ព័ត៌មានទាន់ហេតុការណ៍៖

នគរបាល​ខណ្ឌ​ដូនពេញ​ ឃាត់ខ្លួន​ថៅកែ​ហាងម៉ាស្សា​យីហោ​ ទូច រ៉ង​ ក្រោយសមគំនិតលួចលុយជនជាតិជប៉ុន០២នាក់

ចែករំលែក៖

ភ្នំពេញ​៖​ លោក​ ទៀង​ ច័ន្ទ​សារ​ អធិការនគរបាលខណ្ឌដូនពេញ​ បានឱ្យដឹងថា​ ក្រោមការ​យកចិត្តទុកដាក់​ពី​លោកឧត្តមសេនីយ៍ឯក​ ជួន​ ណារិន្ទ​ អគ្គស្នងការ​រង​ និង​ជា​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ​ កម្លាំងសមត្ថកិច្ចជំនាញ​ខណ្ឌ​ដូនពេញ​ បានចុះស្រាវជ្រាវ​រហូត​ឈាន​ដល់​ការ​បង្រ្កាប​ និងឃាត់ខ្លួន​ជនសង្ស័យបានហើយ​ ពាក់ព័ន្ធ​ករណី អំពើលួច (ប្រាក់របស់ជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធចំនួន២០.០០០យ៉េនក្នុងទីតាំងម៉ាស្សា) កាលពីថ្ងៃទី២៤ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង ២៣និង០០នាទីយប់នៅចំណុចផ្ទះលេខ៥១ ផ្លូវលេខ១៧២ សង្កាត់ជ័យជំនះ ខណ្ឌដូនពេញ។

លោក​ ទៀង​ ច័ន្ទ​សារ​ បានឱ្យដឹងទៀតថា​ ក្រោយពីទទួលបានពត៌មានតាមបណ្តាញសង្គមនិងបណ្តឹងរបស់ជនរងគ្រោះ​ នៅថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៦ ភ្លាមកម្លាំងជំនាញរបស់អធិការដ្ឋានខណ្ឌនិងប៉ុស្តិ៍ បានបើកការស្រាវជ្រាវ រហូតដល់វេលាម៉ោង១៦និង០០នាទី កម្លាំងយើងក៏បានធ្វើការឃាត់ខ្លួនបានម្ចាស់ទីតាំងម៉ាស្សាឈ្មោះ ទូច រ៉ង ភេទប្រុស អាយុ៣៣ឆ្នាំ នៅក្នុងតំបន់បឹងកក់ សង្កាត់ស្រះចក​ និងបាននាំមកប៉ុស្តិ៍នគរបាលរដ្ឋបាលជ័យជំនះដើម្បីសាកសួរ។​ បន្ទាប់ពីធ្វើការសាកសួរជនសង្ស័យបានសារភាពថារូបខ្លួនពិតជាបានចូលរួមសមគំនិត ក្នុងអំពើលួចលុយរបស់ជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធនោះប្រាកដមែន។​ 

ចំណែកនារីម៉ាស្សាចំនួន០២ទៀត​ ទី១/ឈ្មោះ​ អាម៉ី ភេទស្រី អាយុប្រហែល២៥ឆ្នាំ ជនជាតិខ្មែរ​ និងទី២/ឈ្មោះ​ រីណា ភេទស្រី អាយុប្រហែល២៧ឆ្នាំជនជាតិខ្មែរ(គេចខ្លួន)​ សមត្ថកិច្ចជំនាញ​បាននិងកំពុងបន្តការស្រាវជ្រាវស្វែងរកដើម្បីយកមកចំណាត់ការតាមនីតិវិធីច្បាប់។ ដោយឡែកទីតាំងម៉ាស្សាត្រូវបានអជ្ញាធរសមត្ថកិច្ចធ្វើការបិទអាជីវកម្ម និងបន្តបិទឃ្លុំទីតាំងនេះតែម្តង។

ក្រោយឃាត់ខ្លួន​ចំពោះមុខសមត្ថកិច្ចជំនាញបានទំនាក់ទំនងរកជនរងគ្រោះជនជាតិជប៉ុន០២នាក់ប្តីប្រពន្ធខាងលើដើម្បីប្រគល់ប្រាក់ជូនពួកគាត់វិញ៕ ដោយ​៖ តារា​


ចែករំលែក៖