ខេត្តមណ្ឌលគិរី ៖ រថយន្ដដឹកប្រេងសាំងមកពីវៀតណាមជាង១០គ្រឿងត្រូវបានគេសង្ស័យថា ជាប្រេងគេចពន្ធនាំចូលតាមច្រកទ្វារទ្វេភាគីកម្ពុជា-វៀតណាមដាក់ដាំ ។
យោងតាមសេចក្តីរាយការណ៍បានឲ្យដឹងនៅថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ថា យ៉ាងហោចណាស់មានរថយន្ដដឹកប្រេងសាំងមកពីប្រទេសវៀតណាមចូលតាម ច្រកទ្វារទ្វេភាគីដាក់ដាំចំនួនជាង១០គ្រឿង ដែលគេសង្ស័យថាជាប្រេងគេចពន្ធ។ ទោះជាយ៉ាងណាគេនៅមិនទាន់ដឹងច្បាស់ថារថយន្ដដឹកប្រេងទាំងនោះមានច្បាប់ឬ អត់ច្បាប់នៅឡើយទេ ។
លោក សៀក មុន្នី ប្រធានច្រកទ្វារដាក់ ដាំបានឲ្យដឹងថា រថយន្ដដឹកសាំងទាំងនោះ ជារបស់ក្រុមហ៊ុនឌីធីស៊ីមានអាជ្ញាប័ណ្ណ បង់ពន្ធនាំចូលត្រឹមត្រូវដោយបង់ពន្ធនៅ អគ្គនាយកដ្ឋានគយ និងរដ្ឋាករ ។ ចំពោះ ការនាំចូលនេះ លោកបានដឹងថា មានតែ ៨ឡានទេ ដែលចូលមកហើយការបង់ពន្ធ របៀបម៉េចទាល់តែគយទើបបានដឹង ។
ចំណែក លោក សំ សុវណរិទ្ធ ប្រធាន សាខា គយ និងរដ្ឋាករប្រចាំខេត្តមណ្ឌលគិរី នៅពេលភ្នាក់ងារយើងទូរស័ព្ទសុំការបំភ្លឺ ចំនួន៣ដងទើបលោកទទួលហើយឆ្លើយ ថា លោកច្រឡំលេខហើយទូរស័ព្ទរកអ្នក ណា លុះពេលសួរថា រកលោក សំ សុវណ្ណរិទ្ធ មេគយប្រចាំខេត្តមណ្ឌលគិរី លោកតបវិញថាមិនមែនទេរួចចុចបិទតែម្ដង ៕ ហេង សូរិយា