ព័ត៌មានទាន់ហេតុការណ៍៖

ប្តីវាយប្រពន្ធត្រូវបានសមត្ថកិច្ចស្រុកកោះញែកឃាត់ខ្លួន

ចែករំលែក៖

ខេត្តរតនគិរី៖ បុរសម្នាក់ពាក់ព័ន្ធប្រើ ហិង្សាដោយចេតនា(មានស្ថានទម្ងន់ ទោស)លើប្រពន្ធត្រូវបានសមត្ថកិច្ចស្រុកកោះញែកឃាត់ខ្លួនកាលពីព្រឹកថ្ងៃទី២៤ ខែតុលា ឆ្នាំ២០១៦ នៅភូមិស្រែធំ ឃុំ សុខសាន ស្រុកកោះញែក ខេត្តមណ្ឌល គិរី។

លោកវរសេនីយ៍ទោ មាស ពៅបូរ៉ា ប្រធានការិយាល័យព្រហ្មទណ្ឌកម្រិតស្រាល នៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីបានបញ្ជាក់តាមទូរស័ព្ទនៅរសៀលថ្ងៃទី២៦ ខែតុលាឲ្យដឹងថាជនសង្ស័យត្រូវឃាត់ខ្លួនឈ្មោះរឿន រោង(ហៅរ៉ង)ភេទប្រុសអាយុ ២៥ ឆ្នាំជនជាតិទំពួនមានមុខរបរធ្វើចម្ការ រស់នៅភូមិខាងលើ ។

លោកបានបន្តថា ជនសង្ស័យខាងលើនេះបានសារភាពថានៅថ្ងៃកើតហេតុគេ ពិតជាបានឈ្លោះប្រកែកជាមួយប្រពន្ធហើយក៏ឈានដល់ប្រើអំពើហិង្សាដោយយក កាំបិតវែងកាប់ទៅលើប្រពន្ធបណ្តាលឲ្យ រងរបួសធ្ងន់។ រីឯកាប់បិតធ្វើសកម្មភាពខ្លួនយកទៅទម្លាក់ចោលនៅក្នុងទឹកទន្លេពេលឆ្លងទៅស្រុកកោះញែក ខេត្តមណ្ឌលគិរី។

លោកបានបន្ថែមទៀតថា ករណីហិង្សា នេះបានកើតឡើងកាលពីវេលាម៉ោង៦និង១០នាទីយប់ថ្ងៃទី១៦ ខែតុលា ឆ្នាំ២០១៦ ស្ថិតនៅក្នុងភូមិបាតាង ឃុំបាតាង ស្រុក លំផាត់ ខេត្តរតនគិរីតែសមត្ថកិច្ចទើបឃាត់ខ្លួននៅថ្ងៃខាងលើព្រោះជនសង្ស័យបាន រត់គេចខ្លួន។

តាមការបំភ្លឺរបស់ឈ្មោះ លូ ញែន ភេទ ស្រី អាយុ៣១ឆ្នាំ ជនជាតិទំពួន និងឈ្មោះ ជីង តុក ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិ ទំពួនអ្នកឃើញហេតុការឲ្យដឹង ថាឈ្មោះ រឿន រោងពិតជាបានឈ្លោះប្រកែកគ្នាជាមួយប្រពន្ធឈ្មោះជូត រី អាយុ២១ឆ្នាំហើយបានប្រើអំពើហិង្សាបណ្តាលឲ្យប្រពន្ធរងរបួសធ្ងន់ដល់សន្លប់នោះមែន។

បច្ចុប្បន្នជនសង្ស័យត្រូវបានសមត្ថកិច្ចឃាត់ខ្លួននៅការិយាល័យព្រហ្មទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាលខេត្តរតនគិរីដើម្បីកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តចាត់ការបន្ត ៕ វុទ្ធឦសាន

20161026_151651


ចែករំលែក៖