមក ប្រជាពលរដ្ឋដែលបានធ្វើដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់គោលដៅត្រួតពិនិត្យច្បាប់ចរាចរណ៍ របស់លោក វង់ ង៉ែត ហើយលោក វង់ ង៉ែត បានផាកពិន័យលើពួកគាត់ ដែលខុសតិចតួច តែដោយឡែករថយន្តដឹកដីខុសបច្ចេកទេសលោក វង់ ង៉ែត មិនឃាត់ផាកពិន័យទេ ។ ដល់ពេលប្រជាពលរដ្ឋផ្ទុះដំហឹងតវ៉ា លោក វង់ ង៉ែត ឃាត់រថយន្តដឹកដីទាំងនោះហើយ ក៏បែកធ្លាយពីអ្នកបើករថយន្តដឹកដីទាំងនោះថា មេរបស់ពួកគេបង់លុយរួចហើយ ហេតុអីមកឃាត់រថយន្តពួកគេទៀត ៕ ជីសូរកា