ភ្នំពេញ៖ លោក ចាង អិុឈីន ដែលអ្នកលេងបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុកស្គាល់ថាជាគ្រូរ៉េបភាសាចិនល្បីឈ្មោះបានបង្ហាញវត្តមានដ៏គួរឲ្យភ្ញាក់ផ្អើលក្នុង កម្មវិធីក្រុងពាលីថតខ្សែភាពយន្តថ្មីរបស់ផលិតកម្ម Red Picture កាលពីពេល ថ្មីៗនេះ។ ខ្សែភាពយន្តដែលលោកចូល សម្តែងគឺរឿង”អាតួកូនឪ”ដែលជាស្នាដៃ និពន្ធដឹកនាំរឿងដោយនាយពែកមី ហើយគ្រូបង្រៀនភាសាចិនរូបនេះរំពឺងថាទស្ស និកជននឹងចូលរួមគាំទ្រនិងលើកទឹកចិត្តលោកជាមួយស្នាដៃលើកដំបូងនេះ។
ក្រោយពីទទួលការគាំទ្រពីទស្សនិកជននិងសិស្សានុសិស្សដោយការបង្រៀនភាសាបែបចង្វាក់រ៉េបគ្រូភាសាចិនល្បីឈ្មោះចង់បង្កើនកេរ្តិ៍ឈ្មោះថែមទៀតក្នុងវិស័យភាពយន្តក្រោយមានឱកាសបង្ហាញខ្លួនលើក ដំបូង។គ្រូបង្រៀនភាសាចិនរូបនេះនិយាយថា ការបង្រៀនភាសាចិន បែបចង្វាក់រ៉េប មានភាពកំប្លុកកំប្លែងប្រកបដោយគំនិតច្នៃប្រឌិនគឺជាអ្វីដែលអ្នកដឹកនាំរឿងមើលឃើញក្នុងវីដេអូឃ្លិប ហើយជ្រើសរើសលោកឱ្យសម្ដែងភាពយន្តលើកដំបូង។ លោកថាក្នុងរឿងដំបូងនេះលោកនឹងត្រូវសម្តែងជាតួ អង្គអ្នកសួរចម្លើយអ្នកទោលក្នុងគុកដោយតម្រូវឲ្យលោកច្រៀងរ៉េចរាប់ឈ្មោះអ្នកទោលក្នុងគុកដែលជាឈុតឆាកកំប្លែងក្នុងផ្ទៃរឿងខាងលើ។ លោកមិនទាន់ហ៊ានដាក់ក្តីរំពឹងខ្ពស់យ៉ាងណានៅឡើយទេគឺរងចាំទស្សនិកជនជាអ្នកដាក់ពិន្ទុចុះប៉ុន្តែលោកជឿជាក់ខ្លួនឯងថាការសម្តែងខ្សែភាពយន្តមិនមែនជាឧបសគ្គសម្រាប់លោកឡើយគឺលោកអាចធ្វើវាបាន។
លោក ចាង អុិឈិន បង្ហាញក្ដីសប្បាយរីករាយនៅពេលអ្នកដឹកនាំរឿងផ្ដល់ឱកាសឱ្យលោកសម្ដែងភាពយន្តលើកដំបូង។ លោកបន្តថាទោះជាគ្មានបទពិសោធន៍ថតកុនពីមុនមក ក៏ប៉ុន្តែលោកនឹងព្យាយាម សម្ដែងឱ្យបានល្អតាមដែលអាចធ្វើ ព្រោះសិល្បៈគឺជាអ្វីដែលលោកស្រលាញ់ និង ចូលចិត្តតាំងពីតូចមកម្ល៉េះ។យ៉ាងណាក៏ដោយគ្រូបង្រៀនរ៉េបភាសាចិនរូបនេះជឿជាក់ថាភាពយន្ត”អាតួកូនឪ” ដែលលោកបានសម្ដែងលើកដំបូងនឹងទទួលការចាប់អារម្មណ៍ច្រើនពីទស្សនិកជនព្រោះសាច់រឿងល្អនិងចូលរួមសម្ដែងដោយតារា ល្បីៗ។
លោក ចាង អិុឈីន ជាអតីតគឺជាគ្រូ បង្រៀនភាសាចិននៅឯសាលាចិន ហេង តុង។ ពេលនេះលោកគឺជានាយកសាលា ភាសាចិន អុិឈីន ដែលស្ថិតនៅក្រុងតាខ្មៅ ខេត្តកណ្តាល។ លោកគ្រូទទួលការកោតសរសើរជាខ្លាំងពីគំនិតច្នៃប្រឌិតនៃវិធីសាស្រ្តថ្មីបង្រៀនភាសាចិនឆាប់ចេះតាមរយៈការបញ្ចូលសំឡេងបទភ្លេងចង្វាក់រ៉េបបែបហ៊ីបហប់ ដើម្បីច្រៀងបង្រៀនភាសាចិនដល់ សិស្សឲ្យរៀនឆាប់ចេះឆាប់ចាំល្បីពេញ បណ្ដាញសង្គម Facebook និង Youtube ហើយពេលនេះកំពុងល្បីដល់ប្រទេសចិនដោយសារមានទូរទស្សន៍ល្បីមួយនៅ ប្រទេសចិនមកធ្វើបទសម្ភាសន៍ពីវិធីសាស្ត្របង្រៀនរបស់លោកផងដែរ។ លោកក៏មានគម្រោងបង្កើតវិធីសាស្ត្រក្នុងការ បង្រៀនថ្មីដើម្បីកុំឲ្យសិស្សធុញទ្រាន់នឹងការរៀនផងដែរ ៕ វឌ្ឍនា