ព័ត៌មានទាន់ហេតុការណ៍៖

ខេត្តព្រះសីហនុ៖ ចោរវាយប្លន់ម្តាយនិងកូនយកលុយនិងគ្រឿងអលង្ការពេលជិះម៉ូតូពីកន្លែងធ្វើការមកផ្ទះ

ចែករំលែក៖

ខេត្តព្រះសីហនុ៖ ស្ត្រីម្នាក់និងកូន ប្រុសត្រូវចោរវាយប្លន់យកលុយ និងគ្រឿងអលង្ការរួចគេចខ្លួនដោយសុវត្ថិភាព កាល ពីវេលាម៉ោង៧និង១០យប់ថ្ងៃទី១៩ ខែ តុលា ឆ្នាំ២០១៦ នៅក្រុម១១ ភូមិ៣ សង្កាត់លេខ២ ក្រុង-ខេត្តព្រះសីហនុ ។

នគរបាលក្រុងព្រះសីហនុបានឲ្យដឹង ថា ស្ត្រីរងគ្រោះដែលចោរប្លន់ឈ្មោះ ស៊ឹម ស្រីណា អាយុ៣៥ឆ្នាំ ជាបុគ្គលិកបម្រើការ ក្នុងហាងបរទេស រីឯកូនប្រុសឈ្មោះ នាង ឌីណា ជាសិស្ស រស់នៅភូមិ-សង្កាត់កើត ហេតុខាងលើ ។

ស្ត្រីរងគ្រោះនៅព្រឹកថ្ងៃទី២០ ខែតុលា បានទៅដាក់ពាក្យបណ្តឹងនៅនគរបាលប៉ុស្តិ៍ សង្កាត់លេខ២ដោយបានប្រាប់សមត្ថកិច្ចថា ចោរបានប្លន់យកលុយរបស់គាត់ចំនួន៧០ដុល្លារ និងខ្សែកប្លាទីនមួយខ្សែមាន ទម្ងន់៨ជី៥ហ៊ុន ព្រមទាំងកាបូបមួយផង។

ស្ត្រីរងគ្រោះបានរៀបរាប់ថា មុនពេលកើតហេតុគាត់បានជិះម៉ូតូចេញពីកន្លែងធ្វើការមកផ្ទះ ហើយពេលមកដល់មុខផ្ទះស្រាប់តែមានជនសង្ស័យ២នាក់ជិះម៉ូតូ១គ្រឿងបានប្រតាយប្រតប់យកកាបូបលុយរបស់គាត់និងខ្សែក ។ ពេលនោះគាត់បានស្រែក ឆោឡោឡើងឮទៅដល់កូនប្រុសឈ្មោះ នាង ឌីណា ដែលនៅក្នុងផ្ទះរត់មកជួយតែត្រូវជនសង្ស័យទាញកូនកាំបិតចាក់បណ្តាលឲ្យរងរបួសលើសៀតផ្កាផ្នែកខាងឆ្វេងត ែម្តង។ ចំណែករូបគាត់ពេលដែលប្រតាយប្រតប់នោះត្រូវជនសង្ស័យវាយជាច្រើន ដំបងបណ្តាលឲ្យរងបួស ទើបក្រុមចោរប្លន់ នាំគ្នាគេចខ្លួនបាត់អស់។

បើតាមស្ត្រីរងគ្រោះបានបញ្ជាក់ថា ក្រុម ជនសង្ស័យមានមាឌស្គមតែគាត់ពុំបានឃើញមុខជនសង្ស័យទាំង២នាក់នោះទេ ព្រោះជនសង្ស័យបានពាក់ស្បោងដល់ត្រឹមកដូចគ្នា ។

ជុំករណីប្លន់ខាងលើនេះត្រូវបានគេ សន្និដ្ឋានថា ជនសង្ស័យនិងស្ត្រីរងគ្រោះអាចជាមនុស្សស្គាល់គ្នា ហើយបានតាមស្ត្រី រងគ្រោះយូរមកហើយដែរ។ ប្រការដែល គេសន្និដ្ឋានដូច្នេះព្រោះជនសង្ស័យទាំង២ នាក់បានប្រើស្បោងបិទមុខបំណងមិនឲ្យស្ត្រីរងគ្រោះស្គាល់ពួកគេ ។

បើទោះជាមានការសន្និដ្ឋានយ៉ាងនេះក្តីករណីប្លន់ជាបន្តបន្ទាប់និងកក្រើកនៅ ក្រុង-ខេត្តព្រះសីហនុនេះកម្លាំងសមត្ថកិច្ចបាននិងកំពុងរឹតបន្តឹងសន្តិសុខ ខណៈគេ ដឹងថា នៅខេត្តព្រះសីហនុបច្ចុប្បន្នមាន កាស៊ីណូធំប្រមាណជិត២០កន្លែង ។

ប្រជាពលរដ្ឋបានលើកឡើងថា ល្បែងស៊ីសងអាចជាបច្ច័យនាំឲ្យមានបទល្មើសលួចប្លន់ជាបន្តបន្ទាប់នាពេលនេះនៅខេត្តព្រះសីហនុ ៕ ឆ្លាមសមុទ្រ

 


ចែករំលែក៖