ព័ត៌មានទាន់ហេតុការណ៍៖

សម្តេចតេជោ ហ៊ុន សែន ជួបពិភាក្សាការងារជាមួយប្រធានក្រុមប្រឹក្សាភិបាលធនាគារនីហរ័ណអាហរ័ណចិន

ចែករំលែក៖

ភ្នំពេញ៖ នៅព្រឹកថ្ងៃទី ១៤ ខែតុលា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា បានអនុញ្ញាតិឲ្យ លោកស្រី Hu Xiaolian ប្រធានក្រុមប្រឹក្សាភិបាលធនាគារនីហរ័ណអាហរ័ណ នៃប្រទេសចិន ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារនៅវិមានសន្តិភាព។

លោកស្រី បានជំរាបជូនសម្តេចតេជោនាយករដ្ឋមន្រ្តី អំពីសកម្មភាពធនាគារដែលបានដើរតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍគម្រោងអភិវឌ្ឍន៍នានានៅក្នុងប្រទេសកម្ពុជា។

លោកស្រីក៏បានថ្លែងអំណរគុណដល់សម្តេចតេជោ ដែលបានអនុញ្ញាតឲ្យលោកជំទាវបានចូលជួបសម្តែងការគួរសម និងជាពិសេសនៅក្នុងកំឡុងពេលដំណើរទស្សនៈកិច្ចផ្លូវរដ្ឋរបស់លោកប្រធានាធិបតី ស៊ី ជីនពីងដែលលោកជំទាវបានចុះហត្ថលេខាលើឯកសារមួយចំនួនកាលពីម្សិលមិញ។
ធនាគារលោកស្រីមានគម្រោងលើវិស័យចំនួនបួននៅកម្ពុជា ១)-វិស័យកសិកម្ម, ២)-ហេដ្ឋារចនាសម្ព័ន្ឋ ៣)-ទេសចរណ៍ និង៤)វាយណភ័ណ។បច្ចុប្បន្ននេះ ធនាគាររបស់លោកជំទាវកំពុងអនុវត្តន៍លើ៧៧គម្រោង ក្នុងនោះមាន៥០គម្រោងពាក់ព័ន្ធទៅនឹងការផ្តល់ឥណទានសម្បទានដល់រាជរដ្ឋាភិបាលកម្ពុជាដែលផ្តោតសំខាន់លើការកសាងផ្លូវ។ កន្លងមកធនាគាររបស់លោកជំទាវ បានកសាងផ្លូវបានចំនួន២៥០០គីឡូម៉ែត្រសម្រាប់ប្រទេសកម្ពុជា។ វិស័យផ្សេងទៀតដែលធនាគារយកចិត្តទុកដាក់គឺ ការអភិវឌ្ឍជនបទ និងធារាសាស្ត្រដែលធានាគារបានផ្តល់ទុនលើផ្ទៃដីចំនួន៤៥ហិកតា។ មាន១០គម្រោងទៀត ជាគម្រោងខ្នាតតូច ដែលពាក់ព័ន្ធទៅនឹងវិស័យអគ្គីសនី។

លោកស្រីបានមើលឃើញអំពីកំណើនសេដ្ឋកិច្ចកម្ពុជាដែលកំពុងដើរលឿន ហើយលោកជំទាវរីករាយនឹងបន្តគម្រោង និងសហការណ៍ជាមួយកម្ពុជាដើម្បីជួយជំរុញដល់កំណើនសេដ្ឋកិច្ចជាតិ។

លោកស្រីក៏បានកោតសរសើរដល់សម្តេចតេជោ ដែលបានធ្វើឲ្យកំណើនសេដ្ឋកិច្ចថេរ និងរយៈពេលវែង ជាពិសេសធ្វើឲ្យរដ្ឋាភិបាលចិន និងអ្នកវិនិយោគចិនមានជំនឿទុកចិត្តក្នុងការវិនិយោគនៅកម្ពុជាជាបន្តទៀត។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ដល់លោកជំទាវដែលបានគាំទ្រដល់គម្រោងកម្ពុជា ដែលបានដាក់ទៅភាគីចិន។ សម្តេចបានបញ្ជាក់ពីគោលនយោបាយសំខាន់ របស់រាជរដ្ឋាភិបាល ធ្វើយ៉ាងណាជម្រុញចំណាយ ដើម្បីកំណើនសេដ្ឋកិច្ច។ សម្តេចតេជោក៏បានបញ្ជាក់ផងដែរថា កំណើនសេដ្ឋកិច្ចរបស់កម្ពុជា ធ្វើយ៉ាងណាចែករំលែកផ្លែផ្កានៃកំណើនសេដ្ឋកិច្ចនេះ ទៅដល់ប្រជាពលរដ្ឋនៅទូទាំងប្រទេស ហើយជាពិសេសគឺការកាត់បន្ថយភាពក្រីក្រ និងគម្លាតរវាងទីក្រុង និងជនបទ ហើយអ្វីដែលសំខាន់ គឺការស្តារប្រព័ន្ធធារាសាស្ត្រ ដើម្បីចូលរួមអភិវឌ្ឍវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា។

សម្តេចតេជោបានបន្តថា ការកសាងផ្លូវ, ស្ពាន, បណ្តាញអគ្គីសនី និងប្រព័ន្ធធារាសាស្ត្រនេះ ត្រូវការវិនិយោគធំ ហើយជាការវិនិយោគថេរ។ អ្វីដែលសម្តេចចង់ឃើញនោះគឺ ទី១)ការបន្តរក្សាអត្រាប្រាក់នៃកម្ចីសម្បទាននៅដដែល, ២)សម្តេចសូមឲ្យភាគីចិនធ្វើយ៉ាងណាបង្កើនល្បឿននៃការអនុវត្តគម្រោង ដែលរដ្ឋាភិបាលកម្ពុជាបានដាក់ជូនអោយគម្រោងឆាប់បានយកមកអនុវត្ត, ៣)សម្តេចតេជោចង់ឲ្យវិនិយោគចិនចូលរួមយ៉ាងសកម្មថែមទៀត លើវិស័យកសិកម្ម នៅក្នុងប្រទេសកម្ពុជា ដោយសារកសិកម្មជាវិស័យមួយដ៏ធំនៃសេដ្ឋកិច្ចកម្ពុជា ជាពិសេសគឺការកែឆ្នៃអង្ករ ឡសំងួត និងឃ្លាំងទុកដាក់អង្ករជាដើម។

លោកស្រីបានសន្យាសហប្រតិបត្តិការ និងខិតខំជំរុញគម្រោងដែលរដ្ឋាភិបាលបានសម្រេចហើយ អោយឆាប់បានទទួលឥណទានយកមកអនុវត្តគម្រោងអោយបានឆាប់ ៕

1 2 3 4 5


ចែករំលែក៖