ខេត្តសៀមរាប៖ កម្លាំងសមត្ថកិច្ចចម្រុះមាន កងរាជអាវុធហត្ថខេត្ត និង នគរបាលព្រហ្មទណ្ឌកំរិតស្រាល ដឹកនាំដោយលោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការរុះរើផ្ទះ អ្នកចាញ់ក្តី ជាលើកទី៣ រហូតបានសម្រេច ខណៈពួកគេរារាំងសមត្ថកិច្ច ឃាត់ខ្លួនអ្នកចាញ់ក្តី២នាក់ឪពុក និងកូន រួចបញ្ជូនទៅកាន់ស្នងការខេត្ត ដើម្បីអនុវត្តតាមសាលដីការបស់តុលាការកំពូល លេខ១០ (ក) ចុះថ្ងៃទី៦ ខែមករា ឆ្នាំ២០១៥ ចេញដោយលោក ឌិត មុន្នី ប្រធានតុលាការកំពូល ។
ហេតុការណ៍នេះបានធ្វើឡើងកាលពីវេលាម៉ោង៩និង០០នាទីព្រឹក ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៦ ក្នុងភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោក សំរិទ្ធ សុខុន ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្តសៀមរាបបានប្រាប់នៅព្រឹកថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ថា ដោយមានសេចក្តីសម្រេចរបស់តុលាការកំពូល រួចមក ទើបលោកបានចុះអនុវត្តតាមសាលដីកា ដឹកនាំកម្លាំងសមត្ថកិច្ចចម្រុះ ចុះរុះរើ ផ្ទះមួយកន្លែង ស្ថិតនៅភូមិ ឃុំខាងលើ ព្រោះអ្នកឈ្នះក្តីពីតុលាការកំពូល មានឈ្មោះ ឡោ ប៉េងលន់ ភេទប្រុស អាយុ៦០ ឆ្នាំ មានទីលំនៅភូមិបន្ទាយចាស់ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។ ចំណែកអ្នកចាញ់ក្តីឈ្មោះ ថៃ ម៉េង អាយុ៥៧ឆ្នាំ រស់នៅភូមិចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
បន្ទាប់ពីបានចុះរុះរើផ្ទះខាងលើ ពេលនោះត្រូវបានក្រុមគ្រួសាររបស់អ្នកចាញ់ក្តី រារាំង ជាច្រើនដង ធ្វើឱ្យសមត្ថកិច្ចរបស់ធ្វើការមិនកើត ដូច្នេះលោកឱ្យសមត្ថកិច្ចអនុវត្តទៅធ្វើតាមច្បាប់ឃាត់ខ្លួន២នាក់ឪពុក និងកូន យកទៅទុកនៅស្នងការខេត្តបណ្តោះអាសន្នសិន ដោយ (ចោទ ពីបទ រារាំងសមត្ថកិច្ច ដែលបានចុះអនុវត្តសាលដីការបស់តុលាការកំពូល គ្រប់ដំណាក់កាល និងគំរាមកាប់ កម្មករ និងកងកម្លាំងប្រដាប់អាវុធ ព្រមទាំងប្រឆាំង និងការអនុវត្តរបស់តុលាការថែមទៀត)។ ក្នុងនោះ ក៏ត្រូវបានកម្មករម្នាក់ ដែលបានឡើងទៅរើ ដំបូលផ្ទះនោះ បានធ្លាក់ចុះមកដី បណ្តាលឱ្យរបួសធ្ងន់ រួចបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗផងដែរ ។
ឡោ ប៉េងលន់ អ្នកឈ្នះក្ដីបានរៀបរាប់ប្រាប់កាលពីរសៀល ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ថា ករណីរឿងដីធ្លីនេះ បានកើតអស់រយៈពេលជាង២០ឆ្នាំកន្លងមកហើយ វាជារឿងយុត្តិធម៌របស់តុលាការកំពូល ព្រោះដីនេះ ជាដីធ្លីរបស់ខ្ញុំពិតប្រាកដ មិនមែនខ្ញុំយកដីរបស់គេ ដូចក្នុងសង្គមហ្វេសបុក បានបង្ហោះតាមសម្តីរបស់អ្នកចាញ់ក្តីខ្ញុំនោះទេ ចំពោះការប្តឹងផ្តល់គ្នាអស់រយៈពេលជាយូរឆ្នាំមកហើយ លោកបានឈ្នះក្តីតាំងពីខេត្តសៀមរាប រហូតដល់តុលាការកំពូល ។
លោកបានបញ្ជាក់បន្ថែមថា ក្រោយពីតុលាការកំពូលបានចេញសាលដេការសម្រេច មកឱ្យតុលាការខេត្តសៀមរាប ចុះអនុវត្តសាលដេការ ចំនួន៣ដង ទើបបានសម្រេចនៅព្រឹកថ្ងៃទី១៧ខែតុលាឆ្នាំ២០១៦នេះតែម្តង។ រីឯ អ្នកចាញ់ក្តី ឈ្មោះ ថៃ ម៉េង បានស្រែកឡូឡា ពេញមុខផ្ទះរបស់គាត់ថា អយុត្តិធម៌ណាស់ ដែលតុលាការបានឱ្យកម្លាំងសមត្ថកិច្ចចុះរុះរើផ្ទះ របស់គាត់ ដោយគ្មានបានប្រាប់គាត់ជាមុន ព្រោះគាត់មានច្បាប់ចេញដោយ មន្ទីរសុរិយោដីត្រឹមត្រូវ តើខាងនោះមានអ្វីមកនិយាយជាមួយគាត់។
សូមរម្លឹកផងដែរថា តុលាការខេត្តសៀមរាប ចុះអនុវត្តន៍សាលដេការរបស់តុលាការកំពូល រហូតបានសម្រេច ជាលើកទី៣ ក្នុងនោះមាន លើកទី១ នៅថ្ងៃទី៤ ខែឧសភា ឆ្នាំ២០១៦ អនុវត្តដីកា លើកទី២ នៅថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៦ និងលើកទី៣ នៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ ទើបបានសម្រេច ៕ ប៊ុនរិទ្ធី