ព័ត៌មានទាន់ហេតុការណ៍៖

ស្រុកចំនួន៣ក្នុងខេត្តតាកែវរងផលប៉ះពាល់ដោយសារជំនន់ទឹកភ្លៀង

ចែករំលែក៖

ខេត្តតាកែវ ៖ នារសៀលថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦នៅសាលប្រជុំសាលា ស្រុកបាទី លោក ឡាយ វណ្ណៈ អភិបាល ខេត្តតាកែវបានដឹកនាំប្រជុំវាយតម្លៃស្ថានភាពទឹកជំនន់ ព្រមទាំងផលប៉ះពាល់ក្នុង ស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ដោយមានការចូលរួមពីអភិបាលស្រុកទាំង ៣មន្ទីរជំនាញ និងអាជ្ញាធរពាក់ព័ន្ធ ព្រមទាំងចុះពិនិត្យដោយផ្ទាល់តាមបណ្តោយ ផ្លូវជាតិលេខ៣ ផ្លូវលេខ១២២ និងតាម បណ្តាឃុំមួយចំនួនដែលប៉ះពាល់ដោយ ជំនន់ទឹកភ្លៀងនេះ ។

លោកអភិបាលខេត្តតាកែវ បានណែនាំ ដល់អាជ្ញាធរ ស្រុក ឃុំនិងមន្ទីរជំនាញពាក់ព័ន្ធត្រូវយកចិត្តទុកដាក់តាមដានស្ថានភាពទឹកជំនន់យ៉ាងម៉ត់ចត់បំផុតដើម្បីងាយ ស្រួលក្នុងការចាត់វិធានការអន្តរាគមន៍ ជួយសង្គ្រោះបានទាន់ពេលវេលាក្នុងករណីចាំបាច់ណាមួយ ។

លោក ឡាយ វណ្ណៈ ក៏បានផ្តាំផ្ញើដល់ បងប្អូនប្រជាពលរដ្ឋត្រូវមានការប្រុងប្រយ័ត្នខ្ពស់លើចរន្តអគ្គិសនីសត្វអាសិរពិស ជា ពិសេសយកចិត្តទុកដាក់កុមារតូចៗ ហើយត្រូវមានអនាម័យក្នុងការរស់នៅជៀសវាង កើតមានជំងឺផ្សេងៗ ។

សូមបញ្ជាក់ថាជំនន់ទឹកភ្លៀងនេះកើតឡើងដោយសារមានភ្លៀងធ្លាក់ជាបន្តបន្ទាប់ បណ្តាលឱ្យបាក់ទំនប់ស្វាយក្នុងស្រុកគង ពិសី ខេត្តកំពង់ស្ពឺ ដែលផ្ទុកទឹកចំនួន៨លាន ម៉ែត្រគូប ជាហេតុធ្វើឱ្យមានទឹកជំនន់នៅខេត្តកំពង់ស្ពឺ និងហូរកាត់ផ្លូវជាតិលេខ៣ ធ្លាក់មកភូមិសាស្ត្រស្រុកបាទី សំរោង និងស្រុកត្រាំកក់ បណ្តាលឱ្យប៉ះពាល់ដល់ ផ្លូវថ្នល់ ផ្ទះសំបែង សត្វពហនៈ និងស្រូវ របស់ប្រជាពលរដ្ឋមួយចំនួន ប៉ុន្តែពុំទាន់ មានការខូចខាត និងបាត់បង់អាយុជីវិត មនុស្សសត្វនៅឡើយទេ ៕ ជីសូរកា

ngfr7uf-copy


ចែករំលែក៖