ភ្នំពេញ៖ បុរសម្នាក់បានបាត់បង់ជីវិតយ៉ាងអាណោច អាធ័ម បន្ទាប់ពីជិះម៉ូតូ១គ្រឿងម៉ាក SUZUKI NEX ពាក់ស្លាកលេខ ភ្នំពេញ 1HJ-5641 ក្នុងល្បឿនលឿន និងបានព្យាយាមវ៉ាជែងរថយន្ត១គ្រឿងមិនចាំម៉ាក បណ្ដាលឲ្យទាក់ដៃចង្កូត រេចង្កូតចូលទៅផ្លូវម្ខាងទៀត រួចជ្រុលទៅបុកផ្ទុបជាមួយរថយន្តម៉ាក MERCEDES ពាក់ស្លាកលេខ កម្ពុជា SP.28.28 ដែលកំពុងបើកបរក្នុងទិសដៅបញ្ច្រាសគ្នាយ៉ាងពេញទំហឹង។
គ្រោះថ្នាក់ដ៏រន្ធត់នេះ បណ្ដាលឲ្យម្ចាស់ម៉ូតូស្លាប់ភ្លាមៗនៅកន្លែងកើតហេតុ ខណៈរថយន្ត និងម៉ូតូរងការ ខូចខាតយ៉ាងដំណំ បង្កការភ្ញាក់ផ្អើលដល់ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ទីនោះយ៉ាងខ្លាំង។
ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង៥៖៣០នាទីល្ងាច ថ្ងៃទី១៧ ខែឧសភា ឆ្នាំ២០២៦ ស្ថិតនៅតាមបណ្ដោយផ្លូវថៃហ្គ័រ ក្នុងសង្កាត់ព្រែកឯង ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានចុះមកធ្វើការវាស់វែង និងយករថយន្តព្រមទាំងម៉ូតូទៅរក្សាទុក រង់ចាំដោះស្រាយតាមនីតិវិធីច្បាប់នៅពេលក្រោយ។ ចំណែកសពជនរងគ្រោះ ត្រូវបានសមត្ថកិច្ចធ្វើលិខិតប្រគល់ជូនសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី។
សូមបងប្អូនអ្នកបើកបរទាំងអស់ បង្កើនការប្រុងប្រយ័ត្ន និងគោរពច្បាប់ចរាចរណ៍ ជាពិសេសកុំវ៉ាជែងក្នុងស្ថានភាពគ្រោះថ្នាក់ ដើម្បីជៀសវាងសោកនាដកម្មដ៏គួរឲ្យសោកស្តាយបែបនេះ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច