ក្រុងប៉ោយប៉ែត៖ កម្លាំងកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានចាប់ខ្លួនយុវជនម្នាក់ដែលចាក់ទៅលើយុវជនម្នាក់ឲ្យរបួសធ្ងន់ហើយបានបញ្ជូនទៅតុលាការនៅថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៦ ដើម្បីចាត់ការ តាមផ្លូវច្បាប់។
ករណីបង្ករបួសស្នាមដោយមានស្ថានទម្ងន់ទោសខាងលើនេះបានកើតឡើងកាលពីវេលាម៉ោង២យប់ថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅក្បែរស្ថានីយប្រេងម្តុំផ្លូវដើមពុទ្រាស្ថិតនៅភូមិក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ ហើយត្រូវជនបង្កបានចាប់ខ្លួននៅវេលាម៉ោង៩ និង៣០នាទីព្រឹកថ្ងៃទី២៦ ខែតុលា ឆ្នាំ២០១៦ នៅផ្លូវចូលកាស៊ីណូស្ថិតក្នុងភូមិ ក្បាលស្ពាន១ សង្កាត់-ក្រុងប៉ោយប៉ែត។
មន្ត្រីកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ជនដៃដល់ឈ្មោះ ឡា ចន្នី អាយុ១៧ឆ្នាំ រស់នៅភូមិ-សង្កាត់កើតហេតុ រីឯជនរងគ្រោះឈ្មោះឈិន ខារិន អាយុ២១ ឆ្នាំ មានស្រុកកំណើតនៅភូមិក្រមល់ ឃុំ រហាត់ទឹក ស្រុកមង្គលបុរី ខេត្តបន្ទាយមាន ជ័យ បច្ចុប្បន្នស្នាក់នៅបន្ទប់ជួលក្នុងភូមិ ក្បាលស្ពាន សង្កាត់-ក្រុងប៉ោយប៉ែត។
លោកវរសេនីយ៍ត្រី ជា ដា មេបញ្ជាការមូលដ្ឋានកងរាជអាវុធហត្ថក្រុងប៉ោយប៉ែតបានឲ្យដឹងថា ករណីឃាត់ខ្លួនជនសង្ស័យ ឈ្មោះ ឡា ចន្នីនេះ បន្ទាប់ពីជនរងគ្រោះ ឈ្មោះឈិន ខារិន បានប្ដឹង ។
ដោយឡែកលោកវរសេនីយ៍ត្រី ព្រហ្ម ថេង ប្រធានមន្ទីរយុត្តិធម៌បានប្រាប់ឲ្យដឹងដែរថា តាមចម្លើយរបស់ជនសង្ស័យបានសារភាពថា រូបគេពិតជាបានប្រើកាំបិត ស្នៀតចុងស្រួចចាក់ទៅលើជនរងគ្រោះឈ្មោះឈិន ខារិន នោះពិតមែន។ ការដែល ជាចាក់ជនរងគ្រោះ ព្រោះជនរងគ្រោះបានស្ទាក់ផ្លូវរបស់គេពេលដែលរូបគេចេញពីធ្វើការនៅកាស៊ីណូនាំឲ្យមានការប្រតាយប្រតប់គ្នា។ ពេលនោះខ្លួនគេក៏បានទាញ កាំបិតក្នុងកាបូបស្ពាយទុកសម្រាប់ការពារ ខ្លួនចាក់ទៅជនរងគ្រោះតែម្តង។
លោកបានបន្តថា ផ្អែកតាមចម្លើយសារ ភាពនិងយោងតាមការបំភ្លឺពីជនរងរបួសសមត្ថកិច្ចបានបញ្ជូនសំណុំរឿងករណី ហិង្សាដោយចេតនាមានស្ថានទម្ងន់ទោសនេះទៅតុលាការដើម្បីចាត់ការមន្ត៕ វណ្ណា