ភ្នំពេញ៖ យោងតាមរបាយការណ៍របស់អគ្គនាយកដ្ឋានអន្តោប្រវេសន៍នាព្រឹកថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៦ បានឲ្យដឹងថា ចាប់ពីចន្លោះថ្ងៃទី២០ ដល់ថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦ អាជ្ញាធរកម្ពុជា បានបណ្ដេញជនបរទេសសរុបចំនួន ២,៦៧១នាក់ (ស្រី ៥៨៥នាក់) ដែលមានដល់ ២៩សញ្ជាតិ ចេញពីព្រះរាជាណាចក្រកម្ពុជា បន្ទាប់ពីរកឃើញពាក់ព័ន្ធសកម្មភាពខុសច្បាប់នានា។
ប្រតិបត្តិការនេះ ត្រូវបានអនុវត្តតាមការណែនាំរបស់ថ្នាក់ដឹកនាំក្រសួងមហាផ្ទៃ ដោយអគ្គនាយកដ្ឋានអន្តោប្រវេសន៍ បានសហការជាមួយអង្គភាពពាក់ព័ន្ធ បន្តអនុវត្តវិធានការតឹងរឹងលើជនបរទេសដែលល្មើសច្បាប់។
ក្នុងចំណោមអ្នកត្រូវបានបណ្ដេញចេញ មានជនជាតិចិន ៣០៦នាក់ និងជនជាតិថៃ ៦៣៥នាក់ ពាក់ព័ន្ធនឹងករណីឆបោកតាមប្រព័ន្ធអនឡាញ (Online Scam) ខណៈជនបរទេសផ្សេងទៀត ពាក់ព័ន្ធបទល្មើសដូចជា លួចឆ្លងដែន បន្លំឯកសារ ស្នាក់នៅគ្មានលិខិតត្រឹមត្រូវ ប្រើប្រាស់ទិដ្ឋាការក្លែងក្លាយ ការងារខុសច្បាប់ និងបទល្មើសព្រហ្មទណ្ឌផ្សេងៗ។
ជនបរទេសទាំងនេះ ត្រូវបានបណ្ដេញចេញតាមច្រកទ្វារអាកាស និងច្រកទ្វារព្រំដែនអន្តរជាតិ ដូចជា អាកាសយានដ្ឋានសៀមរាបអង្គរ ប៉ោយប៉ែត និងអាកាសយានដ្ឋានអន្តរជាតិតេជោ។
អាជ្ញាធរ បានបញ្ជាក់ថា វិធានការនេះ គឺជាផ្នែកមួយនៃយុទ្ធនាការរឹតបន្តឹងច្បាប់ ដើម្បីបង្ការ និងបង្ក្រាបឧក្រិដ្ឋកម្មបច្ចេកវិទ្យា ជាពិសេសសកម្មភាពឆបោកអនឡាញ ដោយមានគោលបំណងធានាសុវត្ថិភាពសង្គម និងការពារប្រជាពលរដ្ឋទាំងក្នុងប្រទេស៕ជ្រោយពេជ្រ

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច