ព័ត៌មានទាន់ហេតុការណ៍៖

រកឃើញសិស្សស្រី៣នាក់​ដែលបាត់ខ្លួនពេលចេញទៅរៀនគួរ

ចែករំលែក៖

ខេត្តកំពង់ចាម៖ សិស្សស្រីវ័យជំទង់ ដែលបានបាត់ខ្លួនកាលពីល្ងាចថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៦ គ្រាដែលពួកនាងជិះកង់ចេញពីផ្ទះទៅរៀនគួរភាសាអង់គ្លេស ហើយមិនឃើញត្រឡប់មកផ្ទះវិញ រហូតដល់ថ្ងៃទី២១ ខែតុលា ឆ្នាំ២០១៦នេះ សមត្ថកិច្ច និងអាណាព្យាបាលបានរកពួកនាងឃើញនៅឯរាជធានីភ្នំពេញ និងបាននាំនាងត្រឡប់ទៅលំនៅឋានវិញហើយ ។

លោកថុល ម៉េង នាយរងការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជននៃស្នងការដ្ឋាននគរបាល ខេត្តកំពង់ចាមបានឲ្យដឹងថា សិស្សស្រីទាំង៣នាក់មានៈ ១-សេន សូនីតា អាយុ១៣ឆ្នាំ, ២-ផុន ភត្រ្តា អាយុ១៤ឆ្នាំ និង៣- ផូយ គឹមឡាង អាយុ១៥ឆ្នាំ ។ ទាំង៣នាក់មានទីលំនៅភូមិកោះកុក«ក» ឃុំកោះមិត្ត ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។ លោកបានបន្តថា នៅរសៀលថ្ងៃទី១៧ ខែតុលា ក្មេងស្រីទាំង៣នាក់បានជិះកង់ចេញពីផ្ទះដើម្បីមករៀនគួរភាសាអង់គ្លេសនៅភូមិកោះរកា តែតាមការពិត ពួកនាងមិនចូលរៀនចប់ម៉ោងទេ គឺទុកកង់នៅកន្លែងរៀនគួរ ហើយនាំគ្នាធ្វើសក់ ផាត់មុខ នៅហាងគឹមឡាង ក្បែរសាលារៀននោះ ។

ពេលធ្វើសក់រួច ពួកនាងបានឲ្យមិត្តភក្តិប្រុស២នាក់ និងស្រីម្នាក់យកម៉ូតូឌុបពួកនាងជូនមកក្រុងកំពង់ចាម រួចអ្នកជូនត្រឡប់ទៅធ្វើការវិញ ។ ចំណែកពួកនាងនាំគ្នាដើរលេងមើលការតាំងពិព័រណ៍ ក្នុងឱកាសបុណ្យអុំទូក រហូតយប់ជ្រៅ ពួកនាងមិនហ៊ានត្រឡប់ទៅផ្ទះវិញ ក៏ជួលបន្ទប់ស្នាក់នៅ(មិនស្គាល់ផ្ទះសំណាក់)អស់មួយយប់ទៅ ។

លុះព្រឹកឡើង ថ្ងៃទី១៨ ខែតុលា ពួកនាងបានជិះរថយន្តឈ្នួលទៅភ្នំពេញ ជួលបន្ទប់ស្នាក់នៅជិតផ្សារដើមគ រាជធានីភ្នំពេញ ក្នុងតម្លៃ១ខែ៥០ដុល្លារ តែពួកនាងគ្មានលុយ ទើបយកខ្សែករបស់ភត្រ្តា ទៅលក់បាន១០០ដុល្លារ ។

បន្ទាប់មកពួកនាងទាំង៣នាក់ បាននាំគ្នាស្នាក់នៅទីនោះរហូតដល់ថ្ងៃទី២០ ខែតុលា នៅវេលាល្ងាច សមត្ថកិច្ច និងអាណាព្យាបាលរបស់ពួកនាងបានទៅរកឃើញកន្លែងស្នាក់នៅ ក៏បានឲ្យបងប្អូននៅរាជធានីភ្នំពេញទៅយកពួកនាងមកទុកនៅផ្ទះបងប្អូន រង់ចាំឪពុកម្តាយពួកគេទាំងអស់គ្នាមកទទួល ។ នៅថ្ងៃទី២១ ខែតុលា ឪពុកម្តាយពួកនាង និងសមត្ថកិច្ចខេត្តកំពង់ចាម បានទទួលពួកនាងត្រឡប់ទៅផ្ទះវិញ ។

នៅចំពោះមុខសមត្ថកិច្ចពួកនាងមិនបានបញ្ជាក់ថា តើមាននរណាជាអ្នកនាំនាងទាំងអស់គ្នាទៅភ្នំពេញ ហើយដើម្បីអ្វីនោះដែរ គឺពួកនាងៗទាំង៣នាក់បានត្រឹមតែអង្គុយយំ គ្មានវាចានឹងថ្លែង ។

ពាក់ព័ន្ធនឹងករណីបាត់ក្មេងស្រីទាំង៣នាក់នេះ សមត្ថកិច្ចសន្និដ្ឋានថា ពុំមានពាក់ព័ន្ធទៅនឹងបទល្មើសពង្រត់ ឬការនាំចេញអនីតិជនដោយខុសច្បាប់នោះទេ ប៉ុន្តែដោយពួកនាងទាំង៣នាក់ជាក្មេងទំនើង ក្មេងស្ទាវភ្លើតភ្លើន ដូចមមាចមិនស្គាល់ភ្លើង ។ យ៉ាងណាក៏ដោយ ឪពុកម្តាយពួកគេបានអរគុណចំពោះសមត្ថកិច្ច ពីព្រោះថា បើបណ្តែតបណ្តោយពេលបន្តិចទៀត ពួកនាងៗ អាចនឹងគ្រោះថ្នាក់ ៕ នួន នរិន្ទ្រន៍

 

img-20161022-wa0000 img-20161022-wa0001


ចែករំលែក៖