ភ្នំពេញ៖ ហ្វូងចោរប្រដាប់ដោយដាវសាំម៉ូរ៉ៃ បានស្ទាក់កាប់ប្លន់យកម៉ូតូមួយគ្រឿងបានសម្រេច បង្កឲ្យមានអសន្តិភាព និងភ័យខ្លាចចំពោះពលរដ្ឋស្លូតត្រង់ជាខ្លាំងក្នុងសង្កាត់ទួលសង្កែ ។
ហេតុការណ៍នេះ បានកើតឡើងនាម៉ោង២និង២០នាទីរំលងអធ្រាត្រទី១៤ ខែតុលា ឆ្នាំ ២០១៦ ត្រង់ចំណុចម្ដុំផ្សារទំនប់ផ្លូវ៥៩៨ ស្ថិតក្នុងសង្កាត់ទួលសង្កែ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
ប្រភពពីសមត្ថកិច្ចបានឲ្យដឹងថា ជនរងគ្រោះម្ចាស់ម៉ូតូរងរបួសដៃមានឈ្មោះ ស៊ីម សុខរុន ភេទប្រុស អាយុ២២ មុខរបរផ្សារដែក ស្នាក់នៅនិងស្រុកកំណើតភូមិវត្តស្នោ ឃុំស្រង់ ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ម្នាក់ទៀតមានឈ្មោះ ញឹម រ៉ាក់ ភេទប្រុស អាយុ ២៥ មុខជាងផ្សារដែក ស្នាក់នៅនិងស្រុកកំណើតជាមួយគ្នា ។
ប្រភពបន្តថា នៅមុនពេលកើតហេតុ គឺរូបគេទាំងពីរនាក់ និងមិត្តភក្ដិរបស់គេផ្សេងៗទៀតបានមកពីផឹកស៊ី និងដើរលេងនៅម្ដុំណាហ្គា ។ បន្ទាប់មក ជូនឈ្មោះ កម រាជ អាយុ២៣ឆ្នាំ មុខរបរជាងកញ្ចក់មកផ្ទះជួលប្រពន្ធ នៅចំណុចកើតហេតុខាងលើ ដោយជិះម៉ូតូចំនួនបួនគ្រឿង រួមទាំងម៉ូតូជនរងគ្រោះផងដែរ ។ លុះចូលទៅក្នុងប្លុកផ្ទះជួលមិត្តភក្ដិខាងលើ ដោយសារតែប្លុកនោះជាចំណុចស្ងាត់ជ្រងំ ហើយម៉ូតូជនរងគ្រោះ នៅក្រោយគេ ភ្លាមៗនោះ ក៏មានក្មេងស្ទាវចំនួនបីនាក់ ដើរចេញមកពីក្នុងប្លុកផ្ទះជួលនោះ ហើយបានដកដាវសាំម៉ូរៃ កាប់ជនរងគ្រោះទាំងពីរនាក់ បណ្ដាលឲ្យជនរងគ្រោះម្នាក់ត្រូវក្រុមចោរកាប់ក្បាល២ដាវ រងរបួសធ្ងន់ និងម្នាក់ទៀតរងរបួសដៃខាងឆ្វេងបន្តិចបន្តួច ហើយក្រុមចោរបានយកម៉ូតូ ម៉ាក Zoomer X សេរីឆ្នាំ ២០១៦ ពណ៌ខៀវ លាយឈាមជ្រូក ពាក់ស្លាកលេខ ភ្នំពេញ ១FY-០៦៤៩ របស់ជនរងគ្រោះ ជិះរត់គេចខ្លួនដោយសុវត្ថិភាព ៕