ភ្នំពេញ៖ មនុស្សប្រុសស្រី៤នាក់ សង្ស័យជាអ្នកកត់កន្ទុយលេខ ត្រូវកម្លាំងអាវុធហត្ថខណ្ឌទួលគោក បានចូលរួមសហការជាមួយកម្លាំងការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌ អាវុធហត្ថរាជធានីភ្នំពេញ ចុះបង្ក្រាបទីតាំងចាក់កន្ទុយលេខ (ឆ្នោតវៀតណាម) ជាលទ្ធផលឃាត់ខ្លួនមនុស្ស៤នាក់ ម្ចាស់ទីតាំង និងអ្នកចាក់ឆ្នោតប្រុសម្នាក់ ស្រី៣នាក់ បញ្ជូនទៅកាន់ទីបញ្ជាការដ្ឋានកងរាជអាវុធហត្ថក្រុងភ្នំពេញ ដើម្បីចាត់ការបន្ត ។
ករណីបង្រ្កាបទីតាំងកត់កន្ទុយលេខ(ឆ្នោតវៀតណាម)ខាងលើនេះ កើតឡើងកាលពីវេលាម៉ោង៣រសៀល ថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៦ នៅចំណុចផ្ទះលេខ២៨FZ ផ្លូវ៦១០ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចកងរាជអាវុធហត្ថ បានឲ្យដឹងថា ដោយស៊ើបអង្កេតអស់រយៈពេលជាយូរមកហើយ ទើបកម្លាំងកងរាជអាវុធហត្ថរាជធានីភ្នំពេញ ចុះមកសហការជាមួយកម្លាំងកងរាជអាវុធហត្ថខណ្ឌទួលគោក និងកំណត់ទីតាំងច្បាស់លាស់ហើយ រួចក៏ឆ្មក់ចុះបង្ក្រាបជាក់ស្តែងតែម្តង ជាលទ្ធផលឃាត់ខ្លួនអ្នកកត់កន្ទុយលេខ ដែលជាម្ចាស់ទីតាំង រួមជាមួយអ្នកចាក់បាន៤នាក់ និង ដកហូតសម្ភារៈ រួមមាន៖ ម៉ាស៊ីនគិតលេខចំនួន៦, ម៉ាស៊ីនកូពី២, ទូរស័ព្ទ៣គ្រឿង, Iphone 6s១គ្រឿង , Iphone 5s ១គ្រឿង និង Ipad mini១គ្រឿង (ទូរស័ព្ទទាំងនេះ គឺប្រើសម្រាប់បង្ហោះតារាងកន្ទុយលេខដែលកត់ហើយចេញក្រៅ ) លុយ១៤១៥០០០ រៀល និង៥០ដុល្លារ( មួយលានបួនសែនមួយម៉ឺនប្រាំពាន់រៀល និងហាសិបដុល្លារ ) ។
បច្ចុប្បន្ន មនុស្សប្រុស ស្រីទាំង៤នាក់ខាងលើនេះ រួមនឹងវត្ថុតាងត្រូវបានបញ្ជូនទៅឃុំខ្លួនបណ្តោះអាសន្ន នៅការិយាល័យស្រាវជ្រាវបទល្មើសព្រហ្មទណ្ឌអាវុធហត្ថរាជធានីភ្នំពេញ ដើម្បីកសាងសំណុំរឿងចាត់ការតាមច្បាប់ ៕ ស ដារ៉ា