ព័ត៌មានទាន់ហេតុការណ៍៖

កីឡាចំបាប់ គ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតជើងឯកអាស៊ីអាគ្នេយ៍នៅខែធ្នូនេះ

ចែករំលែក៖

ភ្នំពេញ៖ សហព័ន្ធ កីឡាចំបាប់កម្ពុជា គ្រោងរៀបចំព្រឹត្តិការណ៍ប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នាខែធ្នូឆ្នាំ២០១៦នេះ ដើម្បីពង្រឹងសមត្ថភាពកីឡាករកីឡាការិនីក៏ដូចជាមន្ត្រីបច្ចេកទេសមានចៅក្រម និងអាជ្ញាកណ្តាលរបស់ខ្លួនសម្រាប់ត្រៀមលក្ខណៈដ៏សំខាន់ក្នុងឆ្នាំ២០២៣ដែល ព្រះរាជាណាចក្រកម្ពុជាទទួលធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេមលើកទី៣២ ។ នេះជាការ លើកឡើងរបស់លោក ខេស៊ី បាណេន អនុប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាក្នុងឱកាសដែលលោកបានទទួលជួបពិភាក្សាការងារជាមួយលោកសាស្ត្រាចារ្យ Kittiposh Suchantabutr ជនជាតិថៃជាប្រធានសហព័ន្ធកីឡាចំបាប់ថៃនិងជាប្រធានសហព័ន្ធកីឡាចំបាប់អាស៊ីអាគ្នេយ៍នាពេលកន្លងទៅថ្មីៗនេះ ។

លោក ខេស៊ី បាណេន មានប្រសាសន៍ ថា គោលបំណងរបស់លោកគឺស្នើសុំឲ្យ ប្រធានសហព័ន្ធកីឡាចំបាប់អន្តរជាតិជួយបណ្តុះបណ្តាលគណៈកម្មការមន្ត្រីបច្ចេកទេស (ចៅក្រម និងអាជ្ញាកណ្តាល)ដល់ សហព័ន្ធកីឡាចំបាប់កម្ពុជា ខណៈដែល បច្ចុប្បន្នកម្ពុជាកំពុងដំណើរការនៃការប្រកួតកីឡាជាតិលើកទី១ និងធ្វើរាល់២ឆ្នាំម្តង ដើម្បីត្រៀមលក្ខណៈរៀបចំខ្លួនធ្វើម្ចាស់ផ្ទះការប្រកួតកីឡាចំបាប់ជើងឯកអាស៊ីអាគ្នេយ៍នាខែធ្នូឆ្នាំ២០១៦នេះនិងទិសដៅសម្រាប់ឆ្នាំ២០២៣ផង ។

លោក ខេស៊ី បាណេនបានសម្តែងនូវការស្វាគមន៍ចំពោះវត្តមានលោកសាស្ត្រាចារ្យ KittiposhSuchantabutr មកកម្ពុជា ដែលកន្លងមកលោកតែងតែជួយឧបត្ថម្ភគាំទ្រដល់សហព័ន្ធកីឡាចំបាប់កម្ពុជា ម្យ៉ាង ទៀតលោកសាស្ត្រាចារ្យតែងតែផ្តល់ឱកាស ឲ្យកីឡាករកីឡាការិនីចំបាប់កម្ពុជាបានទៅចូលរួមប្រកួតនិងហ្វឹកហាត់នៅប្រទេសថៃ ពិសេសភាគីថៃបានផ្តល់អាហារូបករណ៍សម្រាប់កីឡាករកីឡាការិនីកម្ពុជាច្រើន ប្រភេទកីឡាមិនថាតែកីឡាចំបាប់នោះទេ។

លោកអនុប្រធានសហព័ន្ធបានជម្រាបជូនភ្ញៀវថា ដើម្បីឲ្យសហព័ន្ធកីឡាចំបាប់ កម្ពុជាមានភាពចាស់ទុំរឹងមាំលើផ្នែកបច្ចេកទេសចៅក្រម និងអាជ្ញាកណ្តាលយើងចាំបាច់ត្រូវការអ្នកជំនាញការមកពីសហព័ន្ធកីឡាចំបាប់អន្តរជាតិជួយបណ្តុះបណ្តាលធនធានមនុស្សរបស់យើងឲ្យបានគ្រប់គ្រាន់ ទើបងាយស្រួលក្នុងការរៀបចំធ្វើម្ចាស់ផ្ទះ ព្រឹត្តិការណ៍កីឡាដ៍ធំប្រចាំតំបន់មួយនេះបានដោយងាយស្រួល។ ម្យ៉ាងវិញទៀតយើងចង់ប្រើធនធានមនុស្សរបស់យើងឲ្យបានច្រើនសម្រាប់ទិសដៅទៅឆ្នាំ២០២៣ផងដែរ។ជាមួយគ្នានោះដែរលោកសាស្ត្រាចារ្យ KittiposhSuchantabutr បានវាយ តម្លៃខ្ពស់ចំពោះការរីកចម្រើនលើប្រភេទ កីឡាចំបាប់ទាំងសម័យនិងបុរាណ ។

លោកបញ្ជាក់ថា បច្ចុប្បន្នកម្ពុជានៅក្រោមប្រទេសខ្លះក្នុងតំបន់ក៏ពិតមែន ប៉ុន្តែមិនមានន័យថារាល់ការប្រកួតសុទ្ធតែ ចាញ់នោះទេ ផ្ទុយទៅវិញកីឡាករកីឡាការិនីចំបាប់កម្ពុជាតែងតែដណ្តើមបានមេដាយពីលើឆាកអន្តរជាតិពិសេសក្នុងតំបន់ ។

លោកវ៉ាត់ ចំរើន ប្រធានសហព័ន្ធកីឡាចំបាប់កម្ពុជាធ្លាប់មានប្រសាសន៍ថាគោលដៅសំខាន់របស់យើងនាថ្ងៃអនាគតគឺ ឆ្នាំ ២០២៣ យើងធ្វើម្ចាស់ផ្ទះកីឡាស៊ីហ្គេម ។ ដូច្នេះហើយយើងត្រូវមានអាជ្ញាកណ្តាលឲ្យបានច្រើននាក់បន្ថែមទៀត ពីកម្រិត ១-២ យ៉ាងតិចក៏ត្រឹម១០នាក់ដែរ ។ ប៉ុន្តែអាជ្ញា កណ្តាលកម្រិតទី៣ចាប់ពី២០នាក់ឡើងទៅទើបយើងអាចគ្រប់គ្រងព្រឹត្តិការណ៍ កីឡាស៊ីហ្គេមបានល្អហើយបញ្ហាទាំងនេះក៏ត្រូវការឲ្យអាជ្ញាកណ្តាលទាំងអស់ចូលរួមធ្វើអាជ្ញាកណ្តាលថ្នាក់អន្តរជាតិឲ្យបានច្រើនដងទើបសហព័ន្ធអន្តរជាតិគេអាចដំឡើងកម្រិតអាជ្ញាកណ្តាលរបស់កម្ពុជាពីកម្រិតទី១រហូតដល់ទី៣បាន៕ សារីម

chombap


ចែករំលែក៖