ព័ត៌មានទាន់ហេតុការណ៍៖

សាលាក្តីខ្មែរក្រហមនឹងប្រកាសសាលដីកាសំណុំរឿង នួន ជា,ខៀវ សំផន ថ្ងៃទី២៣វិច្ឆិកា

ចែករំលែក៖

ភ្នំពេញ ៖ អង្គជំនុំជម្រះតុលាការកំពូលនៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជានឹងប្រកាសសាលដីកាស្ថាពរលើសំណុំ រឿង០០២/០១ ដែលមានជនជាប់ចោទ នួន ជា និងខៀវ សំផន នៅថ្ងៃទី២៣ ខែ វិច្ឆិកា ឆ្នាំ២០១៦។ នេះគឺជាការបញ្ជាក់ របស់លោក នេត្រ ភក្ត្រា មន្ត្រីនាំពាក្យសាលា ក្តីខ្មែរក្រហមនៅថ្ងៃទី១៣ ខែតុលា ឆ្នាំ ២០១៦ នៅសារមន្ទីរប្រល័យពូជសាសន៍ ទួលស្លែងចំពោះមុខប្រជាពលរដ្ឋជាង ២៥០នាក់មកពីតំបន់ជុំវិញទីតាំងឧក្រិដ្ឋកម្មទួលពោធិ៍ជ្រៃនៅក្នុងស្រុកកណ្តៀង ខេត្ត ពោធិ៍សាត់ ។ មន្ត្រីនាំពាក្យរូបនេះបាន ជម្រាបបងប្អូនប្រជាពលរដ្ឋថា ទីតាំងសម្លាប់មនុស្សនៅទួលពោធិ៍ជ្រៃគឺជាទីតាំងឧក្រិដ្ឋកម្មមួយ ដែលត្រូវបានដាក់បញ្ចូលក្នុងអង្គហេតុជំនុំជម្រះក្តីប្រឆាំង នឹងជនជាប់ចោទ នួន ជា និងខៀវ សំផន ក្នុងសំណុំរឿង ០០២/០១។

លោក នេត្រ ភក្ត្រា បានថ្លែងថា សំណុំ រឿង០០២/០១ គឺជាការជំនុំជម្រះលើកទី១ នៃការជំនុំជម្រះយ៉ាងតិច២ ប្រឆាំងនឹង នួន ជា អតីតអនុលេខាបក្សកុម្មុយនីស្តកម្ពុជា និង ខៀវ សំផន អតីតប្រមុខរដ្ឋនៃរបបកម្ពុជា ប្រជាធិបតេយ្យ ។ បទចោទនៅក្នុងសំណុំ រឿង០០២/០១នេះគឺផ្តោតលើបទឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្សជាតិដែលរងការចោទប្រកាន់ក្នុងអំឡុងពេលជម្លៀសប្រជាជននៅទីក្រុងភ្នំពេញ ក្នុងខែមេសា ឆ្នាំ១៩៧៥ និងការផ្លាស់ទីដោយបង្ខំបន្តបន្ទាប់ពីតំបន់ដទៃទៀតរួមទាំងការកាប់សម្លាប់ដែលរងការចោទប្រកាន់នៅទួលពោធិ៍ជ្រៃក្នុងខេត្តពោធិ៍សាត់ ។ នៅថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៤ អង្គជំនុំជម្រះសាលាដំបូងរកឃើញថា ជនជាប់ចោទមានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំង មនុស្សជាតិនិងបានសម្រេចប្រកាសទោសដាក់ពន្ធនាគារជនជាប់ចោទទាំងពីរអស់ មួយជីវិត ។ នួន ជា និង ខៀវ សំផនបាន ធ្វើបណ្តឹងសាទុក្ខប្រឆាំងនឹងសាលក្រម របស់អង្គជំនុំជម្រះសាលាដំបូងដោយម្នាក់ៗបានលើកទឡ្ហីករណ៍បណ្តឹងសាទុក្ខរៀងៗខ្លួនចំនួន ២២៣ និង ១៤៨ ។ បន្ថែមលើ នេះសហព្រះរាជអាជ្ញាបានដាក់បណ្តឹង សាទុក្ខដោយកម្រិតត្រឹមតែស្វែងរកដំណោះ ស្រាយដែលប្រកាសដោយអង្គជំនុំជម្រះ តុលាការកំពូលទាក់ទងនឹងភាពអាចអនុវត្តបាននូវទម្រង់ពង្រីកបន្ថែមនៃសហឧក្រិដ្ឋកម្មរួម ដែលហៅថា សហឧក្រិដ្ឋកម្មរួម
ទម្រង់ទី III” (JCE III) នៅចំពោះមុខ អ.វ.ត.ក ។

មន្ត្រីនាំពាក្យសាលាក្តីខ្មែរក្រហមក៏បានគូសបញ្ជាក់ដែរថា ដំណើរទស្សនកិច្ចរបស់ បងប្អូនប្រជាពលរដ្ឋមកកាន់សារមន្ទីរ ប្រល័យពូជសាសន៍គុកទួលស្លែង និងមជ្ឈមណ្ឌលប្រល័យពូជសាសន៍បឹងជើងឯកក៏ដូចជានៅសាលាក្តីខ្មែរក្រហមពិតជាមានសារសំខាន់ ក្នុងការសិក្សាស្វែងយល់ពីការពិតដែលកើតឡើងនៅក្នុងរបបខ្មែរក្រហម និងដំណើរស្វែងរកយុត្តិធម៌សម្រាប់ប្រជាជនកម្ពុជាទាំងនេះ ។ ដំណើរទស្សនកិច្ចនេះក៏បានពង្រឹងនូវការចងចាំអំពីប្រវត្តិសាស្ត្រ នៃរបបកម្ពុជាប្រជាធិបតេយ្យ និងឧក្រិដ្ឋ កម្ម និងការរងទុក្ខវេទនារបស់ប្រជាពលរដ្ឋកម្ពុជាផងដែរ ។

លោក នេត្រ ភក្ត្រា បានជម្រាបជូនដល់បងប្អូនប្រជាពលរដ្ឋអំពីដំណើរការរបស់សាលាក្តីខ្មែរក្រហមដែលបានសម្រេច នាពេលកន្លងមកក្នុងនោះឧក្រិដ្ឋកម្មដែលបានកើតឡើងនៅគុកទួលស្លែង និងនៅបឹងជើងឯកត្រូវបានយកទៅជំនុំជម្រះក្តីនៅសាលាក្តីខ្មែរក្រហមដោយជនជាប់ចោទ កាំង ហ្គេចអ៊ាវហៅឌុច អតីតប្រធានគុកទួល ស្លែងត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។ បច្ចុប្បន្ន ឌុច មានអាយុ៧៤ឆ្នាំ និង កំពុងតែអនុវត្តទោសជាប់ពន្ធនាគារមួយជីវិត របស់គាត់នៅពន្ធនាគារខេត្តកណ្តាល ។ លោកបានឱ្យដឹងផងដែរថា ការជំនុំជម្រះក្តី សំណុំរឿង០០២/០២ ដែលមានជនជាប់ ចោទ នួន ជា និងខៀវ សំផន បានដំណើរ ការរយៈពេលជាង២២០ ថ្ងៃហើយ និងបាន ស្តាប់ការផ្តល់សក្ខីកម្មសាក្សីជិត១០០នាក់ ដើមបណ្តឹងរដ្ឋប្បវេណីជាង៥០នាក់ និង អ្នកជំនាញចំនួន៥រូប ។ អង្គជំនុំជម្រះសាលា ដំបូងដែលកំពុងបើកសវនាការសួរដេញដោលលើភស្តុតាងក្នុងសំណុំរឿង ០០២/ ០២ទាក់ទងនឹងឧក្រិដ្ឋកម្មប្រឆាំងនឹងមនុស្ស ជាតិ ឧក្រិដ្ឋកម្មប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាម និងជនជាតិវៀតណាម និងឧក្រិដ្ឋកម្មសង្គ្រាម ហើយគ្រោងនឹង បញ្ចប់ការសួរដេញដោលនៅចុងឆ្នាំ២០១៦ នេះ ។ អង្គជំនុំជម្រះសាលាដំបូងគ្រោងនឹងប្រកាសសាលក្រមលើសំណុំរឿង០០២/ ០២ចុងឆ្នាំ២០១៧ ៕ សហការី

rous-3 rous-2 rous-1


ចែករំលែក៖