ព័ត៌មានទាន់ហេតុការណ៍៖

នគរបាលខេត្តកណ្តាលចាប់ខ្លួនបុរសម្នាក់ពីបទជួញដូរគ្រឿងញៀនខុសច្បាប់

ចែករំលែក៖

ខេត្តកណ្តាលៈ បុរសម្នាក់ជាបេក្ខជនដែលទើបប្រឡងចូលក្នុងក្របខ័ណ្ឌនគរបាលជាតិ បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល តែមិនទាន់ដឹងថាជាប់ឬក៏ធ្លាក់ផងនោះ ត្រូវបានសមត្ថកិច្ចនគរបាលការិយាល័យប្រឆាំងគ្រឿងញៀនខេត្តកណ្តាល ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ឈឿន សុចិត្ត ស្នងការរងទទួលផែនប្រឆាំងបទល្មើស ចាប់ខ្លួនដោយអនុវត្តតាមដីកាឲ្យនាំខ្លួនរបស់សាលាដំបូងខេត្តកណ្តាល ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ។ ប្រតិបត្តិការនេះធ្វើឡើងនៅវេលាល្ងាចថ្ងៃទី១៣ ខែតុលា ឆ្នាំ២០១៦ នៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ។

មន្ត្រីនគរបាលខេត្តកណ្តាលបានឲ្យដឹងថា ជនត្រូវចោទដែលត្រូវបានចាប់ខ្លួននោះឈ្មោះ ផុន ពិសី ភេទប្រុស អាយុ២៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ មិនពិតប្រាកដ មានទីលំនៅភូមិត្រពាំងសុក្រម ឃុំបែកចាន ស្រុកអង្គស្នួល ។ ជននេះមានដីកាបង្គាប់ឲ្យនាំខ្លួនលេខ៥០៤ ចុះថ្ងៃទី០៧ ខែតុលា ឆ្នាំ២០១៦ ដោយលោក ទី សំណាង ចៅក្រមស៊ើបសួរនៃសាលាដំបូងខេត្តកណ្តាល ចោទប្រកាន់ពីបទជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ប្រព្រឹត្តនៅភូមិព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល កាលពីថ្ងៃទី២៨ ខែសីហា ឆ្នាំ២០១៦ ។

មន្ត្រីនគរបាលបានបន្តថា ជនត្រូវចោទឈ្មោះ ផុន ពិសី នេះ គឺបេក្ខជនដែលទើបប្រឡងចូលក្នុងក្របខ័ណ្ឌនគរបាលជាតិ បម្រើការងារនៅស្នងការដ្ឋាននគរបាលខេត្តកណ្តាល កាលពីថ្ងៃអាទិត្យ ទី០៩ ខែតុលា ឆ្នាំ២០១៦ នៅមណ្ឌលប្រឡងវិទ្យាល័យ ហ៊ុន សែន តាខ្មៅ តែមិនទាន់ដឹងថាជាប់ឬក៏ធ្លាក់ផង ស្រាប់តែត្រូវសមត្ថកិច្ចចាប់ខ្លួនតែម្តង ។

ជនត្រូវចោទត្រូវបានសមត្ថកិច្ចនគរបាល ធ្វើការសាកសួរបឋមនៅការិយាល័យប្រឆាំងគ្រឿងញៀន ទើបបញ្ជូនទៅកាន់សាលាដំបូងខេត្តកណ្តាល ដើម្បីចាត់ការតាមច្បាប់ ។ ជនត្រូវចោទបានសារភាពថា អស់រយៈពេលជាង២ឆ្នាំមកហើយដែលខ្លួន និងបក្សពួកបានជួញដូរ និងប្រើប្រាស់គ្រឿងញៀនខុសច្បាប់ នៅចំណុចឃុំព្រៃពួច ស្រុកអង្គស្នួល ។ ចំពោះបក្សពួកមានចំនួន០៤នាក់ ត្រូវបានកម្លាំងសមត្ថកិច្ចចាប់ខ្លួនអស់ហើយ បច្ចុប្បន្នកំពុងជាប់ក្នុងពន្ធនាគារខេត្តកណ្តាល ៕ ស្អាងជ័យ

wt t3 tt3 we


ចែករំលែក៖