ខេត្តបាត់ដំបង ៖ «ពិតជាមនុស្សចង្រៃផុតលេខមែន» អាជ្ញាធរខេត្តបានចំណាយពេលវេលាជាងកន្លះខែកន្លងមកហើយ ថែមទាំងចំណាយថវិការាប់ម៉ឺនដុល្លារទៀតដើម្បីទិញសម្ភារអគ្គិសនី យកមកតុបតែងលម្អតាមបណ្ដាស្ពាន និងតាមដងផ្លូវសាធារណៈនានានៅក្នុងក្រុងបាត់ដំបង ដើម្បីរង់ចាំទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីខ្មែរ ប៉ុន្តែបែរជាមានជនចង្រៃផុតលេខម្នាក់បានដើរលួចដោះយកអំពូលនៅតាមស្ពាននៅពេលយប់ស្ងាត់ តែត្រូវកម្លាំងអធិការដ្ឋានក្រុងបាត់ដំបងតាមក្របួចអូស.កបានភ្លាមៗដែរ ជាមួយនឹងអំពូលភ្លើងប្រមាណ១០គ្រាប់ ។
មន្ត្រីនគរបាលក្រុងបាត់ដំបងឲ្យដឹងថា អំពើ «ចោរកម្ម» បានកើតឡើងនៅវេលាម៉ោង១និង៣០នាទីរំលងអធ្រាត្រឈានចូលថ្ងៃទី០៩ មេសា នៅចំណុចលើស្ពានសម្ដេចក្រឡាហោម ស ខេង ក្នុងសង្កាត់រតនៈ ក្រុងបាតដំបង (ចំកណ្ដាលបេះដូងទីក្រុងបេតិកភណ្ឌ)។ ក្រោយកើតហេតុបន្តិច កម្លាំងជំនាញនៃអធិការដ្ឋានក្រុងបាត់ដំបងបានចេញអន្តរាគមន៍តាមចាប់ខ្លួនជនចង្រៃម្នាក់នោះបានភ្លាមៗ ដែលកំពុងដើរកាន់អំពូលភ្លើងមួយចង្កោម ។
តាមរបាយការណ៍ដដែលបានឱ្យដឹងទៀតថា ជនអន្ធពាលម្នាក់នោះឈ្មោះ ម៉ែន សុជាតិ ភេទប្រុស អាយុ៣៣ឆ្នាំ រស់នៅភូមិទូលតាឯក សង្កាត់ទូលតាឯក ក្រុងបាត់ដំបង ។ សមត្ថកិច្ចបានបញ្ជាក់ថា ប្រជាពលរដ្ឋបានរាយការណ៍អំពីអំពើចោរកម្មនេះ ពេលគេឃើញជននេះបាននិងកំពុងដើរដោះយកអំពូលនៅលើស្ពាន ។
មន្ត្រីជំនាញបានចេញអន្តរាគមន៍ភ្លាមៗទៅកាន់ចំណុចកើតហេតុ និងបានប្រទះឃើញជនចង្រៃម្នាក់នេះដើរកាន់ថង់ច្រកអំពូល ទើបឃាត់ខ្លួនយកទៅសួរនាំតែម្ដង។
នៅចំពោះមុខសមត្ថកិច្ចនិងវត្ថុតាងនៅក្នុងដៃជនអន្ធពាលនេះមិនបានបដិសេធទេ ។ ជននេះបានសារភាពទទួលស្គាល់ថា ខ្លួនពិតជាបានដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះនៅតាមស្ពានមែន។
ដើម្បីចូលរួមអបអរទទួលស្វាគមន៍ពិធីបុណ្យចូលឆ្នាំថ្មី ប្រពៃណីខ្មែរនាពេលដ៏ឆាប់ខាងមុខនេះរដ្ឋបាលខេត្តបាត់ដំបង បានរៀបចំតុបតែងលម្អដោយភ្លើងពណ៌ចម្រុះនៅតាមបណ្ដាស្ពាននានាតាមដងស្ទឹងសង្កែ និងតាមដងផ្លូវនានានៅក្នុងក្រុងបាត់ដំបង ជាពិសេសនៅក្នុងតំបន់កម្សាន្តនៅជួរខាងមុខរដ្ឋបាលខេត្តតែម្ដង ដែលមានសាងសង់តូបតូចៗ សម្រាប់លក់ដូរទំនំនិញ វត្ថុអនុស្សាវរីយ៍ លក់ចំណីអាហារនានាឬកសិផលនិងផលិតផលក្នុងខេត្ត ។
ដោយឡែក ជនដែលដើរលួចដោះអំពូលភ្លើងពណ៌ចម្រុះដែលសមត្ថកិច្ចឃាត់ខ្លួនបានខាងលើនេះ ទំនងមិនបានឃើញភ្លើងពណ៌ចម្រុះនាពេលរាត្រីក្នុងថ្ងៃចូលឆ្នាំថ្មីប្រពៃណីខ្មែរទេ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច