ភ្នំពេញ ៖ ជនសង្ស័យ២នាក់ធ្វើជាហៅម៉ូតូឌុបឲ្យឌុបខ្លួនពីចោមចៅមកម្តុំផ្សារស្ទឹងមានជ័យដោយឲ្យតម្លៃឈ្នួលដឹក២ម៉ឺនរៀលហើយពេលមកដល់ពាក់កណ្តាលផ្លូវក៏ធ្វើសកម្មភាពកាប់ប្លន់យកម៉ូតូហុងដាសេ១២៥ពណ៌ខ្មៅ សេ៊រីឆ្នាំ២០១៤បានសម្រេចហើយ តែពេលរត់គេចខ្លួន ក៏ត្រូវកម្លាំងនគរបាលប៉ុស្តិ៍ស្ទឹងមានជ័យសហការជាមួយកម្លាំង នគរបាលអន្តរាគមន៍ពិសេសរាជធានីភ្នំពេញបង្ក្រាបបានភ្លាមៗចំនួន២នាក់ ។
ហេតុការណ៍នេះបង្កឲ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង១០និង៣០នាទីយប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅតាមបណ្តោយ ផ្លូវបេតុង ភូមិភ្នាត សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ។
ជនរងគ្រោះមានឈ្មោះ ចិន ចំរើន ភេទ ប្រុស អាយុ៣១ឆ្នាំ មុខរបរជាអ្នករត់ម៉ូតូឌុប ស្នាក់នៅសង្កាត់-ខណ្ឌដង្កោ ។
ជនសង្ស័យទី១-ឈ្មោះ អោក វណ្ណា ភេទប្រុស អាយុ២៨ឆ្នាំ មុខរបរនិងទីលំនៅ មិនពិតប្រាកដ ទី២-ឈ្មោះ នេត គង់រិទ្ធី ភេទប្រុស អាយុ២២ឆ្នាំ ស្នាក់នៅផ្ទះជួល ភូមិថ្មគោល សង្កាត់ចោមចៅ ខណ្ឌពោធិ៍ សែនជ័យ រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មានពីសមត្ថកិច្ចប៉ុស្តិ៍ស្ទឹង មានជ័យបានឲ្យដឹងថា នៅថ្ងៃកើតហេតុ គឺមានជនរងគ្រោះបានមកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យថាមានគេប្លន់ម៉ូតូរបស់គាត់ម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៤ ពាក់ ស្លាកលេខ ភ្នំពេញ1CL-2122 បង្កឡើងដោយជន សង្ស័យទាំង២នាក់ខាងលើដែលបានហៅម៉ូតូរបស់គាត់ឲ្យឌុបពីរង្វង់មូលចោមចៅ ដឹកទៅម្តុំស្ទឹងមានជ័យក្នុងតម្លៃ២ម៉ឺន រៀល ។ ខណៈជិះមកដល់ជិតផ្សារត្រពាំង ថ្លឹង ស្រាប់តែជនសង្ស័យទាំង២នាក់នោះបានឲ្យគាត់ឈប់មួយភ្លែតដើម្បីចូលទៅយកខោអាវហើយបន្ទាប់ពីយកខោអាវ បានហើយក៏ឲ្យជនរងគ្រោះឌុបបន្តមកស្ទឹងមានជ័យ ។ លុះមកដល់ចំណុចកើតហេតុខាងលើជនសង្ស័យម្នាក់បានយកកាំបិតប៉័ងតោពីខ្នងយកមកគំរាមកាប់និងម្នាក់ទៀតបានទាញយកសោម៉ូតូ ។ ភ្លាមៗ នោះគាត់ ភ័យស្លន់ស្លោពេកក៏រត់ចោលម៉ូតូ ហើយ មកដាក់ពាក្យបណ្តឹងនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យ រួចលោក ម៉ៅ សាវឿន នាយនគរ បាលប៉ុស្តិ៍ស្ទឹងមានជ័យនិងលោកនាយរងប៉ុស្តិ៍ ឯម ភារី សហការជាមួយកម្លាំងនគរបាលអន្តរាគមន៍ពិសេសរាជធានីភ្នំពេញ បានចេញរុករកមុខចោរកាប់ប្លន់យ៉ាងសកម្មនៅក្នុងខណ្ឌមានជ័យនេះអស់រយៈពេល ជិត១ម៉ោង ទើបដឹងមុខ សញ្ញាក៏ឈានទៅ ដល់ការឃាត់ខ្លួនជនសង្ស័យ២នាក់ខាងលើយកមកទៅសួរនាំនៅប៉ុស្តិ៍នគរបាលស្ទឹងមានជ័យដើម្បីរកបក្ពួកជាបន្តទៀត ។
បើតាមការសារភាពរបស់ជនសង្ស័យទាំង២នាក់នោះបានប្រាប់ឲ្យដឹងថាពួកខ្លួនពិតជាធ្វើសកម្មកភាពាប់ប្លន់យកម៉ូតូរបស់ជនរងគ្រោះពិតមែនហើយខ្លួនបានធ្វើសកម្មនេះជាច្រើនដងហើយពួកពេលដែលប្លន់បានតែងយកទៅលក់ឲ្យបុរស២នាក់មានឈ្មោះ ផាន់ សារ៉ាន់ ភេទប្រុស អាយុ៣១ឆ្នាំ ជាកសិករ មានស្រុកកំណើតភូមិជើង កើប ឃុំជើងកើប ស្រុកកណ្ដាលស្ទឹង ខេត្ត កណ្ដាល និងម្នាក់ទៀតឈ្មោះ ម៉ៃ ស៊ីថា អាយុ២១ ជាកសិករ មានស្រុកកំណើត ជាមួយជនសង្ស័យខាងលើ ។ បន្ទាប់មក លោកនាយរងប៉ុស្តិ៍ឯម ភារី បានប្រើល្បិច ឲ្យជនទាំងពីរនាក់ទូរស័ព្ទហៅអ្នកទទួលទិញម៉ូតូនោះឲ្យមកយកម៉ូតូ១គ្រឿងទៀត ហើយអ្នកទទួលផលចោរកម្មនោះបានណាត់ជនសង្ស័យជាចោរឲ្យមកយកគេនៅម្តុំរោងចក្រស្រាបៀរកម្ពុជាស្ថិតក្នុង ខណ្ឌដង្កោ ។ ភ្លាមនោះលោកឯម ភារីបាន រាយការណ៍ទៅលោកម៉េង វិមានតារាអធិការរងខណ្ឌមានជ័យទទួលបន្ទុកព្រហ្ម ទណ្ឌដឹកនាំកម្លាំងទៅរង់ចាំស្ទាក់ចាប់់អ្នក ទទួលផល២នាក់ខាងលើបានទាំងយប់ តែម្តង ។
ជនសង្ស័យទាំង៤នាក់ត្រូវបានសមត្ថកិច្ចកសាងសំណុំរឿងបញ្ជូនទៅតុលាការដើម្បីចាត់ការទៅតាមនីតិវិធី ៕ តាឡឹម