ខេត្តបាត់ដំបង៖ ទាហានថៃបានមកចាប់ខ្លួននាយរងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន ប៉ុស្តិ៍អូរអន្លួក ដែលស្ថិតក្នុងឃុំតាសែន ស្រកកំរៀង ខេត្តបាត់ដំបង ដោយសង្ស័យជាប់ព័ន្ធករណីជួញដូរគ្រឿងឆ្លងដែន ។
សេចក្តីរាយការណ៍ដដែលបានបន្តថា ទាហានកងរយលេខ៥២២ របស់ថៃ ឈុតខ្មៅ បានឃាត់ខ្លួនលោកអនុសេនីយ៍ទោ ជា ឧបទេវរិទ្ធ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦ វេលាម៉ោង១៦និង៤០នាទី ។
ប្រភពបន្តថា ការចាប់ខ្លួននេះ បន្ទាប់ពីទាហានឈុតខ្មៅថៃ ចាប់ខ្លួនបុរសម្នាក់ ហើយឆែកឆេរឃើញថ្នាំញៀនប្រភេទគ្រាប់១៤៩គ្រាប់ ។ ជនជាតិថៃម្នាក់នោះ បានឆ្លើយថា ថ្នាំញៀនទាំងនេះ បានយកពីក្នុងកែបម៉ូតូរបស់ឈ្មោះ ជា ឧបទេវរឹទ្ធ នាយរងប៉ុស្តិ៍ច្រកទ្វារតំបន់ព្រំដែន ប៉ុស្តិ៍អូរអន្លួក ដែលបញ្ឈរចតទុកនៅមុខផ្សារសួនស៊ុំ ស្ថិតក្នុងសួនស៊ុំ ឃុំសុតន់ ស្រុក សយដាវ ខេត្តចាន់បូរី ប្រទេសថៃ ។
ប្រភពបន្តថា ពេលនោះ ឈ្មោះ ជា ឧបទេវរឹទ្ធ ចេញពីក្នុងផ្សារសួនស៊ុំ ក៏ត្រូវទាហានកងរយឈុតខ្មៅថៃចាប់ខ្លួនតែម្តង ដោយចោទពីបទធ្វើចរាចរណ៍សារធាតគ្រឿងញៀនឆ្លងដែន ។
ប្រភពបញ្ជាក់ថា ក្រុមថៃបានចាប់លោកជា ឧបទេវរឹទ្ធ ដោយគ្មានវត្ថុតាងនៅនឹងខ្លួន ហើយបច្ចុប្បន្នកំពុងឃុំខ្លួននិងបន្តស្រាវជ្រាវ ៕ ថាច់ យ៉ាត