ព័ត៌មានទាន់ហេតុការណ៍៖

គ.ជ.ប.៖រយៈពេល៥១ថ្ងៃប្រជាពលរដ្ឋបានទៅចុះឈ្មោះបោះឆ្នោតជាង៦លាននាក់

ចែករំលែក៖

ភ្នំពេញ ៖ ប្រជាពលរដ្ឋកម្ពុជាជាងពាក់កណ្តាលហើយ ក្នុងចំណោមប្រជាពលរដ្ឋ ដែលមានសិទ្ធិចុះឈ្មោះបោះឆ្នោតជិត១០ លាននាក់ បានទៅចុះឈ្មោះបោះឆ្នោតបើទោះបីរយៈពេលប៉ុន្មានថ្ងៃចុងក្រោយ នេះនៅតាមតំបន់នៃបណ្តាខេត្តមួយចំនួនមានភ្លៀងធ្លាក់ខ្លាំង និងជន់លិចក៏ដោយ នោះ ។ យោងតាមសេចក្តីជូនដំណឹងរបស់គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ដែលបានចេញនៅថ្ងៃទី២១នេះ បានឲ្យដឹងថា ប្រជាពលរដ្ឋខ្មែរជាងប្រាំមួយលានមួយសែននាក់បានទៅចូលរួមចុះឈ្មោះបោះឆ្នោតក្នុងរយៈពេល៥១ថ្ងៃនេះ ក្នុង ចំណោមប្រជាពលរដ្ឋជិត១០ លាននាក់ ដែលមានអាយុគ្រប់សម្រាប់ការចុះឈ្មោះបោះឆ្នោតក្នុងឆ្នាំ២០១៧ និង២០១៨ខាងមុខនេះ ។

សេចក្តីជូនដំណឹងរបស់ គ.ជ.ប.បាន ឲ្យដឹងថា ចាប់ពីថ្ងៃទី១ កញ្ញាដល់ថ្ងៃ ទី២១ ខែតុលា ឆ្នាំ២០១៦នេះ មានប្រជា ពលរដ្ឋ ខ្មែរទាំង១.៦២៩ឃុំ-សង្កាត់លើ ២៥ខេត្ត-រាជធានី និងក្រុងចំនួន ៦.១២៤.១៤៩នាក់ ក្នុងនោះមានស្ត្រី ចំនួន៣.១៨២.៣២៦.៧៦៨នាក់បានមកចុះឈ្មោះបោះឆ្នោត ។ សូម រំលឹកថា ការចុះឈ្មោះបោះឆ្នោតឆ្នាំថ្មីនេះគឺតាម រយៈប្រព័ន្ធកុំព្យូទ័រ ហើយការចុះឈ្មោះ តាមរយៈបច្ចេកទេស ទំនើបនេះនឹង មិនមានឈ្មោះស្ទួនដូចកាលគ្រាមុនៗ នោះឡើយ ហើយមិនតែប៉ុណ្ណោះការចុះឈ្មោះថ្មីនេះក៏មានការជឿជាក់ខ្លាំងពី សំណាក់របស់បងប្អូនប្រជាពលរដ្ឋ និង មជ្ឈដ្ឋានជាតិ និងអន្តរជាតិផងដែរ ។

បើតាមលោក ស៊ិក ប៊ុនហុក ប្រធាន គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានឲ្យដឹងកាលពីពេលកន្លងទៅថា ដំណើរ នៃការចុះឈ្មោះបោះឆ្នោតនា ពេលនេះមានការគាំទ្រ និងឧបត្ថម្ភពី សហភាពអឺរ៉ុប និងប្រទេសជប៉ុនទាំង បច្ចេកទេសជំនាញនិងសម្ភារជាដើម ។ តែទោះយ៉ាងណាក៏ដោយ លោកបញ្ជាក់ ថា គ.ជ.ប. ក៏នៅមានបញ្ហា មួយចំនួនដែរ ដូចជាបញ្ហាបញ្ជូនឈ្មោះអ្នកបោះឆ្នោតមកកាន់ការិល័យ គ.ជ.ប. ព្រោះថា ប្រព័ន្ធ ទូរស័ព្ទភ្ជាប់អីុនធើណេតក្នុងប្រទេសកម្ពុជា នៅមានកម្រិតនៅតាមតំបន់មួយចំនួននៅឡើយ ។ ប្រទេសកម្ពុជានឹងធ្វើការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់នាខែមិថុនា ឆ្នាំ២០១៧ខាងមុខ នេះ និងបោះឆ្នោតសកលឆ្នាំ២០១៨ ដែល នឹងមានគណបក្សជាច្រើនចូលរួម ប្រកួតប្រជែង ។ សម្រាប់អ្នកដែលគ្រប់អាយុចុះឈ្មោះបោះឆ្នោតនៅឆ្នាំ២០១៦នេះគឺមានចំនួន៩.៦៦៤.២១៦នាក់ ។ ម្ចាស់ជំនួយ បានលើកឡើងថា ការចុះឈ្មោះបោះឆ្នោតថ្មីនេះនឹងប្រព្រឹត្តទៅដោយមានភាពរលូន តម្លាភាព និងអព្យា ក្រឹតភាព ។ ការលើក ឡើងយ៉ាងដូច្នេះគឺដោយសារការចុះឈ្មោះ នាពេលនេះតាមរយៈប្រព័ន្ធបច្ចេកវិទ្យាទំនើប ។ ការចុះឈ្មោះបោះឆ្នោតថ្មីនេះមានរយៈពេលបីខែ គឺចាប់ពីថ្ងៃទី១ ខែកញ្ញា ដល់ថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០១៦ នេះ ហើយបើតាម មន្ត្រីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតបានអះអាងថា មានប្រជាពលរដ្ឋខ្មែរដែលគ្រប់អាយុចុះឈ្មោះជិត១០លាននាក់ ៕ ហេង សូរិយា

14813628_725755534242819_829529631_n


ចែករំលែក៖