ខេត្តកំពង់ស្ពឺ៖ ជនសង្ស័យចំនួន២នាក់ត្រូវបានកម្លាំងនគរបាលស្រុកភ្នំស្រួចធ្វើការឃាត់ខ្លួនខណៈដែលក្រុមជនសង្ស័យធ្វើសកម្មភាព លួចកាប់ដើមប្រេងខ្យល់ របស់ក្រុមហ៊ុន(CJ)បានសម្រេចម្តងហើយ ញ៉ាមមកកាប់ម្តងទៀតត្រូវបានមេការក្រុមហ៊ុនប្តឹងនគរបាល។
ការឃាត់ខ្លួនជនសង្ស័យលួចកាប់ដើមប្រេងខ្យល់ បានធ្វើឡើងកាលពីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ នៅចំណុចក្នុងក្រុមហ៊ុន (CJ) ស្ថិតនៅក្នុងភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច ខេត្តកំពង់ស្ពឺ។
នគរបាលស្រុកភ្នំស្រួចបាននិយាយឲ្យដឹងថានៅមុនពេលឃាត់ខ្លួនក្រុមជនសង្ស័យខាងលើ នៅវេលាម៉ោង៧និង១០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ ឈ្មោះ ឈុំ សុខកេង ភេទប្រុស អាយុ៤៨ឆ្នាំ មុខរបរជាមេការក្រុមហ៊ុនស៉ីចេ(CJ) រស់នៅក្នុងភូមិទី៤ ឃុំត្រែងត្រយឹង ស្រុកភ្នំស្រួច បានប្តឹងរាយការណ៍ថា មានសង្ស័យចំនួន២នាក់ មិនស្គាល់អត្តសញ្ញាណ បានធ្វើសកម្មភាពលួចកាប់ដើមប្រេងខ្យល់ក្នុងក្រុមហ៊ុន នៅចំណុចភូមិមានសិរី ឃុំដំបូករូង ស្រុកភ្នំស្រួច។
នគរបាលស្រុកភ្នំស្រួចបានបន្តឱ្យដឹងថា ក្រោយទទួលបានព័ត៌មាន និងពាក្យបណ្តឹងពីមេការក្រុមហ៊ុនរួចមក កម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូករូង សហការជាមួយប្រជាការពារ និង មេការក្រុមហ៊ុន បានចុះទៅដល់ទីតាំងក្រុមហ៊ុននៅវេលាមម៉ោង៩និង២០នាទីយប់ថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០២៦ បានឃាត់ជនសង្ស័យចំនួន២នាក់៖ ទី១-ឈ្មោះ ង៉ាល កាត់ ភេទប្រុស អាយុ៤២ឆ្នាំ និង២-ឈ្មោះ សូ ឌី ភេទប្រុស អាយុ៣២ឆ្នាំ អ្នកទាំង២នាក់ រស់នៅក្នុងភូមិសហគមន៍ ឃុំភក្តី ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ កំពុងឈរនៅក្បែរគោយន្ដ និងគំនរដើមប្រេងខ្យល់ យកមកសាកសួរនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំដំបូករូង ។
ក្រុមជនសង្ស័យបានឆ្លើយសារភាពថាពួកខ្លួន ពិតជាបានកាប់ដើមប្រេងខ្យល់ខាងលើពិតប្រាកដមែន ហើយកន្លងមករូបខ្លួនធ្លាប់លួចកាប់បានចចចំនួន១ដង។ ក្រោយឃាត់ខ្លួនក្រុមជនសង្ស័យ នគរបាលស្រុកធ្វើការដកហូតសម្ភារៈវត្ថុតាង គោយន្តចំនួន១គ្រឿង កាំបិតផ្គាក់ចំនួន២ដើមដើមប្រេងខ្យល់ចំនួន១០៣ដើម។ (នៅលើគោយន្ដខ្លះ នៅចម្ការខ្លះ ប្រគល់ជូនម្ចាស់ដើមវិញ)។
នគរបាលស្រុកភ្នំស្រួចបញ្ជាក់ឲ្យដឹងថាក្រោយឃាត់ខ្លួនក្រុមជនសង្ស័យរួមជាមួយនឹងវត្ថុតាងនគរបាលបានកសាងសំណុំរឿងបញ្ជូនទៅការិយាល័យជំនាញនៃស្នងការដ្ឋាននគរខេត្តកំពង់ស្ពឺដើម្បីចាត់ការបន្តតាមផ្លូវច្បាប់ ៕

សារព័ត៌មាន នគរវត្ត តែងតែនាំមុខគេជានិច្ច