ព័ត៌មានទាន់ហេតុការណ៍៖

ឯកឧត្តមប្រធានាធិបតីបារាំង៖ កម្ពុជា និងបារាំង មានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល និងបេតិកភណ្ឌ

ចែករំលែក៖

ប៉ារីស ៖  «សូមអរគុណចំពោះសម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្រាប់ការចូលរួមក្នុងកិច្ចប្រជុំកំពូលសុខភាពតែមួយ (One Health Summit) កាលពីម្សិលមិញនៅទីក្រុងលីយ៉ុង និងសម្រាប់ការពិភាក្សាផ្លាស់ប្តូរយោបល់រវាងយើងនៅថ្ងៃនេះ ក្នុងទីក្រុងប៉ារីស។ នេះបើតាមសេចក្តីថ្លែងការណ៍របស់ឯកឧត្តម Emmanuel Macron ប្រធានាធិបតីនៃសាធារណរដ្ឋបារាំង បន្ទាប់ពីជំនួបពិភាក្សាជាមួយសម្តេចធិបតីនាយករដ្ឋមន្ត្រី នៅទីក្រុងប៉ារីស កាលពីថ្ងៃទី៨ ខែមេសា ឆ្នាំ២០២៦។

ឯកឧត្តមប្រធានាធិបតីបារាំង បានបន្តថា៖ “រវាងកម្ពុជា និងបារាំង យើងមានប្រវត្តិសាស្ត្ររួមគ្នាដ៏ជ្រាលជ្រៅ ដែលកំពុងតែរីកចម្រើន និងកាន់តែរឹងមាំថែមទៀត ក្នុងវិស័យថាមពល សុខាភិបាល ក៏ដូចជាវិស័យបេតិកភណ្ឌ”។

ជាមួយគ្នានេះ ឯកឧត្តមប្រធានាធិបតីបារាំង បានបញ្ជាក់បន្ថែមផងដែរថា៖ “តាមរយៈអង្គការហ្វ្រង់កូហ្វូនី (Francophonie) យើងក៏កំពុងបន្តដំណើរជាមួយគ្នាផងដែរ បន្ទាប់ពីកិច្ចប្រជុំកំពូលនៅ Villers-Cotterêts ក្នុងឆ្នាំ២០២៤ ការណាត់ជួបបន្ទាប់ត្រូវបានកំណត់ធ្វើឡើងនៅភ្នំពេញ ដែលនៅទីនោះ ខ្ញុំនឹងមានសេចក្តីសោមនស្សរីករាយក្នុងការទៅបំពេញទស្សនកិច្ចនាខែវិច្ឆិកា។ នេះជាឱកាសបន្ថែមមួយទៀត ដើម្បីពង្រឹងចំណងមិត្តភាពដែលផ្សារភ្ជាប់ប្រទេសទាំងពីរ ឱ្យកាន់តែស្អិតរមួតខ្លាំងឡើង”។

(ប្រភព៖ ស្ថានទូតបារាំងប្រចាំកម្ពុជា)


ចែករំលែក៖