ភ្នំពេញ ៖ នៅអគ្គបញ្ជាការដ្ឋាននា ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦មានបើកវគ្គបំប៉នរយៈពេលខ្លីមួយ ដើម្បីបញ្ជ្រាបចំណេះដឹងអំពីការរៀបចំលិខិតបទដ្ឋានជូនដល់នាយទាហានជាន់ខ្ពស់មកពី១៩ស្ថាប័នចំណុះ អគ្គបញ្ជាការដ្ឋាន ដោយមានអ្នកចូលរួម ចំនួន១៩៤រូប ។
នៅពេលព្រឹកមានវាគ្មិនពីររូបបានធ្វើ បទបង្ហាញជូនវគ្គនេះទី១ “របៀបប្រើ វណ្ណ យុត្តយុគលពិន្ទុ (០ៈ) ក្នុងភាសាខ្មែរ” ដោយលោកឧត្តមសេនីយ៍ទោ អឿ សាវ៉ន នាយកសាលាកងរាជអាវុធហត្ថនិងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ និងទីពីរ “របៀបប្រើពាក្យក្នុងភាសាខ្មែរ” ដោយ លោកសាស្ត្រាចារ្យ ទូច គឹមស្រ៊ាង ប្រធានសមាគមទ្រទ្រង់អក្សរសាស្ត្រនិងវប្បធម៌ខ្មែរ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ។
ដើម្បីឱ្យមានឯកភាពលើការសរសេរពាក្យការអានពាក្យ ការបង្កើតពាក្យ និង កម្ចីពាក្យនៅក្នុងភាសាខ្មែរ រាជរដ្ឋាភិបាលបានសម្រេចឱ្យយកសំណេរអក្ខរាវិរុទ្ធតាម “វចនានុក្រមខ្មែរ” របស់សម្តេចព្រះសង្ឃ រាជជួនណាតផ្សាយដោយពុទ្ធសាសន បណ្ឌិត គ.ស. ១៩៦៧ ជាគោលក្នុងការ ប្រើប្រាស់ជាទូទៅ ។
វចនានុក្រមនេះមានការពន្យល់ពាក្យចំនួន១៨.០០៣ពាក្យ ដែលក្នុងនោះមានភាសាខ្មែរសុទ្ធចំនួន១២.២៨៨ពាក្យ ភាសាបាលី-សំស្ក្រឹតចំនួន៣.៣០៧ពាក្យ ភាសាបាលីសុទ្ធចំនួន១.២៣៥ពាក្យ ភាសាសំស្ក្រឹតសុទ្ធចំនួន៥៤១ពាក្យ ភាសាថៃចំនួន៣៨៨ពាក្យ ភាសាបារាំង ចំនួន៨២ពាក្យ ភាសាចិនចំនួន៨១ពាក្យ ភាសាវៀតណាមចំនួន៤២ពាក្យ ភាសា ឡាវចំនួន៣៥ពាក្យ និងភាសាឥណ្ឌាចំនួន ៤ពាក្យ ។ នៅពេលរសៀលខ្ញុំ (ឧត្តម សេនីយ៍ឯក ម៉ម សំ) ជានាយកខុទ្ទកាល័យ អគ្គបញ្ជាការ នាយរងសេនាធិការចម្រុះ និងជាសមាជិកក្រុមប្រឹក្សាជាតិភាសាខ្មែរ ធ្វើ បទបង្ហាញអំពី “លិខិតបទដ្ឋាន” ដោយផ្តោតសំខាន់ទៅលើការរៀបចំនិងតាក់តែងលិខិតរដ្ឋបាល ។ លិខិតរដ្ឋបាល គឺជាលិខិតស្នាម ដែលបេសកៈ (អ្នកផ្ញើ) បានរៀបចំជាលាយ លក្ខណ៍អក្សរថ្លែងទៅកាន់គម្យជន (អ្នក ទទួល) ជារូបវន្តបុគ្គលក្តី ឬនីតិបុគ្គលក្តី នៅក្នុងក្របខ័ណ្ឌផ្លូវការដែលទាក់ទិនទៅនឹងការគ្រប់គ្រងក្រសួង កងឯកភាព ឬ ស្ថាប័នរបស់ខ្លួន តាមបែបបទមួយមាន សណ្តាប់ធ្នាប់ត្រឹមត្រូវ ៕ សុខដុម