ខេត្តពោធិ៍សាត់៖ យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះចំនួន ៦៥គ្រាប់ ត្រូវបានកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace) កំលាំសមត្ថកិច្ចនគរបាលស្រុកបាកាន ប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោសហការជាមួយប្រជាពលរដ្ឋចំនួន ០៧ភូមិ ប្រមូលយកទៅកម្ទេចចោលតាមបច្ចេកទេសរបស់មន្រ្តីជំនាញ ។
ប្រតិបត្តិការខាងលើនេះ ប្រព្រឹត្តឡើងតាំងពីថ្ងៃទី ១២ រហូតដល់ថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦ តាមតំបន់នានាស្ថិតក្នុងភូមិប្រហាល, ភូមិសំសាន្ត, ភូមិព្រែកកន្ទួត, ភូមិបោសគរ, ភូមិបឹងកក់, ភូមិព្រៃកន្ទួត, ភូមិតាំងគោក, និងភូមិតាលោ ឃុំតាលោ ស្រុកបាកាន ខេត្តពោធិ៍សាត់ ។
លោកអនុសេនីយ៍ឯក រ៉ង សុវណ្ណរឿន នាយប៉ុស្ដិ៍នគរបាលរដ្ឋបាលតាលោ បានឱ្យដឹងនៅរសៀលថ្ងៃទី១៩ ខែតុលា ឆ្នាំ២០១៦នេះថា កិច្ចសហការរវាងកម្លាំងអង្គការ ហេលឡូត្រាស់ (Hello Trace) កំលាំនគរបាលស្រុក ប៉ុស្ដិ៍រដ្ឋបាលតាលោនិងប្រជាពលរដ្ឋខាងលើ លទ្ធផលប្រមូលបានគ្រាប់យុទ្ធភ័ណ្ឌមិនទាន់ផ្ទុះដែលបន្សល់នៅពីសម័យកាលសង្គ្រាមបានចំនួន ៦៥គ្រាប់ ។
លោកនាយប៉ុស្ដិ៍នគរបាលរដ្ឋបាលបន្តថា រយៈពេល ០៩ថ្ងៃកន្លងមកនេះ កម្លាំងធ្វើការរុករកនិងប្រមូលបានគ្រាប់ទាំងចំនួន ៦៥គ្រាប់ គឺប្រភេទគ្រាប់ដូចជា ទី១ ម៉ូទ័រ ៦០មីលីម៉ែត្រចំនួន ០១គ្រាប់ ទី២ T ៦៩ចំនួន ០៨គ្រាប់ ទី៣ ៦០មីលីម៉ែត្រចំនួន ១១គ្រាប់ ទី៤ ៧២Aចំនួន ០៣គ្រាប់ ទី៥ ម៉ូទ័រ ៨២មីលីម៉ែត្រចំនួន ០១គ្រាប់ ទី៦ PG7 ចំនួន ១៧គ្រាប់ ទី៧ PG2ចំនួន០២គ្រាប់ ទី៨ RGD5ចំនួន ០១គ្រាប់ ទី៩ ៨២មីលីម៉ែត្រចំនួន ១០គ្រាប់ ទី១០ F1ចំនួន ០១គ្រាប់ ទី១១ ៨២,២ចំនួន ០២គ្រាប់ ទី១២ B40ចំនួន ០៣គ្រាប់ ទី១៣ B40,5ចំនួន ០៣គ្រាប់ ទី១៤ M46ចំនួន ០២គ្រាប់ ។
លោក អនុសេនីយ៍ឯកបន្តទៀតថា គ្រាប់យុទ្ធមិនទាន់ផ្ទុះទាំង ៦៥គ្រាប់នេះ កម្លាំងជំនាញ, អាជ្ញាធរមានសមត្តកិច្ច បានសហការគ្នារុករកប្រមូលមកពីតាមតំបន់នានាទាំង០៧ភូមិនៃឃុំតាលោ ខាងលើនេះ ខណៈដែលប្រជាពលរដ្ឋធ្វើស្រែចំការប្រទះឃើញនាពេលកន្លងមកចំនួនតូច ហើយអាជ្ញាធរមានសមត្ថកិច្ចនិងមន្រ្តីបច្ចេកទេសរកឃើញជាបន្តបន្ទាប់ ហើយបានប្រគល់ឲ្យមន្រ្តីអង្កការ(ហេលឡូត្រាស) យកទៅដើម្បីធ្វើការកម្ទេចតាមនិតិវិធី ក្នុងនោះកបានធ្វើការផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្រែងប្រទះឃើញនៅថ្ងៃក្រោយៗទៀតនោះ ត្រូវតែផ្ដល់ព័ត៌មានមកអាជ្ញាធរមានសមត្ថកិច្ចកុំខាន ៕ ប៉ឹម ពិន