ខេត្តកំពង់ធំ៖ កាលពីម៉ោង១និង២០នាទី រលងអធ្រាត្រ ឈានចូលថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ នៅក្នុងភូមិតាញ៉ោក ឃុំប្រាសាទ ស្រុកសន្ទុក ខេត្តកំពង់ធំ មានករណីចោរលួចរថយន្ត និងទូរសព្ទ័ដៃចេញពីក្រុមហ៊ុនសំណង់សៀងហៃ(ចិន) ដែលបានដាក់ការដ្ឋានរបស់ក្រុមហ៊ុននៅចំណុចភូមិឃុំខាងលើបាត់ដោយសុវត្ថិភាព ។
ប្រភពព័ត៌មានពីកម្លាំងកងរាជអាវុធហត្ថបានឲ្យដឹងថា រថយន្ដដែលបាត់ម៉ាក ហ៊ត ពណ៌ខ្មៅ ពាក់ស្លាកលេខ A-T.16.2.0688 ចំនួន១គ្រឿង ទូរសព្ទ័ម៉ាកអាយហ្វូនស៊ិក ពណ៌សចំនួន១គ្រឿង ទូរស័ព្ទម៉ាកណូគារចុកពិល ពណ៌ទឹកប៊ិចចំនួន១គ្រឿង ដែលជាកម្មសិទ្ធិរបស់ឈ្មោះ វ៉ង សាងយាំង ភេទប្រុស អាយុ៥១ឆ្មាំ ជាជនជាតិចិន មុខងារក្នុងក្រុមហ៊ុនជាអ្នកម៉ៅការផ្នែកសំណង់ ។
ករណីខាងលើនេះ លោកវីរសេនីយ៍ត្រី ស្រីសំណាង មេបញ្ជាការកងរាជអាវុធហត្ថស្រុកសន្ទុកបានប្រាប់ថា លោកបានបញ្ជា កម្លាំងកងរាជអាវុធហត្ថស្រុក ក្នុងការរុករកស្រាវជ្រាវ ដើម្បីចាប់ជនសង្ស័យយ៉ាងដុតដៃដុតជើង តែពុំទាន់បានលទ្ធផលអ្វីទេ រហូតមកដល់ពេលនេះ និងបានកសាងសំណុំរឿងបញ្ជូនបន្ដតាមច្បាប់ ៕ ប៊ុនរិទ្ធី