ខេត្តកំពង់ឆ្នាំង ៖ ឈើគ្រញូងចំនួន១៨១ដុំ ត្រូវបានសមត្ថកិច្ចនគរបាលសេដ្ឋកិច្ច ប្រដេញស្ទាក់ចាប់បានក្នុងពេលដែលឈ្មួញដឹកឈើបានដាក់ឈើបង្កប់ក្នុងរថយន្ត ឡិចស៊ីស RX300 ធ្វើដំណើរឆ្លងកាត់ពីតាមផ្លូវជាតិលេខ៥ ។
ការឃាត់រថយន្តដឹកឈើនេះ គឺធ្វើឡើងកាលពីវេលាម៉ោងរំលងអធ្រាត្រ ឈានចូលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅចំណុចស្ពានសាបអង្កាម ស្ថិតក្នុងភូមិបន្ទាយព្រាល ឃុំប្រស្និប ស្រុករលាប្អៀរ ខេត្តកំពង់ឆ្នាំង ។
សមត្ថកិច្ចបានឲ្យដឹងថា រថយន្តដឹកឈើគ្រញូង ដែលប្រដេញចាប់បាននេះ ជាប្រភេទរថយន្ត ឡិចស៊ីស ពណ៌ខ្មៅ ពាក់ស្លាកលេខ ភ្នំពេញ ២Q-១២១៨ ធ្វើដំណើរពីទិសពោធិ៍សាត់ ឆ្ពោះទៅរាជធានីភ្នំពេញ ។
សមត្ថកិច្ចបានអោដឹងថា នៅមុនពេលកើតហេតុគឺមានបណ្តាញរបស់សមត្ថកិច្ចបានផ្តល់ព័ពត៌មានថា មានរថយន្តពីរគ្រឿង ជារថយន្តបាឡែន និង រថយន្តលុចស៊ិស បានដឹកឈើក្រញូងចេញពីទឹកដីទិសពោធិសាត់ ឆ្ពោះទៅរាជធានីភ្នំពេញ ។ ក្រោយពីទទួលបាននូវព័ត៌មាននេះ សមត្ថកិច្ចនគរបាលសេដ្ឋកិច្ចបានដាក់កម្លាំងតាមគោលដៅដើម្បីពួនស្ទាក់រថយន្តខាងលើ នៅពេលរថយន្តដែលមានភិនភាគខាងលើនេះមកដល់ ចំណុចស្ពានសាបអង្គកាម សមត្ថកិច្ចបានប្រដេញព័ទ្ធចាប់តែម្តង ភ្លាមៗនោះអ្នកបើកបររថយន្តដឹកឈើក្រញូងបានចុះរត់គេចខ្លួនតែម្តង ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចបានយករថយន្តដឹកឈើគ្រញូងមកទុកនៅស្នងការដា្ឋននគរបាលកខេត្តកំពង់ឆ្នាំង ឈើគ្រញូងដែលាក់ទុកក្នុងរថយន្តមានចំនួន១៨១ដុំ ស្មើនិង៣៥១គីឡូក្រាម ស្មើនឹង០,៤៤២ម៉ែត្រគូប ។
ចំពោះឈើគ្រញូងទាំងអស់ត្រូវបានប្រគល់ឲ្យរដ្ឋបាលព្រៃឈើ ចំណែកឯរថយន្ត រក្សាទុកនៅស្នងការដ្ឋាននគរបាលខេត្តកំពង់ឆ្នាំង ដើម្បីចាត់ការបន្តតាមនីតិវិធី ៕ ចន្ថា