ព័ត៌មានទាន់ហេតុការណ៍៖

បុរស​២នាក់​ជិះម៉ូតូលឿន ខណៈកំពុងភ្លៀងជ្រុល​ទៅ​បុក​​រថយន្ត​​ចត​ចោល​តាម​ផ្លូវ​រងរបួស​ធ្ងន់​ម្នាក់ និងម្នាក់ទៀត​ស្លាប់

ចែករំលែក៖

ភ្នំពេញ៖ បុរសម្នាក់បានស្លាប់ ពេលបញ្ជូនទៅដល់មន្ទីរពេទ្យ និងម្នសក់ទៀតរងរបួសធ្ងន់ បន្ទាប់ពីពួកគេបានជិះម៉ូតូមួយគ្រឿងឌុបគ្នាលឿន ខណៈកំពុងភ្លៀងហើយជ្រុលទៅបុករថយន្តដែលចតចោលតាមផ្លូវ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីវេលាម៉ោង១១និង៤០នាទី ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០១៦ នៅមុខរោងចក្រ ស្រាបៀរក្រោន តាមបណ្តោយផ្លូវវេងស្រេង ក្នុងភូមិត្រពាំងថ្លឹងសង្កាត់ចោមចៅខណ្ឌពោធិ៍សែនជ័យ ។

បុរសដែលរបួសធ្ងន់ធ្ងររហូតដល់ស្លាប់នៅមន្ទីរពេទ្យត្រូវបានគេស្គាល់ឈ្មោះ គង់ ឌី ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរបុគ្គលិក ក្រុមហ៊ុន ហុងដា ស្រុកកណើតនៅភូមិដំណាក់ឃុំពេជ្រជលសា ស្រុកកោះអណ្តែត ខេត្តតាកែវ និងអ្នករួមដំណើរម្នាក់ទៀត មិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះទេ ដោយបើកបរម៉ូតូម៉ាកហុងដាសេ១២៥ ពណ៌ខ្មៅ ពាក់ស្លាកលេខ កណ្ដាល ១P ៤០២៧ ។ ចំណែកឯម្ចាស់រថយន្តមិនត្រូវបានគេស្គាល់អត្តសញ្ញាណនោះឡើយ ដោយឃើញតែរថយន្តបង្កម៉ាកអ៊ីស៊ុយ ស៊ុយ ប្រភេទ យីឌុប(ផ្ទុកកុងតឺន័រ)ពណ៌ស ពាក់ស្លាកលេខ ពោធិ៍សាត់ ៣A.០៣៩៧។

តាមប្រភពព័ត៌មានពីកន្លែងកើតហេតុបានឲ្យដឹងថា នៅមុនពេលកើតហេតុ គេឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿងមានគ្នាពីរនាក់ធ្វើដំណើរតាមបណ្ដោយផ្លូវវេងស្រេងក្នុងទិសដៅពីលិចទៅកើតយ៉ាងលឿន ខណៈដែលមេឃកំពុងភ្លៀងរលឹមស្រិចៗ ។ លុះមកដល់ចំណុចកើតហេតុដោយវាក់អើនឹងរថយន្តមួយគ្រឿងដែលចតតាមដងផ្លូវក្នុងទិសដៅស្របគ្នាយ៉ាងអនាធិបតេយ្យក៏ជ្រុលទៅបុកពីក្រោយពេញទំហឹងបណ្តាលអោយជនរងគ្រោះជាអ្នកបើកបរបោកក្បាលបុកចំពីក្រោយរថយន្តបណ្តាលអោយបែកហូរឈាមស្រោចពេញខ្លួននឹងម្នាក់នៅពីក្រោយរងរបួសធ្ងន់។ បន្ទាប់មកគេឃើញមានរថយន្តសង្គ្រោះរបស់គ្លីនិកឯកជនមួយគ្រឿងមកដល់កន្លែងកើតហេតុហើយដឹកតែអ្នករួមដំណើរដែលរងរបួសធ្ងន់ស្រាលជាងទៅបាត់ទុកអ្នករងរបួសធ្ងន់ចោលនៅកន្លែងកើតហេតុ។

តាមប្រភពដដែលបានបន្តទៀតថា ក្រោយពីរថយន្ដសង្គ្រោះរបស់គ្លីនិកឯកជនដឹកជនរងគ្រោះម្នាក់ទៅហើយ គេក៏ឃើញរថយន្តសង្គ្រោះរបស់អង្គភាព៧១១ហៅ(ង៧០)ដឹកជនរងគ្រោះរងរបួសធ្ងន់ជាងគេទៅមន្ទីរពេទ្យព្រះកុសុមៈហៅមន្ទីរពេទ្យលោកសង្ឃ ដើម្បីព្យាបាល តែអកុសលបានដាច់ខ្យល់ស្លាប់នៅមន្ទីរពេទ្យបាត់ទៅហើយ ។

ក្រោយពីកើតហេតុ គេឃើញសមត្ថកិច្ចមូលដ្ឋានបានចុះទៅកន្លែងកើតហេតុដើម្បីធ្វើចរាចរណ៍ព្រមទាំងទំនាក់ទំនងនគរបាលចរាចរណ៍នៃស្នងការរាជធានីភ្នំពេញមកទទួលយកម៉ូតូជនរងគ្រោះនឹងរថយន្តបង្កហេតុទៅរក្សាទុក ដើម្បីរង់ចាំការដោះស្រាយនៅពេលក្រោយ។

តាមប្រភពដដែលបានរិះគន់ទៅលើអាជ្ញាធរពាក់ព័ន្ធមិនអើពើចំពោះរថយន្តដែលចតនៅតាមដងផ្លូវបង្កអោយមានគ្រោះថ្នាក់ជាញឹកញយនោះឡើយ ។ ទោះបីជារថយន្តដែលចតនៅកន្លែងកើតហេតុជាច្រើនគ្រឿងយ៉ាងណាក៏ដោយក៏ពុំដែលឃើញមានការបង្ក្រាបទប់ស្កាត់ជៀសវាងគ្រោះថ្នាក់សង្ស័យខ្លាចបុណ្យស័ក្ដិអ្នកមានអំណាចហើយមើលទៅទើបមិនហ៊ានធ្វើ ខណៈដែលមានគ្រោះថ្នាក់ជាច្រើនដងមកហើយ ៕ សុខាសែនជ័យ

image2 image1


ចែករំលែក៖