ភ្នំពេញ ៖ តារាសម្តែងស្រីទឹម រដ្ឋា ទទួលបានការចាប់អារម្មណ៍ខ្លាំង ជាមួយនឹងការវិលត្រឡប់មកកាន់ការងារសម្តែងជាថ្មីក្នុងរឿងភាគ«ម្ទេសហិលប៉ះអំបិលប្រៃ» ។ ក្នុងឈុតឆាកសិចស៊ីមួយចំនួនក្នុងរឿងនេះ នាងទទួលបានការចាប់អារមម្មណ៍ខ្លាំង ពិសេសក្នុងឈុតឆាកលើគ្រែមួយជាមួយតួប្រុសឆានុន ឆៃយ៉ា ។
អស់រយៈពេលជាងមួយខែហើយ ដែលខ្សែភាពយន្តខ្មែររឿង “ម្ទេសហិលប៉ះអំបិលប្រៃ” ទទួលបានការគាំទ្រច្រើនពីទស្សនិកជន ។ តារាសម្តែង ទឹម រដ្ឋា ដែលគេស្គាល់ថា ជាតារាសិចស៊ីម្នាក់ នៅតែមិនស្ទាក់ស្ទើរក្នុងការព្រលែងខ្លួនជាមួយនឹងឈុតប៊ីគីនី និងឈុតឆាកឱបថើមមួយចំនួន ។
ទឹម រដ្ឋាបញ្ជាក់ថា ក្នុងរឿងនេះ នាងត្រូវបានអ្នកដឹកនាំជ្រើសរើសឲ្យសម្តែងជាតួអង្គបែបថ្មី គឺតួអង្គបែបឆ្នាស់ឆ្នើម និងស៊ិចស៊ីនិយមរៀបចំខ្លួន និងអត្តចរិកដូចនារីនៅតំបន់អឺរ៉ុប ។ នាងបញ្ជាក់ថា ដោយសារឈុតឆាកខ្លះតម្រូវឲ្យនាងព្រលែងខ្លួន បែបសិចស៊ីនោះ ទើបមិនរាចិត្តក្នុងការសម្តែង ។ នាងថា តាមពិតនាង ក៏មានការអៀនខ្មាស់ខ្លះដែរ នៅគ្រាដែលសម្តែង ពិសេសក្នុងឈុតឆាកក្នុងអាងហែលទឹក និងឈុតឆាកនៅលើគ្រែ បើទោះបីជាមិនឱបថើបខ្លាំង ក៏នាងមានកអៀនប្រៀនខ្លះ និងបារម្ភខ្លាចសម្តែងមិនដល់ ។ នាងបញ្ជាក់ថា ក្នុងរឿងនេះដែរ នាងជាស្រីស្នេហ៍របស់បុរសអ្នកមានម្នាក់ហើយលួចមកមានស្នេហាជាមួយប្រុសក្មេង ដែលសម្តែងដោយ លោក ឆានុន ឆៃយ៉ា ហើយត្រូវបានគូស្នេហ៍មកទាន់ ទើបប្រវេស្រវាឲ្យប្រុសក្មេងរត់រកកន្លែងពួន ។ នាងថា ឈុតនេះ ក៏មានខុសខ្លះៗដែរ បើទោះបីជាមិនដោះសម្លៀកបំពាក់មែន ប៉ុន្តែនាងនៅតែអៀនច្រើនជាមួយឈុតមួយនេះ ។
លោក ឆានុន ឆៃយ៉ា វិញបានបញ្ជាក់ថា ខ្សែភាពយន្តភាគរឿង “ម្ទេសហិលប៉ះអំបិលប្រៃ” គឺជាខ្សែភាពយន្តទី៣ ដែលលោកសម្តែងឲ្យផលិតកម្ម LD Picture ។ តារាសម្តែងវ័យ២៤ឆ្នាំរូបនេះលើកឡើងថា នេះជាលើកទី១ ដែលលោកសម្តែងឈុតឆាកបែបនេះ ហើយលោកក៏មានការអៀនច្រើនដែរ ក្នុងការសម្តែងរួមជាមួយនឹងកញ្ញា ទឹម រដ្ឋា ។ លោកថា គ្រានោះអ្នកដឹកនាំសម្តែងចង់ឲ្យលោកដោះសម្លៀកបំពាក់ទាំងអស់ ឬស្លៀកត្រឹមខោទ្រនាប់ ប៉ុន្តែលោកសុំឲ្យស្លៀកកន្សែងពោះគោវិញ ។ លោកថា បើទោះបីជាមិនមានប្លង់ច្រើនក្នុងរឿងនេះ ប៉ុន្តែវាទទួលបានការចាប់អារម្មណ៍ច្រើនពីទស្សនិកជន ។ ពេលនេះ លោកបានចុះកិច្ចសន្យាសម្តែងខ្សែភាពយន្តភាគថ្មីមួយទៀត របស់ផលិតកម្មខាងលើគឺរឿង «មន្តស្នេហ៍ក្រមុំបាយឆា» ដែលលោកសម្តែងជាតួអង្គសំខាន់នៅក្នុងរឿង គឺជាតួចិត្តអាក្រក់ហើយ បន្ទាប់ពីរឿងនេះលោកក៏នឹងសម្តែងខ្សែភាពយន្តថ្មីមួយទៀត ឲ្យផលិតកម្មនេះ ក្នុងពេលដ៏ខ្លីខាងមុខផងដែរ ៕ វឌ្ឍនា