ភ្នំពេញ៖ សមត្ថកិច្ចខណ្ឌឬស្សីកែវ សហការជាមួយសមត្ថកិច្ចប៉ុស្តិ៍ស្វាយប៉ាក និងប្រជាការពារ បានធ្វើការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីមួយកន្លែង ព្រមទាំងបានដកហូតទូហ្គេមបាញ់ត្រី ១គ្រឿង និងទូបៀរ ១៦គ្រឿង កាលពីវេលាម៉ោង ៤និង៣០នាទីរសៀល ថ្ងៃទី២៨ ខែតុលា ឆ្នាំ២០១៦ ដែលស្ថិតនៅចំណុចផ្ទះលេខ២៩៣C ផ្លូវលំ ក្រុម៧ ភូមិលូ សង្កាត់ស្វាយប៉ាក ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ។
លោក ម៉ៅ ចាន់ថុន នាយរងផ្នែកទទួលបន្ទុកព្រហ្មទណ្ឌខណ្ឌ បានអោយដឹងថា នៅក្នុងប្រតិបត្តិការចុះបង្ក្រាបទីតាំងហ្គេមបាញ់ត្រីខាងលើនេះ ដោយមានការសម្របសម្រួលពីលោក ខាំ សុផារី ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ ហើយកម្លាំងសមត្ថកិច្ចយើង បានបើកប្រតិបត្តិការចុះបង្ក្រាបទីតាំងខាងលើ ស្រាប់តែពេលទៅដល់អ្នកកត់ពង និងសមាសភាពអ្នកលេងបានរត់គេចខ្លួនបាត់អត់ ដោយសារតែទីតាំងនេះ មានផ្លូវតូចចង្អៀត ហើយមិនអំណោយផលធ្វើអោយសមាសភាទាំងនោះ បានរត់គេចខ្លួនតាមទ្វារក្រោយបាត់អស់។
លោក ម៉ៅ ចាន់ថុន បានបន្តទៀតថា ក្រោយមក សមត្ថកិច្ចយើងបានធ្វើការដកហូតទូហ្គេមបាញ់ត្រី ១គ្រឿង និងទូបៀរចំនួន ១៦គ្រឿង យកមករក្សាទុកនៅអធិការខណ្ឌ។
ទីតាំងហ្គេមនៅក្នុងខណ្ឌឫស្សីកែវ ដែលត្រូវសមត្ថកិច្ចចាប់ខាងលើនេះបេីតាមប្រជាពលរដ្ឋបានឱ្យដឹងថានៅមានច្រេីនទៀតគ្រាន់តែក្រោយប៉ុស្ត៏ទទួលសង្កែមិនតិចជាង១០ទីតាំងនោះទេ។
បច្ចុប្បន្នសមត្ថកិច្ចខណ្ឌកំពុងធ្វើការស្រាជ្រាវរកម្ចាស់ទីតាំង ដើម្បីកសាងសំណុំរឿង បញ្ជូនទៅកាន់តុលាការចាត់ការបន្តតាមនីតិវិធីច្បាប់ ៕ អរុណរះ