ខេត្តសៀមរាប៖ យុវជនចំនួន២ក្រុមប្រដាប់ទៅដោយដាវសាំម៉ូរ៉ាយបានដេញវាយកាប់គ្នាដូចរឿងចិនហុងកុងនៅមុខសណ្ឋាគារសុខាថ្មី ស្ថិតតាមបណ្ដោយផ្លូវ៦០ម៉ែត្រ ដែលផ្តើមចេញពីទំនាស់ ជាលទ្ធផលអ្នកចាញ់ដេកពេទ្យអ្នកឈ្នះជាប់ទ្រុង ។
ហេតុការណ៍បង្ក្រាបនេះធ្វើឡើងនៅវេលាម៉ោង ១៨និង០០នាទី ថ្ងៃទី២៣ ខែតុលា ឆ្នាំ២០១៦នៅមុខសណ្ឋាគារសុខាថ្មីតាមបណ្ដោយផ្លូវ៦០ម៉ែត្រក្នុងភូមិ ចុងកៅស៊ូ សង្កាត់ស្លក្រាម ក្រុងសៀមរាប ។
លោកវរសេនីយ៍ឯក ទិត្យ ណារ៉ុង អធិការនគរបាលក្រុងសៀមរាប បានឲ្យដឹងថា ជនរងគ្រោះនៅក្នុងករណីហិង្សាខាងលើនេះ មានឈ្មោះ មួន វាសនា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិវាល សង្កាត់គោកចក ក្រុង-ខេត្តសៀមរាប ជាសិស្ស ត្រូវបានជនសង្ស័យកាប់ត្រូវ ០២ចំកន្លែង បោះដៃផុតខាងស្តាំ ០១កន្លែង និងត្រូវម្រាមដៃស្ដាំ០១កន្លែងទៀត ហើយជនរងគ្រោះត្រូវបានបញ្ជូនទៅជួយសង្គ្រោះនៅមន្ទីរពេទ្យភ្លាមៗផងដែរ ។ ចំណែកភាគីម្ខាងទៀត ក្រោយពេលកើតហេតុ កម្លាំងនគរបាលក្រុងសៀមរាប បានឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្សពួក ០៣នាក់ បញ្ជូនទៅសាកសួរ ។
លោកអធិការនគរបាលក្រុងបានបន្តថា ជនសង្ស័យមានឈ្មោះ វ៉ូ មករា ប្រុស អាយុ ១៧ឆ្នាំ រស់នៅភូមិវិហារចិន សង្កាត់ស្វាយដង្គុំ ក្រុង-ខេត្តសៀមរាប រីឯជនសង្ស័យក ០២នាក់ទៀតសមត្ថកិច្ចកំពុងស្រាវជ្រាវ ។
បច្ចុប្បន្នជនសង្ស័យនិងវត្ថុតាងត្រូវបានសមត្ថកិច្ចនគរបាលក្រុងបានរៀបចំសំណុំរឿងបញ្ជូនទៅកាន់ការិយាល័យនគរបាលជំនាញដើម្បីចាត់ការតាមច្បាប់ ៕ ជានិរន្ដរ៍